ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌល​យុត្តិធម៌​នៃ​តំបន់​អនាធិបតេយ្យ​ជាច្រើន​ក្នុង​ប្រទេស​កេនយ៉ា​ ជា​កន្លែង​សម្រាប់​ជន​រងគ្រោះ​បញ្ចេញ​មតិ


បុរស​ម្នាក់​ដើរ​នៅ​តាម​ផ្លូវ​ក្នុង​តំបន់ Mathare។ អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់​ និង​ឧក្រិដ្ឋកម្ម​បាន​ធ្វើ​ឲ្យ​ប៉ូលិស​បង្ក​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់​នេះ។
បុរស​ម្នាក់​ដើរ​នៅ​តាម​ផ្លូវ​ក្នុង​តំបន់ Mathare។ អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់​ និង​ឧក្រិដ្ឋកម្ម​បាន​ធ្វើ​ឲ្យ​ប៉ូលិស​បង្ក​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់​នេះ។

អ្នករស់នៅ​ក្នុង​ទី​លំនៅ​មិន​ផ្លូវ​ការ​របស់​ប្រទេស​កេនយ៉ា​ ដែល​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ស្ថិត​នៅ​ជាយ​ទី​ប្រជុំជន​ឬ​ជា​តំបន់​អនាធិបតេយ្យ ជា​ញឹកញយ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ប៉ូលិស​និង​អាជ្ញាធរ ពីព្រោះ​តែ​ស្ថានភាព​ផ្លូវ​ច្បាប់​មិន​ច្បាស់​លាស់​ និង​ការ​រំលោភ​បំពាន​នា​ពេល​កន្លង​មក។ សកម្មជន​ក្នុង​ប្រទេស​នេះ បាន​បើក​មជ្ឈមណ្ឌល​យុត្តិធម៌​សង្គម​ជា​ច្រើន ដែល​ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ថ្នាក់​មូលដ្ឋាន​ដើម្បី​ធ្វើ​ឲ្យ​ជន​រងគ្រោះ​អាច​បញ្ចេញ​មតិ​បាន។

នាង Ruth Mumbi បាន​ធំធាត់​នៅ​ក្នុង​តំបន់ Mathare ដែល​ជា​តំបន់​នៃ​លំនៅ​ក្រៅ​ផ្លូវ​ការ​មួយ​របស់​ប្រទេស​កេនយ៉ា ដែល​ជា​ធម្មតា​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​តំបន់​អនាធិបតេយ្យ​ ដែល​ប្រជាជន​ក្រីក្រ​និង​អ្នក​ដែល​មិន​មាន​ឯកសារ​ត្រឹមត្រូវ​រស់​នៅ​ ហើយ​ក៏​ជា​ទី​កន្លែង​ដែល​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ទីនោះ​ងាយរងគ្រោះ​ចំពោះ​ការ​រំលោភ​បំពាន​ ដោយសារ​តែ​ស្ថានភាព​ផ្លូវច្បាប់​របស់​ពួកគេ។

ប្អូន​ថ្លៃ​របស់​នាង Mumbi គឺ​លោក Stephen Gichuru បាន​បាត់បង់​ជីវិត​ដោយ​សារ​តែ​ស្ថានភាព​នេះ។

នាង Mumbi បាន​និយាយ​ថា៖ «Stephen Gichuru មាន​អាយុ​១៧ឆ្នាំ​និង​ជា​អ្នក​កាយ​សម្ព័ន្ធ។ ក្រោយ​មក​ប្អូន​ថ្លៃ​ខ្ញុំ​ត្រូវ​បាន​ធ្វើ​កំណត់ត្រា​ដោយ​ប៉ូលិស​មួយ​ចំនួន ដែល​មាន​ទីស្នាក់ការ​នៅ​ឯ​ទីស្នាក់ការ​ប៉ូលិស Huruma ថា​ជា​ក្មេង​ទំនើង​ដែល​បាន​ប្លន់​ប្រជាជន​ក្នុង​សហគមន៍។ លុះ​ដល់​មក​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៥ ប្អូន​ថ្លៃ​របស់​ខ្ញុំ​បាន​ដើរ​កាត់​មន្ត្រី​ប៉ូលិស​ពីរ​នាក់ ហើយ​គាត់​ត្រូវ​បាន​បាញ់​សម្លាប់​ ដោយ​ប៉ូលិស​ទាំង​ពីរ​នាក់​នោះ ទាំង​មិន​ដឹង​ថា ប្អូន​ថ្លៃ​របស់​ខ្ញុំ​ធ្វើ​អ្វី​នៅ​ក្នុង​ទីក្រុង Kiamaiko ឡើយ ពីព្រោះ​ពួកគេ​បាន​ព្រមាន​ប្អូន​ថ្លៃ​របស់​ខ្ញុំ​រួច​ទៅ​ហើយ ឲ្យ​ចាក​ចេញ​ទៅ​ឲ្យ​ឆ្ងាយ​ពី​សហគមន៍»។

លោក Gichuru គឺ​ជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​រាប់​រយ​នាក់​ ដែល​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា​ពី​សំណាក់​ប៉ូលិស​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ក្នុង​ប្រទេស​ កេនយ៉ា។

សកម្មជន​សិទ្ធិមនុស្ស​បាន​និយាយ​ថា មនុស្ស​ប្រហែល​៨០០នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ប៉ូលិស​នៅ​ក្នុង​អំឡុង​ពីរ​ឬ​បី​ឆ្នាំ​ចុងក្រោយ​នេះ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កេនយ៉ា លោក Eric Karaithe បាន​ចោទ​សួរ​លើ​តួលេខ​ដ៏​ខ្ពស់​នេះ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា​ការ​សម្លាប់​ដែល​ប្រព្រឹត្ត​ដោយ​ប៉ូលិស​ពិត​ជា​បាន​កើត​ឡើង​ប្រាកដ​មែន។

លោក Kiraithe បាន​ថ្លែង​ថា៖ «វា​ជា​ការ​ពិត​ដែល​ជន​សង្ស័យ​បាន​ស្លាប់​ក្នុង​ដៃ​ប៉ូលិស។ ប៉ុន្តែ​ករណី​នីមួយៗ​គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​ទៅ​តាម​លក្ខណៈ​នៃ​ករណី​នោះ ​ដូចជា​តួលេខ​៨០០នេះ ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​ករណី​នីមួយៗ​ដែល​ពួកគេ​ត្រូវ​បាន​ធ្វើ​កំណត់ត្រា និង​មូលដ្ឋាន​នៃ​ករណី​នីមួយៗ​ឡើយ។ ខ្ញុំ​មិន​ចង់​បដិសេធ​តួលេខ​ដែល​ខ្ញុំ​មិន​អាច​មាន​លទ្ធភាព​សាក​សួរ​បាន​ទេ ប៉ុន្តែ​ជា​មូលដ្ឋាន​ ករណី​ឃាតកម្ម​នីមួយៗ គួរ​តែ​ដោះស្រាយ​ទៅ​តាម​លក្ខណៈ​នៃ​ករណី​នោះ។ នេះ​គឺ​ជា​ជំហរ​របស់​យើង»។

លោក Gacheke Gachehe ដែល​ជា​ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​យុត្តិធម៌​សង្គម​ Mathareបាន​ថ្លែង​ថា មជ្ឈមណ្ឌល​យុត្តិធម៌​សង្គម ស្វះស្វែង​ក្នុង​ការ​បំពេញ​ចន្លោះ​ខ្វះខាត​នៃ​ទិន្នន័យ។

លោក Gacheke Gacheke បាន​ថ្លែង​ថា៖ «យើង​សួរ​ខ្លួន​ឯង ប្រសិន​បើ​យើង​មិន​ធ្វើ​ដូច្នេះ ​មិន​បាន​មក​នៅ​ទីនេះ មិន​បាន​បង្កើត​ទីស្នាក់ការ​នៅ​ទី​នេះ និង​តាំង​ផ្ទាំង​រូបភាព​មួយ​ចំនួន​ទេ​នោះ ដែល​និយាយ​ថា​បញ្ឈប់​ការ​ដក​ប្រជាជន​ចេញ​ពី​សហគមន៍ តើ​នឹង​មាន​អ្វី​កើត​ឡើង? នេះ​នឹង​ក្លាយ​ជា​បញ្ហា​អចិន្ត្រៃយ៍។ ប្រសិន​បើ​យើង​មិន​ធ្វើ​សកម្មភាព​នោះ​ទេ យើង​នឹង​បាត់​បង់​មនុស្ស​មួយ​ជំនាន់​នេះពី​តំបន់ Kayole តំបន់ Mathare តំបន់ Dandora និង​តំបន់ Kibera តែ​ម្តង»។

របាយការណ៍​មួយ​របស់​មជ្ឈមណ្ឌល​យុត្តិធម៌​សង្គម Mathare ក្នុង​ឆ្នាំ​២០១៧ បាន​បញ្ជាក់​ថា ប៉ូលិស​បាន​សម្លាប់​បុរស​ចំនួន​១៥៦នាក់ ពី​ចន្លោះ​ខែ​មករា​ឆ្នាំ២០១៣ និង​ខែ​ធ្នូ​ឆ្នាំ២០១៦ នៅ​ក្នុង​តំបន់ Mathare។

លោក Kiraithe បាន​និយាយ​ថា វា​គឺ​គ្រោះថ្នាក់​សម្រាប់​ប៉ូលិស​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ ដែល​មាន​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់ អត្រា​មិន​គោរព​ច្បាប់​ខ្ពស់ និង​មាន​អំពើ​ហិង្សា​កើតឡើង​ជា​ធម្មតា។

លោក Kiraithe បាន​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​អាច​ប្រាប់​អ្នក​ក្នុង​នាម​ជា​មន្ត្រី​ប៉ូលិស​ម្នាក់​ថា បញ្ហា​ប្រឈម​នៃ​ការ​ល្បាត​នៅ​ក្នុង​តំបន់​របៀប​នេះ​មាន​ច្រើន​ណាស់។ បញ្ហា​អត្រា​គ្មាន​ការងារ​ធ្វើ បញ្ហា​ខ្វះ​ការ​តាំង​ទី​លំនៅ​ដោយ​មាន​របៀប​រៀប​រយ បរិយាកាស​នេះ​ផ្ទាល់​បាន​ធ្វើ​ឲ្យ​យុវជន​មាន​ឥរិយាបថ​មិន​ស្រប​នឹង​បទដ្ឋាន​ច្បាប់​និង​សង្គម​ ហើយ​អ្វី​ដែល​យើង​បាន​បណ្តុះ​បណ្តាល​ប៉ូលិស​ឲ្យ​អនុវត្ត និង​ស្នើ​សុំ​ឲ្យ​ពួកគេ​ធ្វើ​នោះ​ ទោះ​ជា​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ក៏​ដោយ ក៏​ប៉ូលិស​ត្រូវ​តែ​បំពេញ​ភារកិច្ច​ប្រកប​ដោយ​វិជ្ជាជីវៈ»។

មជ្ឈមណ្ឌល​យុត្តិធម៌​សង្គម​ជាង​១០០ នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ក្នុង​ប្រទេស កេនយ៉ា បាន​ទទួល​បណ្តឹង​តវ៉ា​ជា​ច្រើន​ជា​រៀង​រាល់​ថ្ងៃ​អំពី ការ​បៀតបៀន ការ​រំលោភ​បំពាន និង​អំពើ​ពុករលួយ។

មន្ត្រី​ផ្នែក​ទំនាក់​ទំនង​និង​ការ​ផ្សព្វផ្សាយ លោក Denis Oketch នៃ​អាជ្ញាធរ​ត្រួត​ពិនិត្យ​ប៉ូលិស​ឯករាជ្យ បាន​និយាយ​ថា ពួកគេ​ជួយ​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​ប្រព្រឹត្ត​ខុស​របស់​ប៉ូលិស។

លោក Oketch បាន​ថ្លែង​ថា៖ «អ្វី​ដែល​ក្រុម​ទាំង​អស់​នោះ​ធ្វើ​ដែរ​នោះ គឺ​ពួក​គេ​មាន​លទ្ធភាព​ក្នុង​ការ​ចង្អុល​បង្ហាញ​សាក្សី​ជា​ច្រើន​ឲ្យ​មក​កាន់​យើង និង​ដាក់​ពាក្យ​តវ៉ា​ជា​មួយ​នឹង​យើង នៅ​ពេល​ដែល​បណ្តឹង​តវ៉ា​ដាក់​ជូន​មក ពីព្រោះ​ក្រុម​ទាំង​នោះ​នៅ​ថ្នាក់​មូលដ្ឋាន ហើយ​ប្រជាជន​ថ្នាក់​មូលដ្ឋាន​ជឿ​ជាក់​លើ​ពួកគេ។ ពួកគេ​មាន​លទ្ធភាព​រាយការណ៍​ពី​អ្វី ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ដែន​យុត្តាធិការ​របស់​យើង ប៉ុន្តែ​បន្ទាប់​ពី​យើង​ទទួល​បាន​ព័ត៌មាន​ទាំង​នោះ​ពី​ពួកគេ​ យើង​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​មិន​ចំណុះ​ឲ្យ​ភាគី​ខាង​ក្រៅ​ណា​មួយ​ឡើយ»។

ប៉ុន្តែ​យុត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​ក្រីក្រ​និង​អ្នក​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ប្រទេស​កេនយ៉ា គឺ​តែង​តែ​មាន​ភាព​ស្មុគស្មាញ។

នៅ​ក្នុង​ករណី លោក Stephen Gichuhu អាជ្ញាធរ​ត្រួត​ពិនិត្យ​ប៉ូលិស​ឯករាជ្យ​ បាន​កំណត់​អត្តសញ្ញាណ​មន្ត្រី​ប៉ូលិស ដែល​ខ្លួន​ជឿជាក់​ថា​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ​ ប៉ុន្តែ​ករណី​មួយ​នេះ​បាន​ជាប់​គាំង​នៅ​ឯ​ការិយាល័យ​រដ្ឋ​អាជ្ញា​សាធារណៈ ហើយ​បី​ឆ្នាំ​ក្រោយ​មក​ នៅ​តែ​មិន​មាន​កាល​បរិច្ឆេទ​តុលាការ​ណា​មួយ​ត្រូវ​បាន​កំណត់​ឡើយ​ ហើយ​មន្ត្រី​ប៉ូលិស​ពីរ​រូប​នោះ​នៅ​តែ​បំពេញ​កាតព្វកិច្ច​ដដែល៕

ប្រែ​សម្រួល​ដោយ យូ សុធារី

XS
SM
MD
LG