ក្រសួង​អប់រំ​ណែនាំ​ឱ្យ​បង្ការ​សកម្មភាព​«មិន​ប្រក្រតី»​​អំឡុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ ឬ​ Valentine's Day

រូប​ឯកសារ៖ ផ្កា​​ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​​ទិវា Valentine's Day ឬ ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់នៅ​ផ្សារ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (Reuters)

អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​អប់រំ​​ថ្លែង​ប្រាប់​ VOA ថា Valentine's Day ​ត្រូវ​ «​សិស្សានុសិស្ស​ទូទៅ​មួយ​ចំនួន​ គាត់​យល់​ច្រឡំ​ថា​ បុណ្យ​នេះ​គឺ​ជា​ថ្ងៃបុណ្យ​សង្សារ ​​ឬ​មួយ​ក៏​ជា​ពេល​ដែល​ណាត់​ជួប​គ្នា​ផ្សេងៗ»។​

ខណៈ​ដែល​ថ្ងៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ឬ​ Valentine's Day​ ខិត​ជិត​មក​ដល់​ក្នុង​ពេល​មួយ​សប្តាហ៍​ខាងមុខ​ ក្រសួង​អប់រំ ​យុវជន​និង​កីឡា​បាន​ណែនាំ​ឱ្យ​បុគ្គលិក​និង​ស្ថាប័ន​ក្រោម​ឱវាទ​ខ្លួនធ្វើការ​ទប់​ស្កាត់​សកម្ម​ភាព​នានា​ ​ដែល​ខ្លួន​ចាត់​ទុក​ថា​មិន​«ប្រក្រតី»ដែល​អាច​កើត​មាន​ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ​នៅ​ថ្ងៃ​ទី​១៤​កុម្ភៈខាង​មុខ​នេះ។

សេចក្តី​ណែ​នាំ​របស់​ក្រសួង​អប់រំ ​ដែល​ចេញ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​សរសេរ​យ៉ាង​ដូច្នេះ៖​

«ទិវា​នេះ​ពុំ​មែន​ជា​ពិធី​បុណ្យ​ ប្រពៃណី​របស់​ជាតិ​ខ្មែរ​យើង​ទេ​ ហើយ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទិវា​បុណ្យ​ក្តី​ស្រឡាញ់​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើងៗ​ ធ្វើ​ឱ្យ​យុវជន​ភ្លើត​ភ្លើន​ ភ្លេច​ការ​សិក្សា​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ ​និង​ក្រុម​គ្រួសារ​ ​ប្រាស​ចាក​វប្បធម៌​ និង​ប្រពៃណី​ជាតិ​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​ទៀត​ផង»។

សេចក្តី​ណែនាំរបស់​ក្រសួង​អប់រំស្តី​ពី​ស្តី​ពី​វិធានការ​ទប់ស្កាត់«សកម្មភាព​មិន​ប្រក្រតី»នេះក៏​បាន​ណែនាំឱ្យ​ស្ថាប័ន​អប់រំ​រដ្ឋ​ និង​ឯកជន​ធ្វើការផ្សព្វ​ផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ​ កុំ​ឲ្យ​យល់​ខុស​ពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ​ពង្រឹង​សីលធម៌​ និង​វិន័យ​ ដោយ​តាម​ដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជា​ប្រចាំ​ អនុវត្ត​សកម្មភាព«មិត្ត​អប់រំ​មិត្ត»​និង​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​មាតា​ បិតា​ អាណា​ព្យាបាល​សិស្ស​ និង​សហគមន៍​ដើម្បី​ណែនាំ​ ​កែ​លម្អ​សកម្ម​ភាព​មិន​ប្រក្រតី​របស់​សិស្ស​ឲ្យ​បាន​ទាន់​ពេល​វេលា។​

លោក រស់ សុវាចា ​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ បាន​ប្រាប់ ​VOA ​ថា៖​

«ដូចរៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ​ ដែល​ជា​ទូទៅ​ប្រជាជន​នៅ​លើ​ពិភព​លោក​ហៅ​ថា ​ជា​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ​ ជា​ឱកាស​មួយ​ដែល​សិស្សានុសិស្ស​ទូទៅ​មួយ​ចំនួន​ គាត់​យល់​ច្រឡំ​ថា​ បុណ្យ​នេះ​គឺ​ជា​ថ្ងៃបុណ្យ​សង្សារ ឬ​មួយ​ក៏​ជា​ពេល​ដែល​ណាត់​ជួប​គ្នា​ផ្សេងៗ​ ប៉ុន្តែ​ទិវា​នេះ​គឺ​មិន​ស្ថិត​នៅ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​យើង​ទេ​ បាទ»។

ទាក់​ទិន​នឹង​សកម្ម​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ឬ​ Valentine's Day​ ​លោក រស់ សុវាចា​ បាន​បញ្ជាក់​យ៉ាង​ប្រយ័ត្នប្រយែង​យ៉ាង​ដូច្នេះ៖​

«បាទ ​សកម្មភាព​នេះ​ជាសកម្ម​ភាព​ទូទៅ ​ជា​យថាហេតុ​ណា​មួយ ​ដោយ​យើង​មិន​មាន​ជា​និយម​ន័យ​ច្បាស់​លាស់​នៅ​ក្នុង​នោះ​ទេ​ ប៉ុន្តែយ៉ាងណា​ ​ភាព​មិន​ប្រក្រតី​ដែល​នៅ​ក្នុង​លិខិត​នេះ​បាន​ចែងគឺ​សំដៅ​ទៅលើ​ទិដ្ឋភាព​ទូទៅ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ភាព​មិន​សមរម្យ​ណា​មួយ​ទាក់ទង​ទៅ​នឹង​សង្គម​ក៏​ដូច​ជា​នៅ​ក្នុង​ស្ថាប័ន​ក្តី​ នៅ​ខាង​ក្រៅ​ស្ថាប័ន​ក្តី​ដែល​ស្ថិត​នៅ​ស្ថិត​ក្រោម​ឱវាទ​របស់​ក្រសួង​ បាទ»។​

ទិវាបុណ្យ​នៃ​ក្តី​ស្រឡាញ់​ឬ Valentine's Day​ មាន​ភាព​ល្បី​ល្បាញ​ក្នុង​ពិភព​លោកជា​ពិសេស​ ​ក្នុង​ចំណោម​សិស្សានុសិស្ស។​ ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ឬ Valentine's Day ត្រូវ​បាន​គេ​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី១៤ ​ខែ​កុម្ភៈ​ ជា​រៀង​រាល់​ឆ្នាំ​ ​ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់​រវាង​គូរ​ស្នេហ៍​ មិត្ត​ភក្ដិ​ រួម​ទាំង​មាតាបិតា​ផង​ដែរ​ ដោយ​មាន​ការ​ជូន​បាច់​ផ្កា​ កាដូឬក៏​ស្ករ​សូកូឡា។

ក្រសួង​អប់រំយុវជន​ និង​កីឡា​ និង​ក្រសួង​នានាតែង​តែ​ចេញ​សេចក្តី​ណែនាំ​មុន​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ចូល​មក​ដល់​ ដើម្បី​បង្ការ​សកម្មភាព​នានា​ដែល​ក្រសួង​យល់​ថា​ ខុសប្រពៃណី​វប្បធម៌​ខ្មែរ។​

លោក ​ថៃ នរៈសត្យា​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ​បាន​និយាយ​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ថា ​ការ​អបអរ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ​មិន​មែន​តែ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ​ដោយ​សារឥទ្ធិពល​របស់​សាកលភាវូបនីយកម្ម​ ការ​ទទួល​យក​វប្បធម៌​ខ្លះៗ​របស់​ពិភព​លោក​គឺ​ជា​រឿង​ធម្មតា។ ​យ៉ាងណា​ក៏​ដោយលោក​បញ្ជាក់​ថា​ យុវជនគួរ​មាន​ស្មារតី​ភ្ញាក់​រឭក​ និង​គោរព​តាម​គោល​ការណ៍​ទំនៀម​ទម្លាប់​ខ្មែរ។​

លោក​បាន​បន្ត​ថា៖​

«យើង​គ្រាន់​តែ​មាន​ការ​ដាស់តឿន​ ក្រើន​រំឭក​គ្នាតែ​ប៉ុណ្ណឹង​ទេ​ថា ​កុំ​ធ្វើ​អ្វី​ឲ្យវា​លើស។​ ឥឡូវ​គេ​ច្រើន​និយាយ​ពាក្យ​លើស។​ កុំ​ធ្វើ​អ្វី​ឲ្យ​វា​ហួស​ រហូត​ទៅ​ដល់​ថា​វា​ហួស​អំពី​អ្វី​ដែល​សង្គម​កម្ពុជា​គេ​ទទួល​បាន ​ដូច​ជា​ប្រែក្លាយ​សេចក្តី​ស្រឡាញ់​ហ្នឹង​ឲ្យ​ទៅ​ជា​ការ​ណាត់​ជួប​គ្នាជា​របៀប​ខុស​ប្រពៃណី​ ខុស​ទំនៀម​ទម្លាប់​ អ៊ីចឹង​ទៅ»។​

ដោយឡែក​ ​អ្នក​ស្រី អ៊ុក ឆាយាវី​ ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ​កម្ពុជា​និយាយ​ថា ក្រសួង​អប់រំគួរ​តែ​មាន​វិធានការ​ផ្សេង​ទៀត​ឱ្យ​ច្បាស់​ជាង​នេះ​ ​ដោយ​សារ​តែ​វា​មិន​អាច​ការពារ​បាន​ទាំង​ស្រុង​នោះ​ទេ​ ទោះ​ជា​មាន​សេចក្តី​ណែនាំ​ដើម្បី​បង្ការ​ទង្វើ​មិន​ប្រក្រតី​របស់​សិស្សា​នុសិស្ស​អំឡុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ជា​រៀងរាល់​ឆ្នាំ​យ៉ាង​ណា​ក៏​ដោយ។​

«ខ្ញុំ​គិត​ថា​ ​រាល់​ឆ្នាំ​សារាចរ​របស់​ក្រសួង​ចេញ​អ៊ីចឹង​រាល់​តែ​ពេល​ហ្នឹង!​ ប៉ុន្តែ​សួរ​ថា​មាន​ឥទ្ធិពល​ទេ?​ អត់​មាន​ឥទ្ធិពល​ទេចា៎! ​ប៉ុន្តែ​ជាការល្អ​ហើយ​ដែល​ជួយ​កើន​រំឭក​ដល់​យុវជន​យើង​ណា៎!​ ​ក្នុង​នាម​ខ្ញុំ​បាន​ឃើញ​រាល់​តែ​ឆ្នាំ»។​

អ្នក​ស្រី​បាន​បន្ត​ថា៖​

«អ៊ីចឹង​គិត​ថា​ ក្រសួង​ត្រូវ​តែ​បង្វែរ​ការ​ហ្នឹង ​យក​កម្មវិធី​ហ្នឹងជា​កម្ម​វិធី​មួយ​ប្រឡង​ឬ​កម្មវិធី​អី​មួយ​ផ្សេង​ទៀត ​រក​វិធី​សាស្រ្ត​ដើម្បី​បង្វែរ​យុវជន​យើង​មក​វិញ។​ ​អា​ហ្នឹង​ខ្ញុំ​គិត​ថា​ វា​ល្អ​ប្រសើរជាង​គ្រាន់តែ​យើង​ចេញ​សារាចរ​បែប​ហ្នឹង»។​

ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ឬ​ Valentine's Day ​ដែល​មាន​ប្រភព​មកពីលោក​ខាង​លិច​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ស្ទើរ​តែ​ទូទាំង​ពិភព​លោក ​ដោយ​នៅ​ថ្ងៃ​ទី​១៤ខែ​កុម្ភៈ​ មនុស្ស​ម្នា​បាន​ឲ្យ​អំណោយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​រវាង​គ្នា​និង​គ្នា។ ​ដូចគ្នា​នោះ​ដែរ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​យុវជន​កម្ពុជា​កាន់​ច្រើន​ឡើងៗ​បាន​ចូលរួម​ប្រារព្ធ​ទិវា​នេះ​ផង​ដែរ​ដោយ​គេ​សង្កេត​ឃើញ​មាន​ការ​លក់​ផ្កា​កុលាប​ តុក្កតា​ ឬ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​យ៉ាងស្អេកស្កះ​ នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ៕