អ្នកស្រាវជ្រាវ​សុំ​ឱ្យ​មាន​ការយក​ចិត្ត​ទុកដាក់​លើ​ការ​សិក្សា​វិទ្យាសាស្រ្ត​និង​បច្ចេកទេស

វិស្វករ​​សម្រួល​​មនុស្ស​យន្ត​​ដែល​មាន​ឈ្មោះ​ថា «មនុស្ស​យន្ត​ដ៏​អស្ចារ្យ» "The Incredible Bionic Man" នៅ​សារមន្ទីរ Smithsonian National Air and Space ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី១៧​ខែតុលា ឆ្នាំ​២០១៣។

ភ្នំពេញ៖ កង្វះ​ព័ត៌មាន​អំពី​ការ​សិក្សា ​ព័ត៌មាន​អំពី​គោល​នយោបាយ ​និង​កង្វះ​លទ្ធភាព​ផ្តល់​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល ​គឺជា​កត្តា​ចម្បង​ដែល​ធ្វើ​ឱ្យ​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​នៅ​កម្ពុជា​នៅ​តែ​អន់ថយ​ជាង​ប្រទេស​ក្នុង​តំបន់។ នេះ​បើ​យោង​តាម​មន្ត្រី​ជំនាញ​នានា។

នៅ​ប្រទេស​កម្ពុជា ​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ​នៅ​មាន​កម្រិត​ដ៏​ទាប​នៅ​ឡើយ ​បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់។ តួយ៉ាង​ចំនួន​និស្សិត​ដែល​សិក្សា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ដូចជា​រូបវិទ្យា​ គីមីវិទ្យា​ ជីវវិទ្យា ​វិស្វកម្ម​និង​សំណង់ ​សុខភាព ​និង​កសិកម្ម​នៅ​ឆ្នាំ​២០១២ ​មាន​អត្រាត្រឹម​តែ​២៧​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​និស្សិត​សរុប​ប្រមាណ​៣០,០០០​នាក់។ អត្រា​នេះ​គឺ​ទាប​ខ្លាំង​ជាង​ចំនួន​និស្សិត​ដែល​សិក្សា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​សង្គម​ដូចជា​ច្បាប់ ​គណនេយ្យ ​គ្រប់គ្រង ​និង​ធនាគារ​ជា​ដើម។

ដោយ​ឡែក​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​ដូចជា​ឥណ្ឌូនេស៊ី ​មាន​អត្រា​និស្សិត​សិក្សា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ចំនួន​៣៣% ​ម៉ាឡេស៊ី ​៤៥​% ​និង​សឹង្ហបុរី ​រហូត​ដល់​ចំនួន​៥៣​%។ នេះ​បើ​តាម​របាយការណ៍​មួយ​របស់​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ (CDRI) ​នៅ​ឆ្នាំ​២០១២។

លោកស្រី ល្វីស អារ៉េន ​(Luise Ahrens) ​មន្ត្រី​សម្រប​សម្រួល​គម្រោង​របស់​អង្គការ​ម៉ារីណុល​ (Maryknoll) ​ដែល​ជា​អង្គការ​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អប់រំ ​ថ្លែង​ថា​អត្រា​និស្សិត​ដែល​សិក្សា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ទាប​ដោយ​សារ​កង្វះ​ព័ត៌មាន​អំពី​ការ​ជ្រើសរើស​មុខ​ជំនាញ​សិក្សា​និង​គោល​នយោបាយ​ឱ្យ​បាន​ច្បាស់លាស់​លើ​វិស័យ​នេះ។

«រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​ចាប់​អារម្មណ៍​និង​ផ្តល់​ព័ត៌មាន​ទាក់ទឹន​នឹង​មុខ​វិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ​នេះ​ដល់​សិស្ស ​ហើយ​សិស្ស​ក៏​ត្រូវ​ចេះ​ស្វះស្វែង​រក​ព័ត៌មាន​ផង​ដែរ។ បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​គម្រោង​ជា​ប្រព័ន្ធ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ប្រភេទ​នេះ​នៅ​ឡើយ​ទេ។ ពួកគេ​គ្រាន់​តែ​ផ្តល់​សៀវភៅ​ណែនាំ​ពី​មុខ​វិជ្ជា​នៅ​មហាវិទ្យាល័យ​ដល់​សិស្ស ​ប៉ុន្តែ​មិន​បាន​លម្អិត​ពី​ឱកាស​ការងារ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ ឬ​ក៏​គុណសម្បត្តិ​និង​គុណ​វិបត្តិ​នៃ​មុខ​វិជ្ជា​នីមួយៗ​ទេ»។

នៅ​ពេល​ដែល​ខ្វះ​ព័ត៌មាន​អំពី​មុខ​វិជ្ជា​សិក្សា​នៅ​មហា​វិទ្យាល័យ ​សិស្ស​បន្ទាប់​ពី​រៀន​ចប់​វិទ្យាល័យ​ភាគ​ច្រើន​តែង​តែ​ជ្រើសរើស​យក​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​សង្គម ​ដែល​កំពុង​មាន​ទីផ្សារ​ការងារ​ចង្អៀត​ណែន​ស្រាប់​ទៅ​ហើយ។ បើ​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​អង្គការ​ឌីអាម៊ីកូ (D’Amico) នៅ​ឆ្នាំ​២០១២ វិស័យ​សេវាកម្ម​ដូចជា​គណនេយ្យ ​គ្រប់គ្រង ​ច្បាប់​ និង​សេដ្ឋកិច្ច​ត្រូវ​ការ​បុគ្គលិក​ចំនួន​តូច​ប៉ុណ្ណោះ។ តួ​យ៉ាង​នៅ​ឆ្នាំ​២០១២ ​ទីផ្សារ​ការងារ​អាច​ស្រូប​យក​និស្សិត​បាន​ត្រឹម​តែ​១៦,០០០​នាក់​ប៉ុណ្ណោះ ​ប៉ុន្តែ​ការ​ផ្គត់ផ្គង់​មាន​រហូត​ដល់​ជាង​២៩​,០០០​នាក់ ​ជា​ហេតុ​ធ្វើ​ឱ្យ​និស្សិត​ជិត​ពាក់​កណ្តាល​គ្មាន​ការងារ​ធ្វើ។

លោកស្រី ល្វីស អារ៉ែន ​ថ្លែង​ថា​ទីផ្សារ​ការងារ​បច្ចុប្បន្ន​កំពុង​ខ្វះ​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​ដែល​មាន​សមត្ថភាព​ចូល​ទៅ​បំពេញ។

«ការងារ​ជា​ច្រើន​គឺ​នៅ​ផ្នែក​វិទ្យាសាស្ត្រ​អនុវត្តន៍ ​ប៉ុន្តែ​សិស្សនៅ​តែ​ជ្រើសរើស​មុខ​វិជ្ជា​ពាណិជ្ជកម្ម​និង​ច្បាប់​ដែល​ពួកគេ​មិន​អាច​រក​ការងារ​បាន​ធ្វើ​នៅ​ពេល​រៀន​ចប់។ ពួកគេ​ជ្រើសរើស​យក​មុខ​វិជ្ជា​ទាំង​នោះ​ដោយ​សារ​មិត្តភ័ក្តិ​ពួកគេ​ណែនាំ​ឱ្យ​រៀន»។

កត្តា​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​វិស័យ​វិទ្យាសាស្ត្រ​នៅ​កម្ពុជា​នៅ​អន់ថយ ​គឺ​ដោយ​សារ​ការ​វិនិយោគ​លើ​វិស័យ​នេះ​នៅ​មាន​កម្រិត​ទាប​ខ្លាំង​នៅ​ឡើយ។

បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​វិទ្យាស្ថាន​CDRI​ គ្រឹះស្ថាន​ឧត្តម​សិក្សា​ឬ​សាកល​វិទ្យាល័យ​នៅ​កម្ពុជា​ជា​ពិសេស​នៅ​តាម​គ្រឹះស្ថាន​ឯកជន​មិន​បាន​ផ្តោត​លើ​ការ​ពង្រឹង​ការ​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​ទេ ​ដោយ​សារ​កង្វះ​ធនធាន​និង​ឧបករណ៍​ពិសោធន៍។

មូល​ហេតុ​មួយ​ទៀត​ប្រហែល​បណ្តាល​មក​ពី​កង្វះ​ចំណាប់​អារម្មណ៍​ក្នុង​កម្រិត​បុគ្គល។

និស្សិត​ភាគ​ច្រើន​ដែល​វីអូអេ ​ខេមរភាសា ​បាន​ជួប​សម្ភាសន៍​យល់​ថា​ការ​សិក្សា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ជា​មុខ​វិជ្ជា​ពិបាក​រៀន​និង​មាន​ឱកាស​ការងារ​មិន​ច្បាស់លាស់។

លោក ខ្លូត សុបញ្ញា​ អាយុ​២២​ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី​៤​ជំនាញ​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ម្នាក់​នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​យល់​ថា​អ្នកសិក្សា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ភាគ​ច្រើន​នឹង​ធ្វើ​ជា​គ្រូ​បង្រៀន​ប៉ុណ្ណោះ។

«ខ្ញុំ​គិត​ថា​អ្នក​ដែល​រៀន​ចប់​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ហើយ ​គេ​នឹង​ក្លាយ​ជា​គ្រូ​បង្រៀន។ ឧទាហរណ៍​ប្រសិន​បើ​គាត់​សិក្សា​ជីវវិទ្យា ​ពេល​រៀន​ចប់​គាត់​អាច​ក្លាយ​ជា​គ្រូ​លើ​មុខ​វិជ្ជា​នេះ»។

ចំណែក​ឯ​និស្សិត​ម្នាក់​ទៀត​ ឈ្មោះ​ ញិល សុធី ​អាយុ​២០​ឆ្នាំ​ដែល​កំពុង​សិក្សា​ជំនាញ​រូបវិទ្យា​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក៏​ថ្លែង​ថា​លោក​ជ្រើសរើស​យក​មុខ​វិជ្ជា​នេះ​ដោយ​សារ​គេ​ចង់​ក្លាយ​ជាគ្រូ​បង្រៀន​ម្នាក់។

«កាល​នៅ​វិទ្យាល័យ​ខ្ញុំ​ពូកែ​ខាង​រូបវិទ្យា​ ហើយ​ណាមួយ​វា​ជា​មុខ​វិជ្ជា​សំខាន់​សម្រាប់​បច្ចេកវិទ្យា​ ដូច្នេះ​ទើប​ខ្ញុំ​ជ្រើសរើស​យក​ជំនាញ​នេះ។ ខ្ញុំ​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​រូបវិទ្យា​នៅ​មហាវិទ្យាល័យ​ពេល​រៀន​ចប់»។

លោកស្រី​ ល្វីស អារ៉េន ​ថ្លែង​ថា​ក្រៅ​ពី​ជម្រើស​ជា​គ្រូ​បង្រៀន ​អ្នក​សិក្សា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​អាច​បម្រើ​ការ​ក្នុង​វិស័យ​ជា​ច្រើន​ទៀត​ដែល​ផ្តល់​ប្រាក់​បៀរវត្សរ៍​ខ្ពស់។

«ប្រសិន​បើ​គេ​សិក្សា​មុខ​វិជ្ជា​គីមីវិទ្យា​ ពួកគេ​អាច​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​អាហារ​ដូចជា​អាហារ​ក្រៀម អាហារ​កំប៉ុង ​និង​អាហារ​ធម្មជាតិ​ជា​ដើម។ ពួកគេ​ក៏​អាច​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ដូចជា​ក្រុមហ៊ុន​ Cambrew ​និង​ Cocacola ​ជា​ដើម។ ចំណែក​ឯ​រូបវិទ្យា​ ពួកគេ​អាច​បម្រើ​ការ​ផ្នែក​អេឡិកត្រូនិក ​និង​វិស្វកម្ម​អគ្គិសនី​នៅ​អគ្គិសនី​ជាតិ​កម្ពុជា។ ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​ក៏​កំពុង​ស្វែងរក​អ្នក​ដែល​ចេះ​វិភាគ​តាម​កុំព្យូទ័រ​ផង​ដែរ។ ប្រសិន​បើ​គេ​សិក្សា​មុខ​វិជ្ជា​គណិតវិទ្យា​គឺ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ។ អង្គការ​ស្រាវជ្រាវ​និង​ក្រុមហ៊ុន​ជា​ច្រើន​កំពុង​រក​បុគ្គលិក​ដែល​មាន​ប្រវត្តិ​ផ្នែក​ស្ថិតិ​និង​គណិតវិទ្យា​នេះ»។

លោក បណ្ឌិត ​ហេង ណារ៉េត ​ប្រធាន​ដេប៉ាតេម៉ង់​អភិវឌ្ឍន៍​សហគមន៍​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ថ្លែង​ថា​កង្វះ​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​នេះ​ជា​បញ្ហា​ដ៏​ប្រឈម​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។

«ប្រសិន​បើ​គ្មាន​ការ​ស្រាវជ្រាវ​និង​គំនិត​រក​ឃើញ​ថ្មី ​វា​ជា​ឧបសគ្គ​យ៉ាង​ចម្បង​ក្នុង​ការ​អភិវឌ្ឍ​ជាតិ។ ឧទាហរណ៍​រាល់​វត្ថុ​ធាតុ​ដើម​ដែល​យើង​ផលិត​បាន​ដូចជា​ពោត​និង​ដំឡូងមី ​ភាគច្រើន​យើង​លក់​ទៅ​ឱ្យ​ប្រទេស​ជិត​ខាង។ ប្រសិន​បើធ្វើ​នៅ​ស្រុក​ខ្មែរ​យើងអាច​ផ្តល់​តម្លៃ​បន្ថែម​ តម្លៃ​ពលកម្ម​ដល់​ខ្មែរ​យើង​ច្រើន ​ប៉ុន្តែ​យើង​លក់​ទៅ​បរទេស​ហើយ​ទិញ​មក​វិញ​នូវ​ផលិតផល​សម្រេច។ នេះ​ដោយ​សារ​យើង​ខ្វះខាត​ការ​ស្រាវជ្រាវ​ផ្នែក​ម្ហូប​អាហារ»។

លោកស្រី ​ល្វីស អារ៉េន ​សង្កត់​ធ្ងន់​ថា​ការ​អន់​ថយ​ផ្នែក​វិទ្យាសាស្ត្រ​នេះ​នឹង​ក្លាយ​ជា​បញ្ហា​ចោទ​កាន់​តែ​ខ្លាំង​នៅ​ពេល​កម្ពុជា​ធ្វើ​សមាហរណកម្ម​ចូលទៅ​ក្នុងសេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥។

លោក​បណ្ឌិត​ ម៉ី កល្យាណ ​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា​ ទទួល​ស្គាល់​ពី​កង្វះខាត​នេះ។

«ដូច្នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​រវាង​សេចក្តី​ត្រូវ​ការ​ផ្នែក​វិទ្យាសាស្ត្រ​ឱ្យ​មាន​តុល្យភាព​ជាមួយ​សង្គម។ ប្រសិន​បើ​យើង​មាន​អ្នក​សិក្សា​មុខ​វិជ្ជា​ច្បាប់​ ទីផ្សារ ​ឬ​គ្រប់គ្រង ​ហើយ​អត់​មាន​អ្នក​វិទ្យាសាស្ត្រ​នៅ​សហគ្រាស​ទេ ​ដូច្នេះ​កំណើន​សេដ្ឋកិច្ច​ក៏​យើងអត់​មាន»។

លោកបណ្ឌិត ​ហង់ ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​បាន​ឆ្លើយ​តាម​សារ​អេឡិកត្រូនិក​តប​នឹង​សំណួរ​របស់​វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​ថា ​ការ​លើក​កម្ពស់​ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នឹង​ជា​អាទិភាព​មួយ​របស់​រដ្ឋាភិបាល​ក្នុង​អណត្តិ​ថ្មី​នេះ។

លោក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា៖

«ក្រសួង​អប់រំ​កំពុង​តែ​រៀបចំ​ឯកសារ​គោល​នយោបាយ​ដែល​មាន​លក្ខណៈ​ស៊ី​ជម្រៅ​មួយ»។

ក្នុងយុទ្ធសាស្ត្រ​ចតុកោណ​ថ្មី​នេះ ​រដ្ឋាភិបាល​គ្រោង​នឹង​បង្កើន​ការ​វិនិយោគ​លើ​ផ្នែក​អប់រំ​វិទ្យាសាស្ត្រ​នេះ​ ព្រម​ទាំងបង្កើត​មន្ទីរ​ពិសោធន៍​ឧស្សាហកម្ម​ថ្នាក់​ជាតិ​មួយ ​និង​បង្កើត​ស្តង់ដា​របាយការណ៍​គណនេយ្យ​និង​ហិរញ្ញវត្ថុ​មួយ​ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ឥណទាន​របស់​សហគ្រាស​ធន​តូច​និង​មធ្យម។

យ៉ាង​ណា​ក៏​ដោយ ​លោកស្រី ​ល្វីស អារ៉េន ​យល់​ថា​ទោះបី​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ក៏​ល្អ​មួយ​ក្តី ​ក៏​ការ​អនុវត្ត​នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ៕