ចំនួនមនុស្សស្លាប់ពីគ្រោះរញ្ជួយផែនដីដ៏ខ្លាំងមួយនៅក្នុងប្រទេសអេក្វាដ័រ បានឡើងទៅដល់៧៧នាក់។ មនុស្សរាប់រយនាក់ទៀត បានរងរបួស។
លោក Jorge Glas អនុប្រធានាធិបតី មានប្រសាសន៍ថា ចំនួនមនុស្សស្លាប់ ទំនងជានឹងកើនឡើងនៅពេលដែលសេចក្តីរាយការណ៍ពីជុំវិញប្រទេសបន្តហូរចូល។
ក្រុមជួយសង្គ្រោះ កំពុងខិតខំឲ្យទៅដល់កំពង់ផែនេសាទដែលមានមនុស្សរស់នៅដុំៗ និងឆ្នេរសមុទ្រសម្រាប់ទេសចរណ៍ ដែលនៅទីនោះគ្រោះរញ្ជួយផែនដីកាលពីយប់ថ្ងៃសៅរ៍។
លោក Glas បាននិយាយថា «វា ជាការសំខាន់ណាស់ដែលប្រជាពលរដ្ឋអេក្វាដ័រនៅរក្សាភាពស្ងប់ស្ងាត់ក្នុងអំឡុងពេលមានភាពអាសន្ននេះ»។
ការសិក្សាភូគុព្ភសាស្រ្តសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា គ្រោះរញ្ជួយផែនដីដែលមានកម្លាំង៧,៨ បានកើតមានឡើងកាលពីយប់ថ្ងៃសៅរ៍នៅតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសក្នុងតំបន់អាមេរិកខាងត្បូងនេះ។
គ្រោះរញ្ជួយផែនដីនេះ ស្ថិតនៅចម្ងាយ១៧០គីឡូម៉ែត្រពីរដ្ឋធានីគីតូ (Quito) ដែលនៅទីនោះគ្រោះរញ្ជួយផែនដីនោះ បានកាត់ផ្តាត់ចរន្តអគ្គីសនី ហើយនឹងទូរស័ព្ទចល័តនៅក្នុងសង្កាត់មួយចំនួន។ អាគារនៅរដ្ឋធានីគីតូបានយោលផ្អៀងប្រហែល៤០វិនាទី ដែលបណ្តាលឲ្យមនុស្សរត់ចេញមកតាមផ្លូវ។
ស្ពានមួយបានបាក់នៅក្នុងទីក្រុងកំពង់ផែ Guayaquil។
អាកាសយានដ្ឋាននៅក្នុងទីក្រុងម៉ង់តាបានបិទបន្ទាប់ពីកន្លែងត្រួតពិនិត្យ បានខូចខាត។
លោក Glas មានប្រសាសន៍ទៀតថា ឆ្មាំការពារជាតិ បានត្រុវដាក់ពង្រាយដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។
មានការចេញការព្រមានពីរលកយក្សស៊ូណាមិ ក៏ប៉ុន្តែ មិនមានសេចក្តីរាយការណ៍ភ្លាមៗពីរលកនោះទេ។
ប្រធានាធិបតី Rafael Correa មិនបានស្ថិតនៅក្នុងប្រទេសអេក្វាដ័រនៅពេលរញ្ជួយផែនដីនោះទេ។លោក បានស្ថិតនៅក្នុងទីក្រុងរ៉ូមបន្ទាប់ពីចូលរួមសន្និសិទនៅវិមានវ៉ាទីកង់ (Vatican) កាលពីថ្ងៃសុក្រ។លោកប្រធានាធិបតី បាននិយាយកាលពីដំបូងថា ពេលវេលាលឿនបំផុតដែលលោកអាចនឹងវិលត្រឡប់ទៅកាន់ប្រទេសអេក្វាដ័រវិញនៅរសៀលថ្ងៃអាទិត្យនេះ៕