ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រមួយនិយាយថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរចិនដើម្បីឲ្យដឹងថាតើឱសថ remdesivir ប្រឆាំងនឹងមេរោគវីរុសអាចផ្តល់ការព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជនរងគ្រោះដោយសារការរាតត្បាតយ៉ាងលឿននៃមេរោគវីរុសកូរ៉ូណាដែលគេស្គាល់ថា COVID-19 ឬទេ។
ក្រុមហ៊ុននេះសង្ឃឹមថា នឹងមានចម្លើយមិនហួសពីថ្ងៃទី១ខែឧសភាទេ។ មន្ត្រីនៃក្រុមហ៊ុន Gilead Sciences ដែលបានបង្កើតថ្នាំ remdesivir សម្រាប់ព្យាបាលជំងឺ Ebola និងជំងឺមួយទៀត បាននិយាយប្រាប់វីអូអេថា ក្រុមហ៊ុននេះបានចាប់ផ្តើមការសាកល្បងពីរក្នុងចំណោមអ្នកជំងឺដែលមានផ្ទុកមេរោគនេះ «ដើម្បីកំណត់អំពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃឱសថ remdesivir ជាសក្តានុពលសម្រាប់ព្យាបាលកម្ចាត់មេរោគេវីរុសកូរ៉ូណា»។
ការសាកល្បងនេះបានត្រូវស្វាគមន៍ដោយកក់ក្តៅនៅក្នុងប្រទេសចិនដែលនៅទីនោះទីភ្នាក់ងារព័ត៌មានជាផ្លូវការរបស់ប្រទេសនេះបានអបអរសាទរជាមួយអត្ថបទមួយនៅទំព័រខាងមុខ។
មានហេតុផលខាងវិទ្យាសាស្ត្រថែមទៀតដើម្បីឱ្យមានសេចក្តីសង្ឃឹមដោយមានរួមបញ្ចូលករណីនៃអ្នកជំងឺអាមេរិកាំងម្នាក់មានផ្ទុកមេរោគវីរុសកូរ៉ូណាដែលបានរើបយ៉ាងលឿនពីជំងឺនេះកាលពីខែមករា ក្នុងពេលតែ ២៤ម៉ោង ក្រោយពីបានប្រើឱសថ remdesivir។ នៅមុនប្រើបាស់ថ្នាំនេះ រោគសញ្ញារបស់អ្នកជំងឺនេះបានបង្ហាញសញ្ញាអាក្រក់ជាងមុន។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយពីក្រុមហ៊ុន Gilead បានចែងថាការសាកល្បងដំបូងបានចាប់ផ្តើមចុះឈ្មោះអ្នកជំងឺនៅថ្ងៃទី៦ខែកុម្ភៈ។ ក្រុមហ៊ុននេះក៏បាននិយាយដែរថា ខ្លួនបានផ្តល់ឱ្យប្រទេសចិន «នូវថ្នាំ remdesivir គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកចូលរួមក្នុងការសាកល្បងនេះចំនួនរហូតដល់៥០០នាក់»។
បណ្តាញផ្សាយព័ត៌មានមួយមានមូលដ្ឋានក្នុងក្រុង Shanghai បានរាយការណ៍ថាពួកគេបានឃើញឯកសារមន្ត្រីគយដែលអនុញ្ញាតឱ្យថ្នាំ remdesivir ២ពាន់ ៨រយ ៤៣ប្រអប់ដែលបានដឹកជញ្ជូនទៅដល់ក្រុងប៉េកាំងកាលពីថ្ងៃ៤ ខែកុម្ភៈ ត្រូវយកចេញពីយន្តហោះសម្រាប់សាកល្បងព្យាបាលអ្នកជំងឺ៕