ឧទ្ទាម​អ៊ុយក្រែន​ខាង​កើត​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ

​លោក Alexander Zakharchenko មេ​ដឹកនាំ​ឧទ្ទាម​ដែល​លម្អៀង​ទៅ​រុស្ស៊ី ចូល​រួម​បោះឆ្នោត​នៅ​ទី​ក្រុង​ Donetsk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​ឆ្នាំ​២០១៤។ លោក​បាន​ទទួល​សន្លឹក​ឆ្នោត​៧៩​ភាគរយ​​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ។

ពួក​ទាមទារ​បំបែក​រដ្ឋ​លម្អៀង​ប្រទេស​រុស្ស៊ី​ក្នុង​តំបន់​ខាង​កើត​ប្រទេស​អ៊ុយក្រែន​និយាយ​ថា នាយករដ្ឋមន្រ្តី​ស្តី​ទី​ដែល​ហៅ​ថា ​សាធារណរដ្ឋ​ប្រជាមានិត Donetsk ​បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​និង​ប្រទេស​លោក​ខាង​លិច ​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ពួកគេ​នឹង​មិន​ទទួល​ស្គាល់។

​ពួក​មន្រ្តី​រៀប​ចំ​ការ​បោះឆ្នោត​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​លោក Alexander Zakharchenko បាន​ទទួល​សន្លឹក​ឆ្នោត​៧៩​ភាគរយនៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​អង្គការ​នីតិ​ប្រតិបត្តិនៅ​ក្នុង​តំបន់​នានាដែល​ពួកទាម​ទារ​បំបែក​រដ្ឋត្រួតត្រានៅ​ក្នុង​តំបន់ Luhansk និង Donetsk ​នៃ​ប្រទេស​អ៊ុយក្រែន។

មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​រាប់​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅ​ទី​ក្រុង ​Donetsk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

​អង្គការ​សហប្រជាជាតិ​ ​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ ​បាន​ហៅ​ការ​បោះឆ្នោតរបស់​ពួក​ឧទ្ទាម​ថា​ជា​ការ​ខុសច្បាប់​ ហើយ​បាន​និយាយ​ថា ​វា​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​អ៊ុយក្រែនហើយ​នឹង​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​៥ ​ខែ​កញ្ញា​រវាងពួក​ទាម​ទារ​បំបែក​រដ្ឋ​និង​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ុយក្រែន។

ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប Federica Mogherini ​បាន​និយាយកាល​ពី​ថ្ងៃ​អាទិត្យ​ថា ​សហភាព​អឺរ៉ុប​នឹង​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​នោះ​ទេ​ដែល​លោកស្រី​បាន​ហៅ​ថា​ ឧបសគ្គ​ថ្មី​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​សន្តិភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

​ប្រធានាធិបតី Petro Poroshenko នៃ​ប្រទេស​អ៊ុយក្រែន ​បាន​ហៅ​ការ​បោះឆ្នោតនៅ​ក្នុង​តំបន់​ទាម​ទារ​បំបែក​រដ្ឋ​ថា ជា​ការ​គួរ​ឲ្យ​អស់​សំណើចដែល​បាន​ធ្វើ​ឡើង​នៅ​ក្រោម​ការ​គំរាមកំហែង​ពី​រថក្រោះ​និង​កាំភ្លើង។

ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍មួយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យដោយ​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​គោរព​ការ​បោះឆ្នោត​របស់​ពួក​ទាម​ទារ​បំបែករដ្ឋ​ថា​ជា​ការ​សម្តែង​ឆន្ទៈរបស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អ៊ុយ​ក្រែន៕