នៅក្នុងរយៈពេលមួយសប្តាហ៍ខាងមុខនេះ អ្នកចូលរួមចំនួន១ពាន់៥រយនាក់មកពី១៨០ប្រទេសនឹងស្វែងរកវិធីនៅក្នុងការកាត់បន្ថយហានិភ័យបង្កឡើងដោយសារធាតុ និងកាកសំណល់បំពុលដ៏គ្រោះថ្នាក់ តាមរយៈបែបផែនគ្រប់គ្រងប្រកបដោយចីរភាពទៅលើសារធាតុ ដែលអាចបង្កការប៉ះពាល់ទៅដល់ជីវិតទាំងនោះ។ អ្នកចូលរួមក៏នឹងស្វែងរកវិធីនានាដើម្បីពង្រឹងអនុសញ្ញាអន្តរជាតិចំនួនបី ដែលអនុសញ្ញាទាំងនេះបង្កើតបានជាមូលដ្ឋានមួយសម្រាប់ការដោះស្រាយបញ្ហាបរិស្ថានពិភពលោក។
អនុសញ្ញាក្រុង Basel គឺជាកិច្ចព្រមព្រៀងបរិស្ថានអន្តរជាតិដ៏ពេញលេញបំផុតមួយអំពីកាកសំណល់គ្រោះថ្នាក់ និងកាកសំណល់ដទៃទៀត។ អនុសញ្ញាក្រុង Rotterdam ដោះស្រាយជាចម្បងទៅលើសុវត្ថិភាពពាណិជ្ជកម្មអន្តរជាតិនៃសារធាតុគីមីនិងថ្នាំសម្លាប់សត្វល្អិត។ អនុសញ្ញាក្រុង Stockholm ដែលនិយាយអំពីសារធាតុបំពុលសរីរាង្គយូរអង្វែង គឺជាសន្ធិសញ្ញាអន្តរជាតិមួយដើម្បីការពារសុខភាពមនុស្សជាតិ និងបរិស្ថានពីសារធាតុគីមី ដែលស្ថិតនៅក្នុងបរិស្ថានក្នុងរយៈពេលវែង។
រៀងរាល់ពីរឆ្នាំម្តង ភាគីពាក់ព័ន្ធនឹងអនុសញ្ញាទាំងនេះបានជួបជុំគ្នាដើម្បីពិនិត្យមើលការគំរាមកំហែងថ្មីៗ និងធ្វើការព្រមព្រៀងទៅលើគោលការណ៍ណែនាំ និងវិធានការថ្មីៗដើម្បីការពារមនុស្សឲ្យបានប្រសើរជាងមុនពីសារធាតុដ៏គ្រោះថ្នាក់ដែលមានស្រាប់ និងកំពុងតែវិវត្តឡើង។
បញ្ហាមួយក្នុងចំណោមបញ្ហាធំៗ ដែលកិច្ចប្រជុំកំពុងជួបប្រទះនោះ គឺអ្វីដែលនាយកប្រតិបត្តិនៃទីភ្នាក់ងារកម្មវិធីបរិស្ថានរបស់អ.ស.ប (UNEP) លោក Achim Steiner បានហៅថា ជារលកយក្សស៊ូណាមិនៃកាកសំណល់អេឡិចត្រូនិច (E-Waste) ដែលកំពុងកើតមានឡើង និងរីករាលដាលនៅជុំវិញពិភពលោក។ លោកបានមានប្រសាសន៍ថា កាកសំណល់អេឡិចត្រូនិចនាពេលបច្ចុប្បន្ននេះ គឺជាផ្នែកដ៏សំខាន់មួយនៃលំនាំវិវិត្តន៍នៃសេដ្ឋកិច្ចពិភពលោក។
លោកបានព្រមានថា ការខកខានមិនបានកែច្នៃដើម្បីប្រើប្រាស់ឡើងវិញនូវគំនរកាកសំណល់ពីទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ ម៉ៃក្រូវ៉េវ និងផលិតផលដទៃជាច្រើនទៀត កំពុងតែបង្កគ្រោះថ្នាក់យ៉ាងខ្លាំងទៅលើមនុស្សនិងបរិស្ថាន។
«ស្ថិតនៅក្រោមអនុសញ្ញាក្រុង Basel (បញ្ហាកាកសំណល់អេឡិចត្រូនិច) នេះ ជាបញ្ហាបង្គោលមួយនៃបែបផែនដើម្បីដោះស្រាយបញ្ហាកាកសំណល់អេឡិចត្រូនិច ដែលនាពេលបច្ចុប្បន្ននេះ ជាផ្នែកដ៏សំខាន់មួយនៃលំនាំវិវត្តន៍នៃសេដ្ឋកិច្ចរបស់យើង។ ក៏ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ គឺគំនរកាកសំណល់ដែលមិនអាចកែច្នៃដើម្បីប្រើប្រាស់បានឡើងវិញ និងដោយសារតែធាតុផ្សំនៅក្នុងគ្រឿងអេឡិចត្រូនិចយ៉ាងច្រើនទាំងនេះ ក៏បង្កគ្រោះថ្នាក់មកលើមនុស្ស និងបរិស្ថានផងដែរ»។
នៅក្នុងឆ្នាំ២០០១ អនុសញ្ញាក្រុង Stockholm បានចុះបញ្ជីសារធាតុបំពុលសរីរាង្គយូរអង្វែងចំនួន១២ដែលបង្កគ្រោះថ្នាក់បំផុត។ សារធាតុដែលត្រូវបានហៅថា Dirty Dozen POPs បានរីកសាយភាយពាសពេញពិភពលោកនិងបានប្រមូលផ្តុំនៅក្នុងកោសិកាសាច់ខ្លាញ់របស់មនុស្ស និងសត្វ ហើយអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងមកលើសុខភាពមនុស្ស និងបរិស្ថាន។
ចាប់តាំងពីពេលនោះមក សារធាតុគីមី១១បន្ថែមទៀតត្រូវបានដាក់ចូលក្នុងបញ្ជីសាធាតុគីមីបង្កគ្រោះថ្នាក់នៃអនុសញ្ញាក្រុង Stockholm។ អ្នកចូលរួមនៅក្នុងកិច្ចប្រជុំនេះត្រូវគេរំពឹងថា នឹងចុះបញ្ជីសារធាតុគីមីបង្កការបំពុលខ្លាំងចំនួនបីបន្ថែមទៀតទៅក្នុងអនុសញ្ញានេះ។
អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា មនុស្សបីលាននាក់បានរងការបំពុលដោយថ្នាំសម្លាប់សត្វល្អិតជារៀងរាល់ឆ្នាំ ហើយមនុស្ស២ម៉ឺននាក់នៅក្នុងចំណោមនោះបានបាត់បង់ជីវិត ដែលភាគច្រើនជាប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ អនុសញ្ញាក្រុង Rotterdam បានដើរតួយ៉ាងសំខាន់នៅក្នុងការផ្តល់ព័ត៌មានទៅដល់់មនុស្សទូទៅអំពីគ្រោះថ្នាក់នានាបង្កឡើងដោយថ្នាំសម្លាប់សត្វល្អិត ក៏ដូចជាអំពីរបៀបបំបាត់ចោលថ្នាំសម្លាប់សត្វល្អិតដែលលែងប្រើការបានតទៅទៀត ដោយសារតែថ្នាំសម្លាប់សត្វល្អិតទាំងនោះបានបង្កគ្រោះថ្នាក់មកលើមនុស្ស។
កិច្ចប្រជុំនោះនឹងជជែកពិភាក្សាពីតម្រូវការក្នុងការបញ្ឈប់ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត DDT ដែលនៅតែត្រូវបានបន្តប្រើប្រាស់ក្នុងប្រទេសកំពុងអភិវឌ្ឍមួយចំនួនដើម្បីគ្រប់គ្រងលើជំងឺគ្រុនចាញ់។ ថ្នាំសម្លាប់សត្វល្អិត DDT បង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនបែបមកលើមនុស្ស ដែលក្នុងនោះរួមមានជំងឺមហារីកសុដន់ និងជំងឺមហារីកដទៃទៀត។
អ្នកចូលរួមនៅក្នុងកិច្ចប្រជុំត្រូវបានរំពឹងថា នឹងធ្វើការចង្អុលបង្ហាញដល់ទីផ្សារថា ជម្រើសសារធាតុផ្សេងជំនួសឲ្យថ្នាំសម្លាប់សត្វល្អិត DDT និងថ្នាំសម្លាប់សត្វល្អិតដទៃទៀតកំពុងតែមានតម្រូវការជាបន្ទាន់៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា