លោក Duterte ថា លោក​នឹង​ប្រាប់​លោក ត្រាំ ឲ្យ​ឈប់​សួរ​ពី​បញ្ហា​សិទ្ធិមនុស្ស

លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ថ្លែង​សុន្ទរកថា​នៅ​ពេល​ចាប់​ផ្តើម​នៃ​ពិធី​ទទួល​អាហារ​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដោយ​លោក​នាយករដ្ឋមន្ត្រី Shinzo Abe នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី Rodrigo Duterte នៃ​ប្រទេស​ហ្វីលីពីន បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រសិន​បើ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ លើក​យក​បញ្ហា​សិទ្ធិមនុស្ស​មក​ពិភាក្សា​នៅ​ក្នុង​ជំនួប​រវាង​អ្នក​ទាំងពីរ​ក្នុង​សប្តាហ៍​នេះ លោក​នឹង​ប្រាប់​ទៅ​មេដឹកនាំ​អាមេរិក​ថា «ឈប់​សួរ​ទៅ»។

លោក​ប្រធានាធិបតី Duterte បាន​ប្រាប់​ទៅ​អ្នក​កាសែត​ ខណៈ​ពេល​ដែល​លោក​ចាកចេញ​ពី​សន្និសីទ​អាស៊ី-ប៉ាស៊ីហ្វិក​មួយ នៅ​ក្នុង​ប្រទេស​វៀតណាម​ថា «ប្រសិន​បើ​អ្នក​សួរសំណួរ​មួយ ខ្ញុំ​នឹង​ឆ្លើយ​ទៅ​អ្នក​ថា ឈប់​សួរ​ទៅ»។ នៅ​ទីនោះ​ លោក Duterte នឹង​ជួប​ជាមួយ​លោក ត្រាំ មុន​ពេល​ដែល​ពួកគេ​ជួបគ្នា​ម្តងទៀត​នៅ​ទីក្រុង ម៉ានីល នៅ​សប្តាហ៍​ក្រោយ​នេះ។

លោក Duterte បាន​ថ្លែង​ថា «វា​មិនមែន​កិច្ចការ​របស់​អ្នក​ទេ។ វា​គឺ​ជា​កិច្ចការ​របស់​ខ្ញុំ។ ខ្ញុំ​នឹង​មើល​ថែរក្សា​ប្រទេស​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មើល​ថែរក្សា​ប្រទេស​របស់​ខ្ញុំ​ឲ្យ​បាន​ល្អ»។

លោក Duterte មាន​ការ​រឹងរូស​ក្នុង​ការ​ការពារ​កំណត់ត្រា​អំពី​បញ្ហា​សិទ្ធិមនុស្ស​និង​សង្គ្រាម​ទៅ​លើ​អ្នក​ប្រើប្រាស់​ថ្នាំញៀននៅ​ក្នុង​ប្រទេស​របស់​លោក។ យុទ្ធនាការ​សង្គ្រាម​ទៅ​លើ​អ្នក​ប្រើប្រាស់​ថ្នាំញៀន​នោះ បាន​បង្ក​ឲ្យ​ពលរដ្ឋ​ហ្វីលីពីន ៣៩០០នាក់ ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​អ្វី​ដែល​ប៉ូលិស​និយាយ​ថា គឺ​ជា​ការការពារ​ខ្លួន​ បន្ទាប់​ពី​ជនសង្ស័យ​ដែល​ប្រដាប់​ដោយ​អាវុធ​បាន​ប្រឆាំង​មិន​ព្រម​ឲ្យ​ចាប់ខ្លួន៕