ការ​បាញ់​កាំជ្រួច​ចូល​ឆ្នាំ​ថ្មី​ក្នុង​ទីក្រុង Dubai នៅ​តែ​បន្ត​ ខណៈ​ដែល​អគ្គិភ័យ​ឆាប​ឆេះ​​សណ្ឋាគារ​មួយ

អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​សណ្ឋាគារ The Address នៅ​ជាយ​ក្រុង Dubai ក្នុង​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។

កាំជ្រួច​ដ៏​ស្រស់​ស្អាត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ត្រូវ​បាន​បាញ់​ឡើង​ដើម្បី​អបអរសាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​នៅ​ឯ​អាគារ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​នៅ​ក្នុង​ទីក្រុង Dubai ខណៈ​ដែល​មាន​ផ្សែង​យ៉ាង​ក្រាស់​ចេញ​ពី​អគ្គិភ័យ​ដែល​បាន​ឆាបឆេះសណ្ឋាគារ​ដ៏​ប្រណិតមួយ​នៅ​ក្បែរ​នោះ។ ​

មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ហ៊ោ​កញ្ជ្រៀវ​ និង​ស្រែក​សាទរ​នៅ​កន្លែង​បាញ់​កាំជ្រួច​ដែល​ស្ថិត​នៅ​អាគារ Burj Khalifa ខណៈពេល​ដែល​ក្រុម​ការងារ​ពន្លត់​អគ្គិភ័យ​កំពុង​តែ​ធ្វើ​ការ​ពន្លត់​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​សណ្ឋាគារ​ និង​ជា​កន្លែង​ស្នាក់នៅ​ដ៏​ប្រណិត​មួយ​ដែល​មាន​៦៣​ជាន់។ ប៉ុន្មាន​នាទី​មុន​ពេល​ដែល​កាំជ្រួច​ចាប់ផ្តើម​បាញ់​ឡើង គេ​មាន​លឺ​សូរ​សំឡេង​ផ្ទុះ​ខ្លាំងៗ​ប៉ុន្មាន​គ្រាប់​ចេញ​ពី​ក្នុង​អាគារ​ដែល​កំពុង​តែ​ឆេះ​នោះ ដែល​កើត​ឡើង​នៅ​ក្នុង​ផ្សែង​ដ៏​ខ្មៅ​ហើយ​ក្រាស់​នោះ។ គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៃ​ការផ្ទុះ​នោះ​នៅ​ឡើយ​ទេ។

យោង​តាម​ការិយាល័យ​ផ្សព្វផ្សាយ​របស់​ទីក្រុង Dubai មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​១៤​នាក់​បាន​រង​របួស​ស្រាល ​ហើយ​ជន​រងគ្រោះ​ម្នាក់​ទៀត​មាន​ការ​គាំង​បេះដូង​ដោយសារ​តែ​ផ្សែង​ និង​ហ្វូង​មនុស្ស​កកកុញ​ក្នុង​អំឡុង​ពេល​ជន្លៀស​ចេញ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ សេចក្តី​រាយការណ៍​នោះ​បាន​បន្ថែម​ថា មាន​មនុស្ស​ម្នាក់​រងរបួស​គួរ​សម តែ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​លម្អិត​នោះ​ទេ។ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​នោះ​ពុំ​មាន​ក្មេង​តូចៗ​នោះ​ទេ។ ​

គេ​បាន​រំពឹង​ថា ​មនុស្ស​ប្រមាណ​១​លាន​នាក់​នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំវិញ​អាគារ Burj Khalifa ដើម្បី​មើល​កាំជ្រួច៕