កូរ៉េ​ខាង​ជើង​កាត់​បន្ថយការ​ចែក​ស្បៀង​អាហារ

ជនជាតិ​​កូរ៉េខាងជើង​ធ្វើ​ស្រែ​នៅ​តាម​ទន្លេ Yali នៅ​ខេត្ត​ North Phyongan ប្រទេស​កូរ៉េខាងជើង​​នា​ថ្ងៃ​ទី២០ ខែ​មិថុនា​ ឆ្នាំ​២០១៥។ កូរ៉េ​ខាង​ជើង​កាត់​បន្ថយការ​ចែក​ស្បៀង​អាហារ។

ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​រងគ្រោះ​ដោយ​សារ​ការ​គ្រោះ​រាំង​ស្ងួត បាន​កាត់​បន្ថយ​ការ​ចែក​ចាយ​ស្បៀង​អាហារ​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​ម្នាក់​នៃ​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ (FAO) នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

អ្នកស្រី Cristina Coslet មន្ត្រី​ព័ត៌មាន​ពិភពលោក​នៃ​អង្គការ​ FAO ទទួល​បន្ទុក​កិច្ចការ​អាស៊ីខាង​កើត​បាន​ប្រាប់​វីអូអេថា កូរ៉េ​ខាង​ជើង​បាន​ប្រាប់​អង្គការ FAO ថា ចំនួន​ម្ហូប​អាហារ​របស់​កូរ៉េ​ខាង​ជើង​សម្រាប់​ខែ​កក្កដា សម្រាប់​មនុស្ស​ម្នាក់ គឺ ៣១០​ក្រាម ក្នុង​មួយ​ថ្ងៃ ដែល​ជា​ការ​កាត់​បន្ថយ​ចំនួន ២៥​ភាគរយ​តិច​ជាង​ខែ​មុន។​ ពី​ខែ​មករា​ដល់​ខែ​មិថុនា មនុស្ស​ម្នាក់​ទទួល​បាន​ស្បៀងអាហារ​ ៤១០ក្រាម ក្នុង​មួយ​ថ្ងៃ។

អ្នកស្រី Coslet ​ថ្លែង​ថា​ គ្រោះ​រាំង​ស្ងួត​យ៉ាង​ខ្លាំង​កំពុង​ប៉ះពាល់​ដល់​ផលធារ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។ ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​វីអូអេ លោកស្រី Coslet ​បាន​និយាយ​ថា លោក​ស្រី​គិតថា ការ​កាត់​បន្ថយ​នេះ គឺ​ដោយសារ​មាន​ការ​ធ្លាក់​ចុះក្នុងការ​ដាំ​ដំឡូង និង​ស្រូវ​សាឡី​ផ្សេងៗ។ លោកស្រី​រំពឹងថា​ ផល​ដំឡូង ​និង​ស្រូវសាឡីនៅ​ឆ្នាំ​នេះ នឹង​ចុះ​ថយ​ជាង​២០​ភាគរយ​តិច​ជាង​ឆ្នាំ​ទៅ​មិញ៕