លោក Landu Kumbakidioko មិនខ្វល់ថា អ្នកណាឈ្នះការបោះឆ្នោតនៅថ្ងៃទី២៣ ខែធ្នូដែលមានការប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុកនោះទេ។ អ្នកកាត់សក់នៅទីក្រុង Kinshasa រូបនេះគ្រាន់តែចង់បានអ្វីដែលបេក្ខជនកំពូលៗបានសន្យាប៉ុណ្ណោះគឺ ជីវភាពរស់នៅប្រសើរជាងមុន ក្នុងប្រទេសសម្បូរធនធានដែលមានអត្រាអត់ការងារធ្វើខ្ពស់និងកង្វះធ្ងន់ធ្ងរនូវសេវាសាធារណៈជាមូលដ្ឋាន។
នៅក្នុងសង្កាត់របស់លោកដែលនៅចម្ងាយមិនឆ្ងាយពីចំណុចកណ្តាលនៃទីក្រុង Kinsahsa ផ្លូវថ្នល់ខូចក្រហេងក្រហូង ទឹកលូហូរតាមផ្លូវ ហើយថាមពលអគ្គិសនី និងនិងទឹកប្រើប្រាស់មានតិចតួច។
លោក Landu យកថ្លៃឈ្នួល៥ដុល្លារសម្រាប់សេវាកាត់សក់ និងកោររោម បើលោកអាចរកបាន។
លោកបានប្រាប់វីអូអេថា ភ្លើងអគ្គិសនីដាច់រៀងរាល់ថ្ងៃ នៅម៉ោងប្រហែល១០ ហើយដាច់រហូតដល់ម៉ោង៥ ឬម៉ោង៨យប់។ លោកនិយាយថា វាបង្កការលំបាក ហើយលោកចង់ឲ្យមានភ្លើងទៀងទាត់។
ប៉ុន្តែលោកគិតថា លោកមានសំណាងណាស់ដែលមានការងារធ្វើ។
អតិថិជនរបស់លោកភាគច្រើនគ្មានការងារធ្វើទេ ហើយពួកគេអង្គុយជជែងគ្នាលេងនៅក្នុងហាងរបស់លោកពេញមួយថ្ងៃ។ ចំនួនអ្នកអត់ការងារធ្វើត្រូវបានប៉ាន់ប្រមាណថា មានប្រហែល៤៦% ។ ទោះជាយ៉ាងណាក្តីស្ថិតិគួរឲ្យទុកចិត្តបានលំបាករកនៅក្នុងប្រទេសមួយដែលទីផ្សារងងឹតត្រូវបានទប់ស្កាត់។
វីអូអេបានសួរក្រុមគាំទ្របេក្ខជនប្រធានាធិបតីទាំងសងខាង ថាតើពួកគេនឹងដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ចយ៉ាងដូចម្តេច?
លោក Andre-Alain Atundu អ្នកនាំពាក្យរបស់ក្រុមដឹកនាំចម្រុះ បាននិយាយថា បេក្ខជនប្រធានាធិបតីគណបក្សប្រឆាំងលោក Emmanuel Ramazani Shadary ចង់បង្កើនការចំណាយរបស់រដ្ឋាភិបាលនិងផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលពឹងផ្អែកលើធនធានធម្មជាតិ។
«គំនិតសំខាន់របស់លោកគឺ បង្កើតឱ្យមានពហុសេដ្ឋកិច្ចបើកចំហ។ យើងនិយាយថា សេដ្ឋកិច្ចរបស់យើង ផ្អែកលើរ៉ែទង់ដែង និងរ៉ែផ្សេងៗ។ យើងចង់ឱ្យសេដ្ឋកិច្ចមានភាពចម្រុះ»។
បេក្ខជនគណបក្សប្រឆាំងលោក Martin Fayulu ដែលជាអ្នកជំនួញម្នាក់ និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេងបានប្រាប់វីអូអេថា លោកគ្រោងនឹងដឹកនាំប្រទេសដ៏ធំនេះដូចការដឹកនាំអាជីវកម្មរបស់លោកដែលទទួលបានជោគជ័យដោយធ្វើឱ្យប្រទេសនេះកាន់តែទាក់ទាញវិនិយោគិន។
«យើងចង់លើកកម្ពស់ភាពក្រីក្ររបស់ប្រជាជនកុងហ្គោ។ យើងចង់ផ្តល់ការងារដល់ពួកគេ។ យើងចង់ឱ្យប្រជាជនមើលឃើញថា ប្រទេស កុងជាគោលដៅធ្វើជំនួញ និងជាគោលដៅដំបូងគេ ដែលជាជម្រើសទីមួយ។ បន្ទាប់មក យើងបង្កើតវាតាមរបៀបដែលអ្នកហៅថា «ទំនាក់ទំនង»នៅចំណុចកណ្តាលហើយថា តើគ្នាយើងពិភាក្សារបៀបណាដើម្បីគ្រប់គ្រងប្រទេស»។
ម្ចាស់ហាងកាត់សក់រូបនេះយល់ថា បញ្ហានានាមានលក្ខណៈសាមញ្ញទេ។ លោក Kumbakidioko បានត្អូញត្អែរអំពីបញ្ហាកង្វះសេវាជាមូលដ្ឋាន ដូចជាអត្រាខ្វះការងារធ្វើមានច្រើន ហេដ្ឋារចនាសម្ព័ន្ធអត់ថយ។ លោកនិយាយថា លោកធុញទ្រាន់នឹងការបំភ្លេចពាក្យសន្យាខាងនយោបាយ និងអំពីពុករលួយជាច្រើន។ លោកនិយាយថា លោកគ្រាន់តែចង់ឱ្យអ្នកនយោបាយផ្តល់ឱ្យប្រជាពលរដ្ឋនូវសេវាកម្មមូលដ្ឋានដែលពួកគេសមនឹងទទួលបាន។ ហើយប្រសិនបើបរាជ័យនោះ លោក Kumbakidioko និយាយថា លោកអាចនឹងធ្វើអ្វីម្យ៉ាងក្នុងពិភពនយោបាយដ៏ច្របូកច្របល់នេះ។
លោកនិយាយថា លោកចូលចិត្តនយោបាយហើយប្រហែលជាថ្ងៃណាមួយ ប្រសិនបើលោកមានឱកាស លោកនឹងចាប់យកអាជីពនយោបាយ។
ប៉ុន្តែសម្រាប់ឥឡូវនេះ នៅពេលដែលលោកកំពុងកោររោមលើបំពង់កអតិថិជន មិនឲ្យសល់មួយសសៃនោះ លោកនៅតែ មានបំណងចង់ធ្វើជាអ្នកកាត់សក់។ លោកនិយាយថា នយោបាយរបស់ប្រទេសកុងហ្គោបោកប្រាស់ពេកហើយ៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ