ប្រធានាធិបតី​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​លើក​លែង​ទោស​ដល់​ទណ្ឌិត​នយោបាយ​សាសនា

  • Nick Long

លោក Joseph Kabila ប្រធានាធិបតី​របស់​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (Democratic Republic of Congo) ចូល​រួម​ក្បួន​រំលឹក​ខួប​លើក​ទី៥០​នៃ​ថ្ងៃ​ឯករាជ្យ​ របស់​ប្រទេស​នេះ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១០ នៅ​ក្នុង​ក្រុង​គីនស្ហាសា (Kinshasa)។

ប្រធានាធិបតី​របស់​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោបាន​ផ្តល់​ការ​លើក​លែង​ទោស​ដល់​អ្នកទោស​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពាក់ព័ន្ធ​នឹង​ចលនា​ហាម​ឃាត់​មួយ​ដែល​មាន​ឈ្មោះ​ថា ចលនា Bundu dia Kongo។

ប្រធានាធិបតី​របស់​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (Democratic Republic of Congo) បាន​ផ្តល់​ការ​លើក​លែង​ទោស​ដល់​អ្នកទោស​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពាក់ព័ន្ធ​នឹង​ចលនា​ហាម​ឃាត់​មួយ​ដែល​មាន​ឈ្មោះ​ថា ចលនា Bundu dia Kongo និង​អ្នកទោស​ផ្សេងទៀត​ដែល​មាន​វ័យ​ចាស់​ជាង​៧០ឆ្នាំ ជាមួយ​នឹង​ករណី​លើក​លែង​មួយ​ចំនួន។ លោក​ក៏​បាន​អំពាវនាវ​សារ​ជា​ថ្មី​ទៀត​ឲ្យ​មាន​កិច្ចសន្ទនា​នយោបាយ​ថ្នាក់​ជាតិ​មួយ។

ចលនា Bundu dia Kongo ឬ BDK បាន​ហៅ​ខ្លួន​ឯង​ថា ជា​ចលនា​សាសនាធ្វើ​យុទ្ធនាការ​ទាមទារស្វ័យភាព​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​តំបន់ Bas Congo នៅ​ភាគ​និរតី​នៃ​ប្រទេស​កុងហ្គោ។ មេដឹកនាំ​របស់​ក្រុម​នេះ​លោក Ne Muanda Nsemi​ អះអាង​ថា​ ខ្លួន​បាន​ដើរ​តាម​ការ​ណែនាំ​របស់​ព្រះ។

អ្នក​គាំទ្រ​មេដឹកនាំ​រូបនេះ​មួយ​ចំនួន​ ដែល​មាន​កាន់​ដុំ​ថ្ម និង​ដំបង បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​កង​កម្លាំង​សន្តិសុខ​កាលពី​ដើម​ឆ្នាំ២០០៨។ អង្គការ​សិទ្ធិ​មនុស្ស​ Freedom House បាន​និយាយ​ថា សមាជិក​ចលនា BDK ​ប្រមាណ​១០០​នាក់បាន​ស្លាប់​នៅ​ពេល​នោះ ហើយ​មនុស្ស​១៥០នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។

នា​ពេល​ថ្មីៗ​នេះ លោក Ne Muanda Nsemi គាំទ្រ​ផែនការ​របស់​លោក​ប្រធានាធិបតី Joseph Kabila សម្រាប់​កិច្ចសន្ទនា​នយោបាយ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត​ដែល​ជា​សមាជិក​ចលនា​ BDK របស់​ខ្លួន ដែល​ឥឡូវនេះ​ត្រូវ​បាន​សម្រេច​ដូច​បំណង​ហើយ។ លោក Kabila ក៏​បាន​លើក​លែង​ទោស​ដល់​ទណ្ឌិត​ដែល​មាន​វ័យ​លើស​៧០ឆ្នាំផងដែរ លើក​លែង​តែ​ទណ្ឌិត​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ជា ឧក្រិដ្ឋកម្ម​សង្រ្គាម អំពើ​ពុករលួយ ការ​រំលោភ​ផ្លូវ​ភេទ និង​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ។

នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​ប្រជាជាតិ​នៅ​ល្ងាច​មុនថ្ងៃ​ចូល​ឆ្នាំសកល​ លោក Kabila បាន​សង្កត់​ធ្ងន់​ពី​ឆន្ទៈ​របស់​លោក​ក្នុង​ការរៀបចំ​កិច្ចសន្ទនា​នយោបាយ​នៅ​ក្នុង​ឆ្នាំ២០១៦។

«តាម​រយៈ​កិច្ចសន្ទនា​នយោបាយ យើង​ត្រូវ​តែឈាន​ទៅ​រក​ការ​មូល​មតិ​គ្នា​មួយ​ទៅ​លើ​ចម្ងល់​ផ្សេងៗ​ដើម្បី​បង្កើត​គោលការណ៍​ថ្មី​មួយ​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ»។

លោក Augustin Kabuya អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រឆាំងដ៏​ធំ​បំផុត​ ឈ្មោះ UPDS ​របស់​ប្រទេស​នេះ​បាន​បញ្ចេញ​ទស្សនៈ​ចំពោះ​សុន្ទរកថា​លោក ​Kabila។​

លោក​ថា គំនិត​ទាំង​នេះ​គឺ​ល្អ​ហើយ ប៉ុន្តែ​នៅ​ពី​ក្រោយ​នោះ មាន​របៀបវារៈ​សម្ងាត់​មួយ​ ហើយ​គណបក្ស​សហជីព​សម្រាប់​ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម (UDPS) របស់​លោក​មិនអាច​ចូលរួម​នៅ​ក្នុង​កិច្ចសន្ទនា​នេះ​ ដើម្បី​ឲ្យ​តែ​មាន​កិច្ចសន្ទនាអញ្ចឹង​ទេ។ លោក​ថា «យើង​មិន​អាច​លាក់​បាំង​អ្វី​ដែល​កំពុង​កើត​ឡើង​នោះ​ទេ។ ពលរដ្ឋ​កំពុង​ត្រូវ​បាន​គេ​ចាប់​ខ្លួន ហើយ​ត្រូវ​បាន​កាត់​ទោស​យ៉ាង​អយុត្តិធម៌។ តើ​យើង​អាច​ទុក​ចិត្ត​លើ​របប​បែប​នេះ​គ្រប់គ្រាន់​រហូត​ដល់​អាច​ចូលរួម​នៅ​ក្នុង​កិច្ចសន្ទនា​បាន​ដែរ​ឬ​យ៉ាង​ណា?»។​

លោក Kabuya បាន​ចោទ​ជា​សំណួរ​ថា​តើ​ ការ​លើក​លែង​ទោស​ដែល​បាន​សន្យា​នោះ​អាច​នឹង​កើត​ឡើង​ដែរ ​ឬ​ទេ។

គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​លោក Kabila ថា​ ការ​អំពាវនាវ​ឲ្យ​មាន​កិច្ចសន្ទនា​នេះគឺ​ដើម្បី​អាច​កាន់អំណាច​បាន​កាន់​តែ​យូរលើស​អាណត្តិ​ចំនួន​ពីរ ដែល​បាន​កំណត់​ដោយ​រដ្ឋ​ធម្មនុញ្ញ។ អាណត្តិ​របស់​លោក​នឹង​ត្រូវ​ផុត​នៅ​ខែ​ធ្នូ ឆ្នាំក្រោយ។​

អ្នក​វិភាគ​នយោបាយ​លោក Felicien Kabamba បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នា​ពេល​ថ្មីៗ​នេះ​ថា ពលរដ្ឋ​កុងហ្គោ​ភ័យ​ខ្លាច​ចំពោះ​អ្វី​ដែល​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ២០១៦។

លោក​និយាយ​ថា ប្រមុខ​រដ្ឋ​បាន​ធានា​ដល់​ពលរដ្ឋ​ហើយ​ថា នឹង​មិន​មាន​ការ​បង្ហូរ​ឈាម​ណា​មួយ​នោះ​ទេ ប៉ុន្តែ​ពលរដ្ឋ​ក៏​នៅ​តែ​រំពឹង​ឲ្យ​លោក​និយាយ​រឿង​មួយ​ចំនួន​ពី​ផែនការ​នា​ពេល​អនាគត​របស់​ខ្លួន​លោក បន្ទាប់​ពី​ខែ​ធ្នូ ឆ្នាំ​ក្រោយ។ ផ្ទុយ​ទៅ​វិញ លោក​មិន​បាន​លើក​ឡើង​ពី​ផែនការ​អ្វី​ទាំងអស់​៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ