ប្រទេស​កុងហ្គោ​ចោទ​អាមេរិក​ថា​ ព្យាយាម​ចូល​ជ្រៀតជ្រែត​ការ​បោះឆ្នោត​បន្ទាប់​ពី​បិទ​ទ្វា​ស្ថានទូត​ក្នុង​ទីក្រុង Kinshasa

លោក Lambert Mende អ្នក​នាំពាក្យ​រដ្ឋាភិបាល​កុងហ្គោ ថ្លែង​នៅ​ក្នុង​ក្រុង Kinshasa កាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។

រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​បាន​ឲ្យ​ដឹងថា​ សហរដ្ឋអាមេរិក​កំពុង​បង្កើត​ភាព​ភ័យខ្លាច​ដែល​មិន​ទំនង​បន្ទាប់​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង Kinshasa​ ផ្សព្វផ្សាយ​ថា​ខ្លួន​បាន​ដឹង​អំពី​ការគំរាម​កំហែងដែល​អាច​កើតឡើង​ទៅ​លើ​សន្តិសុខ​របស់​ស្ថានទូត​នៅមុន​ការបោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស។

ស្ថានទូត​អាមេរិក​បាន​បិទទ្វាកាល​ពីថ្ងៃចន្ទ​ បន្ទាប់​ពី​ចេញ​សេចក្តីរាយការណ៍​កាល​ពីចុង​សប្តាហ៍​ថា​ខ្លួន​កំពុង​តាមដាន​អំពី​ការគំរាមកំហែង​ប្រឆាំង​នឹង​ការិយាល័យ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ប្រចាំ​ក្នុង​ទីក្រុង Kinshasa។

រដ្ឋាភិបាល​កុងហ្គោ​បាន​ឆ្លើយតប​ភ្លាមៗ​ដោយ​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ព្យាយាម​ជ្រៀតជ្រែក​ចូលក្នុង​ការបោះឆ្នោត​របស់​កុងហ្គោ​នៅ​ខែធ្នូ​ខាងមុខ​នេះ។

លោក Lambert Mende អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់សារព័ត៌មាន AFP ថា «អ្នក​មិន​ត្រូវ​ទុកចិត្ត​ព័ត៌មាន​ដែល​ទទួល​បាន​ពី​មនុស្ស​ដែល​ចង់​បង្កើត​ភាពភ័យខ្លាច​ដែល​មិនទំនង​ និង​មិនច្បាស់លាស់​ក្នុង​ចំណោម​ពលរដ្ឋ​កុងហ្គោ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ការបោះឆ្នោត​ចូល​មក​ដល់​នោះ​ទេ»។

ភាពតានតឹង​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​កុងហ្គោ​ដែល​ញាំញី​ដោយសារ​សង្គ្រាម និង​សហរដ្ឋអាមេរិក​បាន​កើនឡើង​កាន់​តែខ្លាំង​ចាប់តាំង​ពី​ប្រធានាធិបតី​លោក Joseph Kabila ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ២០០១មក។

លោក Kabila បាន​ធ្វើ​ការ​បង្ក្រាប​បាតុកម្ម​នានា​ និង​ឃ្លាំមើល​ការប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​ក្នុង​ប្រទេស​កុងហ្គោ​ ដែល​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការរិះគន់​ចោទប្រកាន់​ថា​លោក​ក្រាញននៀល​នឹង​អំណាច។ ក្រុមអ្នកវិភាគ​និយាយ​ថា លោក Kabila បាន​សម្រេចចិត្ត​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់​អាណត្តិ​ទីបី​ ដោយសារ​មាន​សម្ពាធ​ខ្លាំងៗ​ពី​ក្នុង​តំបន់​និងពី​អន្តរជាតិ។

មន្ទិលសង្ស័យ​ពី​សំណាក់​អន្តរជាតិ​អំពី​លទ្ធភាព​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី​និងយុត្តិធម៌​នៅក្នុង​ប្រទេសកុងហ្គោ​ដែល​នឹង​ធ្វើឡើង​នៅ​ខែធ្នូ​ខាងមុខ​នេះ។ គេនៅ​មិនទាន់​មើលឃើញ​អំពី​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅក្នុង​ប្រទេស​នៅ​ឡើយ​ទេ​ ចាប់តាំង​ពី​ប្រទេសនេះ​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​ប៊ែលហ្ស៊ិក​កាល​ពីឆ្នាំ១៩៦០​មក៕