រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលរបស់លោកនឹងមិនរំលាយអាវុធនុយក្លេអ៊ែរមុនពេលខ្លួនមានទំនុកចិត្តសហរដ្ឋអាមេរិកទេ។
លោក Ri Yong Ho រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងបានប្រាប់មហាសន្និបាតរបស់អង្គការសហប្រជាជាតិថា «ដោយមិនមានការទុកចិត្តសហរដ្ឋអាមេរិក យើងនឹងមិនមានទំនុកចិត្តខាងសន្តិសុខរបស់យើងទេ ហើយក្នុងកាលៈទេសៈណាក៏ដោយ យើង នឹងមិនរុះរើអាវុធរបស់យើងជាឯកតោភាគីនោះទេ»។
លោករដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងបាននិយាយទៀតថា «ការតាំងចិត្តរបស់សាធារណរដ្ឋប្រជាមានិតុប្រជាធិបតេយ្យកូរ៉េ (DPRK) ដល់ការធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរមានភាពជាក់លាក់។ ការណ៍នេះអាចធ្វើទៅបាន បើសហរដ្ឋអាមេរិកធ្វើឲ្យយើងមានទំនុកចិត្តលើសហរដ្ឋអាមេរិកនោះ»។
លោកបាននិយាយទៀតថា ការខ្វះភាពទុកចិត្តលើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមូល ហេតុធ្វើឲ្យការពិភាក្សាការគ្មានអាវុធនុយក្លេអ៊ែរ នោះជាប់គាំងចាប់តាំងពីជំនួបកំពូលជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសសិង្ហបិរីនៅខែមិថុនា រវាងប្រធានាធិបតី ដូណាល់ ត្រាំនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
លោករដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងបានព្រមានថា ប្រសិនបើប្រទេសទាំង២បន្តមិនទុកចិត្តគ្នា សេចក្តីថ្លែងការណ៍រួមរបស់ជំនួបកំពូលនឹងមានជោគវាសនាដោយការទទួលការបរាជ័យដូចកិច្ចព្រមព្រៀងមុនៗរវាងប្រទេសទាំង២ដែរ។
លោកបាននិយាយទៀតថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានចាត់វិធានការជាដុំកំភួន រួមមានការបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែរនិងកាំជ្រួចឆ្លងទ្វីបដែលត្រូវបានហាត់ឃាត់នៅក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ដែលនៅមានជាធរមានហើយនឹងរុះរើកន្លែងសាកល្បងនុយក្លេអ៊ែរ Punggye ក៏ប៉ុន្តែ មិនបានឃើញការឆ្លើយតបពីសហរដ្ឋអាមេរិកទេ៕