ក្រុមការងារត្រួតពិនិត្យនិងការពារជនស៊ីវិលបានចោទប្រកាន់កាលពីថ្ងៃអង្គារថា យន្តហោះចម្បាំងរបស់រដ្ឋាភិបាលស៊ីរី ឬរុស្ស៊ីបានធ្វើការវាយប្រហារដោយប្រើឧស្ម័នពុលទៅលើក្រុងមួយដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅប៉ែកខាងជើងប្រទេសស៊ីរី។
ហេតុការណ៍នោះបានសម្លាប់មនុស្សអស់រាប់សិបនាក់និងបណ្តាលឲ្យមនុស្សរាប់រយនាក់ទៀតរងរបួស។ អង្គការ Union of Medical Care and Relief ដែលជាស្ថាប័នចម្រុះរវាងជំនួយមនុស្សធម៌និងសុខាភិបាលរបស់បស្ចិមប្រទេស បានបញ្ចេញតួលេខអ្នកស្លាប់រហូតដល់១០០នាក់និងតួលេខអ្នករងរបួសជាង៣៥០នាក់។
សកម្មជនដែលប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីបានពណ៌នាការវាយប្រហារនេះថាជាការវាយប្រហារដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមយ៉ាងឃោរឃៅអស់រយៈពេល៦ឆ្នាំមកហើយ ហើយក្រុមប្រឆាំងនយោបាយធំបំផុតដែលមានឈ្មោះថា Syrian National Coalition បានហៅការវាយប្រហារនេះថាជា«ការសម្លាប់រង្គាលដ៏រន្ធត់»។
រុស្ស៊ីបាន«បដិសេធយ៉ាងដាច់អហង្ការ»ថាខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះនោះទេ។ រដ្ឋាភិបាលស៊ីរីក៏បានបដិសេធថាមិនបានប្រើប្រាស់អាវុធគីមីទៅលើជនស៊ីវិលនោះដែរ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំជាបន្ទាន់មួយនៅព្រឹកថ្ងៃពុធនេះ ដើម្បីពិភាក្សាទៅលើហេតុការណ៍ដែលបានកើតឡើងនេះ៕