មនុស្ស​ជាច្រើន​នាក់​ជាន់​​គ្នា​ស្លាប់​​នៅ​ក្នុង​ពិធី​បុណ្យ​សាសនា​ក្នុង​ប្រទេស​អ៊ីស្រាអែល

  • ​Reuters

មន្ត្រីសន្តិសុខនិងក្រុមអ្នកជួយសង្គ្រោះបញ្ជូនសាកសពជនរងគ្រោះម្នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍ជាន់គ្នាស្លាប់ នៅក្នុងពិធីសាសនា Lag Ba'Omer នៅតំបន់ភ្នាំ Maron ភាគខាងជើងប្រទសអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ទី ៣០ ខែមេសា ឆ្នាំ ២០២១។

បុគ្គលិក​សុខាភិបាលអ៊ីស្រាអែល​បាន​ឲ្យ​ដឹង​ថា មនុស្ស​ជា​ច្រើន​នាក់​បាន​ជាន់​គ្នា​ស្លាប់នៅ​ក្នុង​ហ្វូង​មនុស្ស​កកកុញ​ដែលបានចូលរួមពិធី​បុណ្យ​សាសនា​មួយ នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល នៅ​ថ្ងៃ​សុក្រ​នេះ។

នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ពណ៌នា​ហេតុការណ៍នេះ​ថាជា «គ្រោះ​មហន្តរាយដ៏​ធ្ងន់​ធ្ងរ»។

ការជាន់​គ្នា​ស្លាប់​នេះ​កើត​ឡើង​នៅ​ពេលដែល​អំបូរ​ជនជាតិ​ជ្វីហ្វ​កាន់​សាសនា​គ្រឹស្ត ultra-Orthodox រាប់​ម៉ឺន​នាក់​ បាន​សម្រុក​ទៅ​កាន់​ផ្នូរនៅ Galilee ដែល​មាន​អាយុកាលពីរ​សតវត្ស​របស់​អាចារ្យ Shimon Bar Yochai ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ Lag B'Omer ប្រចាំឆ្នាំ ​ដែល​រួមមាន​ការ​សូត្រធម៌​និង​ចៀង​ចម្រៀង​សាសនា ​និង​រាំ​រែក​ពេញ​មួយ​យប់។​

អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក​ បាន​និយាយ​ថា មនុស្ស​ជា​ច្រើន​នាក់​បាន​ថប់​ដង្ហើម​ស្លាប់ ​ឬជាន់​គ្នា​នៅលើ​ផ្លូវ​ដ៏​តូច​ចង្អៀត អ្នកខ្លះ​ទៀត​មិន​បាន​ចាប់​អារម្មណ៍ រហូត​ទាល់តែប្រព័ន្ធ​ប្រកាស​អាសន្ន​សាធារណៈ ប្រកាស​ឲ្យ​បំបែក​ហ្វូង នៅពេល​ដែល​មនុស្ស​ជា​ច្រើន​នាក់​បានប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ជម្រាល​ភ្នំ Meron ដែល​ជា​ការបំពាន​បំរាម​រក្សា​គម្លាតជំងឺ​កូវីដ១៩។​

សេវារថយន្ត​សង្គ្រោះ​បន្ទាន់ Magen David Adom (MDA) បាន​ឲ្យ​ដឹង​ថា ឧទ្ធម្ភាគចក្រ​បាន​ដឹក​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ​ជា​ច្រើន​កន្លែង​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីស្រាអែល។ មន្ត្រី​យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ក្រុម​រុករក​និង​ជួយ​សង្គ្រោះ​និង​ក្រុមគ្រូពេទ្រ​ត្រូវ​បានចុះអន្តាគមន៍ទៅកាន់​ទីកន្លែង​កើតហេតុនោះ។

មន្ត្រី​បើករថយន្ត​សង្គ្រោះ​បន្ទាន់​បាន​ពណ៌នា​ហេតុការណ៍​នេះ​ថា ជា​ឧបទ្ទវហេតុ​ជាន់​គ្នា ​ហើយ​បាន​និយាយ​ថា​ មនុស្ស​ ១០៣ ​នាក់ ​បានរងរបួស ​រួមទាំង​អ្នក​ស្លាប់​រាប់​សិប​នាក់​ផងដែរ។

ស្ថានីយទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែល បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៤០ នាក់។ អ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែក បាននិយាយថា អ្នកស្លាប់ទាំងនោះរួមមានកុមារផងដែរ៕