ប្រទេស​ផ្តល់​ជំនួយ​អនុម័ត​បន្ថែម​លុយ​ជាង​៣០លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម

ទិដ្ឋភាព​ទូទៅ​នៃ​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​កំពូលៗ​ខ្មែរ​ក្រហម។​

គម្រោង​ថវិកា ឆ្នាំ២០១៧​នេះ​ មាន​ទឹក​ប្រាក់​សរុប​ចំនួន​៣០លាន​ដុល្លារ។ ក្នុង​នោះ​ចំនួន ២៣លាន ២សែន ៦ម៉ឺនដុល្លារ ជា​គម្រោង​ចំណាយ​សម្រាប់​ភាគី​អន្តរជាតិ និង​ចំនួន ៦លាន ៣សែន ៧ម៉ឺន ដុល្លារ​ទៀត​ជា​គម្រោង​ចំណាយ​សំរាប់​ភាគី​ជាតិ។

ក្រុម​ប្រទេស​ផ្តល់​ជំនួយ​នានា​ក្នុងបូរី​ញូវយ៉ក​បាន​សម្រេច​អនុម័ត​ផ្តល់​ថវិកា​ចំនួន​ជាង​៣០លាន​ដុល្លារ​សម្រាប់​គាំទ្រ​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​ឆ្នាំ ២០១៦ និង ឆ្នាំ​២០១៧។ នេះ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ដែល​ចេញ​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ។

លោក ក្រាញ់ តូនី (Kranh Tony) ប្រធាន​ការិយាល័យ​រដ្ឋបាល​ស្តីទី​និង​លោក ឃ្នុត រ៉ូហ្សិនហក (Knut Rosandhaug) អនុ​ប្រធាន​រដ្ឋបាល​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែង​តាម​ខ្លឹមសារ​ដើមថា៖

«យើង​សូម​ស្វាគមន៍​ចំពោះ​ការ​អនុម័ត​លើ​គម្រោង​ថវិកា​ថ្មី​នេះ និង​សូម​អំពាវនាវ​ដ៏​ទទូច​ដល់​សហគមន៍​ម្ចាស់​ជំនួយ បន្ត​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​សាលាក្តី​ខ្មែរក្រហម​ដើម្បី​អនុវត្តន៍​ដោយ​ជោគជ័យ​លើ​អាណត្តិ​ការងារ​របស់​ខ្លួន‍»។

គម្រោង​ថវិកា ឆ្នាំ២០១៧​នេះ​ មាន​ទឹក​ប្រាក់​សរុប​ចំនួន​៣០លាន​ដុល្លារ។ ក្នុង​នោះ​ចំនួន ២៣លាន ២សែន ៦ម៉ឺនដុល្លារ ជា​គម្រោង​ចំណាយ​សម្រាប់​ភាគី​អន្តរជាតិ និង​ចំនួន ៦លាន ៣សែន ៧ម៉ឺន ដុល្លារ​ទៀត​ជា​គម្រោង​ចំណាយ​សំរាប់​ភាគី​ជាតិ។

គម្រោង​ចំណាយ​ចុង​ក្រោយ​នេះ បាន​កើន​ជិត២​លាន​ដុល្លារ​បើ​ធៀប​នឹង​ការ​ចំណាយ​ឆ្នាំ​កន្លង​ទៅ។

សាលាក្តី​ខ្មែរ​ក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប. យូរៗ​ម្តង​ប្រឈម​នឹង​ការខ្វះខាត​ថវិកា​ហើយ​នាំ​ឲ្យ​មាន​ការពន្យា​ពេល​និង​ខកខាន​ដំណើរការ​សាលាក្តី។ ការណ៍​នេះ ត្រូវ​គេ​គិត​ថា គឺ​ដោយសារ​តែ​មានការចោទ​ប្រកាន់​ពី​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​និង​អំពើ​ពុករលួយ។

សាលាក្តី​ខ្មែក្រហម​ចំណាយ​ថវិកា​ប្រមាណ​២៧០​លាន​ដុល្លារ​ចាប់តាំង​ពីឆ្នាំ​២០០៦ មក​ដើម្បី​កាត់ទោស​ពួកអតីត​មេដឹកនាំ​ខ្មែរក្រហម បាន​តែ​៣នាក់​ប៉ុណ្ណោះ ដែល​ពាក់ព័ន្ធនឹង​ការកាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​៧សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។ សាលាក្តី​នេះ​កំពុង​បន្ត​កាត់ទោស​សំណុំ​រឿង​សេសសល់​បន្ថែម​ទៀត​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​និង​ភាគី​ពាក់ព័ន្ធ៕