ក្រុមប្រជាពលរដ្ឋចំនួន៨៤គ្រួសារ ដែលរស់នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ គ្រោងឡើងមកដាក់ញត្តិនៅរាជធានីភ្នំពេញ ដោយសារពួកគេមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិដើម្បីកាន់កាប់ដីទំហំ១៥០ហិកតា នៅក្នុងស្រុកមណ្ឌលសីមា ចាប់តាំងពីក្រុមនិស្សិត និងអាជ្ញាធរមូលដ្ឋាន បានបញ្ចប់ការវាស់វែងដីរបស់ពួកគេតាំងពីដើមឆ្នាំ២០១៣។ នេះបើយោងទៅតាមការបញ្ជាក់របស់តំណាងប្រជាពលរដ្ឋ និងមន្ត្រីសម្របសម្រួលសិទ្ធិមនុស្សប្រចាំខេត្តកោះកុង។
ក្រុមប្រជាពលរដ្ឋទាំងអស់នេះ ភាគច្រើនជាអតីតទាហានខ្មែរក្រហម និងប្រជាពលរដ្ឋដែលត្រូវបានមន្ត្រីរដ្ឋាភិបាល ស្នើឲ្យប្តូរទីលំនៅពីខេត្តពោធិ៍សាត់ មកខេត្តកោះកុងកាលពីឆ្នាំ២០០៧។ ពួកគេត្រូវបានអនុញ្ញាតឲ្យទៅធ្វើការដាំដុះនៅលើដីចំនួន១៥០ ហិកតានោះ។ ប៉ុន្តែពួកគេពុំទាន់ទទួលបានបណ្ណកម្មសិទ្ធិពីរដ្ឋាភិបាលនោះឡើយទោះបីជាពួកគេបានបង្កបង្កើនផលកសិកម្មលើដីនោះអស់ជាច្រើនឆ្នាំ។
លោកស្វាយ តុប តំណាងប្រជាពលរដ្ឋប្រាប់ VOA កាលពីថ្ងៃពុធ អំពីការផ្លាស់ប្តូរទីលំនៅពីខេត្តពោធិ៍សាត់ ជាថ្នូរនឹងការទទួលបានដីនៅខេត្តកោះកុងថា៖
«កាលពីដំបូងឡើយមក ខ្ញុំនៅឯខាងខេត្តពោធិ៍សាត់ នៅគេហៅតំបន់ថ្មដា បាទ ដល់ក្រោយមកបានខាងខេត្តកោះកុងហ្នឹង គាត់ទៅយកពួកខ្ញុំពីនោះមក។ ទៅយកពួកខ្ញុំពីនោះមកនៅក្នុងខេត្តហ្នឹង បានខេត្តហ្នឹងបែងចែកដី ទាំងដីផ្ទះ ទាំងដីចំការហ្នឹង ដីភូមិសព្វថ្ងៃហ្នឹង ក៏គាត់ចែកឲ្យដែរបានម្នាក់ក្បាល១៥ម៉ែត្រ បណ្តោយ៣០ ហើយដល់ដីចំការហ្នឹងគាត់ឲ្យក្បាល១០០ ហើយបណ្តោយយើងធ្វើបានប៉ុណ្ណា យកប៉ុណ្ណឹងទៅ ព្រោះដំបូងឡើយមកពួកខ្ញុំនៅថ្មដានោះ ដីម្នាក់ៗ៤ [ទៅ]១០ ២០ហិកតានោះ ប៉ុន្តែមកចោលទាំងផ្ទះ ចោលទាំងដី និងធ្លី គេថាមកនេះមក មិនចេះខ្វះទេដី»។
លោកបន្តថា ប្រជាពលរដ្ឋមករស់នៅទីនេះបានរយៈពេលជិតបួនឆ្នាំ ពួកគេខិតខំសម្អាតដីសម្រាប់ធ្វើស្រែ និងដំាដុះដំណាំផ្សេងៗ។ ប៉ុន្តែ ក្រោយពីមានវត្តមានអង្គការ Wild Aid ប្រជាពលរដ្ឋចាប់ផ្តើមមានទំនាស់ដីធ្លី ដោយសារអង្គការនេះបានហាមប្រជាពលរដ្ឋមិនឲ្យធ្វើការដាំដុះនៅលើដីនោះ ដែលនាំឲ្យប៉ះដល់គម្របព្រៃការពារ។
ក្រុមប្រជាពលរដ្ឋបានតវ៉ារហូតដល់មានការវាស់វែងដីធ្លីពីក្រុមនិស្សិត រដ្ឋបាលព្រៃឈើខេត្ត និងអង្គការ Wild Aid នេះ។ អង្គការនេះ ក៏បានបញ្ចប់ការជំទាស់របស់ខ្លួនលើដី ដែលប្រជាពលរដ្ឋកាន់កាប់ ហើយបានស្នើឲ្យប្រជាពលរដ្ឋជួបជាមួយអាជ្ញាធរខេត្តដើម្បីស្វែងរកដំណោះស្រាយ។ ប៉ុន្តែ អាជ្ញាធរខេត្តមិនបានផ្តល់ដំណោះស្រាយអ្វីនោះឡើយ។
រហូតដល់ឆ្នាំ២០១៥ លោក ប៉ែន វណ្ណា អភិបាលរងស្រុកមណ្ឌលសីមា មន្ត្រីសុរិយោដីស្រុក និងមន្ត្រីប៉ូលីស បានទៅវាស់វែងដីរបស់ប្រជាពលរដ្ឋជាច្រើនដងទៀត។ នៅពេលនោះលោកអភិបាលរងស្រុកបានបញ្ជាឲ្យមន្ត្រីជំនាញសុរិយោដី ទារលុយពីប្រជាជនជាញឹកញាប់ដែលលុយនោះមានចំនួនពី៣០,០០០រៀល រហូតដល់ប្រមាណ ៤០០.០០០រៀល ជាថ្នូរនឹងការវាស់វែងដើម្បីបានបណ្ណកម្មសិទ្ធិ។
«គាត់ទារលុយពីប្រជាពលរដ្ឋក្នុងម្នាក់ ៥០ទៅ១០០ដុល្លារ ហើយខ្ញុំក៏ថាឥឡូវបើ ៥០ ទៅ១០០ ខ្ញុំថាអីទេ ប៉ុន្តែធ្វើម៉េចឲ្យបានដីហ្នឹងឲ្យខ្ញុំ។ បើឲ្យខ្ញុំធ្វើចាប់ពីថ្ងៃហ្នឹងទៅ គឺខ្ញុំបង់លុយថ្ងៃហ្នឹង បើថាអត់ឲ្យខ្ញុំធ្វើទេ ខ្ញុំអត់ឲ្យដល់អញ្ចឹង តាំងពីថ្ងៃហ្នឹងមកគាត់ក៏របៀបអន់ចិត្ត រហូតតាំងពីហ្នឹងមកស្ងាត់»។
លោកបញ្ជាក់បន្តទៀតថា ក្រោយពីការវាស់វែងដីជាច្រើនលើកហើយ ប្រជាពលរដ្ឋនៅមិនបានទទួលបណ្ណកម្មសិទ្ធិដីធ្លីទាំងនោះ។ ប្រជាពលរដ្ឋក៏បានចាប់ផ្តើមការតវ៉ាម្តងទៀតនៅឆ្នាំ២០១៦ ដោយពួកគេបានដាក់ពាក្យប្តឹងទៅរដ្ឋបាលព្រៃឈើ នៅក្រសួងកសិកម្ម និងខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែពួកគេពុំទទួលបានការឆ្លើយតប។
លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់នៃខេត្តកោះកុង ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា មិនមានករណីទាក់ទិនការទាមទារបណ្ណកម្មសិទ្ធិដីធ្លីនៅស្រុកមណ្ឌលសីមានោះទេ។ លោកនិយាយថា លោកនឹងទាក់ទងទៅខាងសាលាខេត្ត ដើម្បីស្រាវជ្រាវអំពីករណីនេះ។ លោកក៏បានច្រានចោលការចោទប្រកាន់អំពីការទារលុយកាក់ពីប្រជាពលរដ្ឋនោះ។
«បើមានការអ្វីអ្នកណានេះ សូមប្អូនមកជួបខ្ញុំឲ្យច្បាស់មកណ៎ា បើរឿងយកលុយយកកាក់។ អត់មានទេណ៎ាបាទ»។
VOA មិនទាន់អាចសុំការអធិប្បាយពីអភិបាលស្រុករងមណ្ឌលសីមា ប៉ែន វណ្ណា និងលោក ស៊ុន តារា អភិបាលរងខេត្តកោះកុង ដែលទទួលបន្ទុកដោះស្រាយបញ្ហាទំនាស់ដីធ្លីបាននៅឡើយទេ នៅថ្ងៃព្រហស្បត៍នេះ។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់ VOA ថា ករណីវាស់វែងដីធ្លីនៅស្រុកមណ្ឌលសីមានេះ ស្ថិតក្នុងចំណោមករណីចំនួន៥ ដែលអាជ្ញាធរខេត្តមិនទាន់អាចរកដំណោះស្រាយជូនប្រជាពលរដ្ឋបាននៅឡើយ។ លោកបញ្ជាក់ថា ក្រៅពីករណីវាស់វែងដីធ្លី ខេត្តកោះកុងក៏នៅសល់ករណីទំនាស់ដីធ្លីរវាងប្រជាជន និងក្រុមហ៊ុនចំនួន៩ករណីផ្សេងទៀតដែលមិនទាន់ដោះស្រាយផងដែរ។
លោកបន្ថែមថា រដ្ឋាភិបាលអាចប្រឈមនឹងការតវ៉ាទ្រង់ទ្រាយធំពីប្រជាពលរដ្ឋ ប្រសិនបើមន្ត្រីដែលទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លីនេះ បន្តទុកឲ្យករណីទាំងអស់នេះអូសបន្លាយពេលយូរទៅមុខទៀតនោះ។
«ការណ៍ដែលរដ្ឋាភិបាលអូសបន្លាយ មិនយកចិត្តទុកដាក់ក្នុងការដោះស្រាយ បញ្ចប់ជម្លោះនេះ វាអាចហ្នឹង បណ្តាលទៅឲ្យសហគមន៍ដែលរងផលប៉ះពាល់ ដែលរងគ្រោះដីធ្លីហ្នឹងគាត់អាចនឹងចងក្រងជាបណ្តាញ គាត់នឹងធ្វើការតស៊ូមតិរួមគ្នាទៅថ្ងៃអនាគត បាទ»។
លោកស្វាយ តុប តំណាងប្រជាពលរដ្ឋ បានឲ្យដឹងបន្ថែមថា ក្រុមប្រជាពលរដ្ឋនឹងមកដាក់ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងទៀតនៅក្នុងខែមករានេះ ដោយលោករំពឹងថា នឹងមានដំណោះស្រាយសម្រាប់រូបលោក និងប្រជាពលរដ្ឋផ្សេងទៀត ដែលកំពុងប្រឈមនឹងបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកថា ការសម្រេចដាក់ញត្តិសារជាថ្មីនេះធ្វើឡើង ដោយសារតែលោកសង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើនផ្សេងទៀតបានចាកចេញពីខេត្តកោះកុងមកតវ៉ានៅរាជធានីភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយពីរដ្ឋាភិបាល ដើម្បីបញ្ចប់ទំនាស់ដីធ្លីរបស់ពួកគេផងដែរ៕