លោក Trump បដិសេធ​ការ​សុំឱ្យ​ស​ម្ព័ន្ធមិត្ត​របស់​លោកដឹកនាំ​ការ​ស៊ើប​អង្កេត​អំពី​ការផ្តល់ប្រាក់បិទ​មាត់មិនឱ្យនិយាយ

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ 

នៅ​ពេល​ត្រូវសួរ​អំពី​រឿងនេះ​ លោក Trump បាននិយាយថា «ទេ​ មិនមែន​ដូច្នេះទេ។​ខ្ញុំ​មិន​ដឹងទេថា​តើ​នរណា​និយាយ​ប្រាប់លោកអ្នកអំពី​រឿង​នេះ។​នេះ​ជា​ព័ត៌មាន​មិនពិតទេ។ មានព័ត៌មានមិនពិត​ជា​ច្រើន។ ទេ​ ខ្ញុំមិន​បានសុំ​ដូច្នេះទេ»។

លោកប្រធានាធិបតី​ស.រ.អា Donald Trump បានបដិសេធ​ថា​ លោកមិនបានសុំ​ដល់អតីត​រដ្ឋមន្ត្រី​យុត្តិធម៌​ស្តី​ទី​របស់លោកឱ្យ​ដាក់សម្ព័ន្ធមិត្ត​របស់លោក​ឱ្យ​មើលការខុស​ត្រូវ​លើ​ការ​ស៊ើបអង្កេត​សហព័ន្ធមួយ​អំពី​ការ​ផ្តល់ប្រាក់​បិទ​មាត់ដល់​ស្ត្រី​ពីរ​នាក់​មិន​ឱ្យ​និយាយនៅ​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១៦។​

ការ​ចោទ​ប្រកាន់​នេះមានឡើង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​អត្ថបទ​មួយ​របស់​កាសែត New York Times ដែល​ចែង​ថា​លោក​ Trump បាន​ហៅ​ទូរសព្ទ​ទៅ​លោកMatthew Whitaker ដោយ​សួរ​លោកថា​តើ​លោកអាចដាក់​លោក Geoffrey Berman មេធាវី​ស.រ.អ.សម្រាប់តំបន់​ខាង​ត្បូង​នៃ​រដ្ឋ New York ឱ្យ​ទទួល​ខុស​ត្រូវ​ដល់ការ​ស៊ើបអង្កេត​នេះឬ​ទេ។

នៅ​ពេល​ត្រូវសួរ​អំពី​រឿងនេះ​ លោក Trump បាននិយាយថា «ទេ​ មិនមែន​ដូច្នេះទេ។​ខ្ញុំ​មិន​ដឹងទេថា​តើ​នរណា​និយាយ​ប្រាប់លោកអ្នកអំពី​រឿង​នេះ។​នេះ​ជា​ព័ត៌មាន​មិនពិតទេ។មានព័ត៌មានមិនពិត​ជា​ច្រើន។ ទេ​ ខ្ញុំមិន​បានសុំ​ដូច្នេះទេ»។

ប្រសិន​បើ​ការណ៍​នេះពិត រឿង​នេះ​អាច​ត្រូវ​ប្រើប្រាស់​ជា​ភស្តុតាង​ថា​លោក​ Trump បានស្វះស្វែង​ធ្វើឱ្យមាន​ឥទ្ធិពល​លើ​ការ​ស៊ើបអង្កេត​មួយ​ក្នុង​បណ្តា​ការ​ស៊ើបអង្កេត​មួយ​ចំនួនដោយ​អង្គការ​ពង្រឹង​ច្បាប់អំពី​អាកប្បកិរិយា​របស់លោកនិងអំពី​អាកប្បកិរិយា​របស់​ពួក​សហការី​លោកផង​ដែរ។​

សារព័ត៌មាន​ New York Times បាននិយាយ​យោង​ដល់​ក្រុម​មន្ត្រីស.រ.អា​មួយ​ចំនួន​ដែលបានដឹង​ដោយផ្ទាល់​អំពី​ការ​និយាយ​ទូរសព្ទរវាងលោក Trump និង​លោក Whitaker។​ កាសែត​នេះ​បាននិយាយ​ថា​លោក Berman បាន​សុំ​ដក​ខ្លួនលោក​ចេញ​ពី​ករណីយនេះ​ហើយ​ដោយសារ​មាន​ទំនាស់ផលប្រយោជន៍។​

ការ​ស៊ើបអង្កេត​នេះមាន​ទាក់ទិននឹង​ការ​បង់ប្រាក់​ដោយលោក Michael Cohenមេធាវី​យូរយាមក​ហើយ​របស់លោក​ Trump ឱ្យ​ដល់​ស្ត្រី​ពីរ​នាក់ដែលបាននិយាយថា​ពួក​គេមានទំនាក់ទំនង​ខាង​ភេទ​ជា​មួយ​លោក​ Trump។ទឹក​ប្រាក់​នេះគឺ​ដើម្បី​កុំឱ្យស្ត្រី​ទាំង​នេះនិយាយ​រឿង​របស់ពួក​គេនិង​ធ្វើកុំឱ្យមាន​ផលមិនល្អ​ដល់ការ​ឈរ​ឈ្មោះ​ប្រធានាធិបតី​របស់លោក Trump។

លោក Cohen បានទទួល​សារភាព​ថា​លោកមានទោស​ដោយ​រំលោភ​លើការ​ផ្តល់​ប្រាក់កា​សសម្រាប់​ការ​ឃោសនា​បោះឆ្នោត​ដែល​មាន​ទាក់ទិននឹង​ការ​បង់ប្រាក់ឱ្យស្ត្រី​ទាំង​ពីរ​នាក់នេះ៕