លោក​ត្រាំ និយាយ​ថា លោក​កំពុង​ពិចារណា​ជម្រើស​ប្រើ​កម្លាំង​យោធា​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា

ប្រធានាធិបតី​ត្រាំ​ អម​ដោយ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស Rex Tillerson និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Nikki Haley ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ទីតាំង​វាយកូនហ្គោល​របស់ត្រាំក្នុង​ទីក្រុង​ Bedminster រដ្ឋ New Jersey​ កាលពីថ្ងៃទី១១ សីហា ២០១៧។

ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ មានប្រសាសន៍​ថា ជម្រើស​ក្នុង​ការ​ប្រើ​កម្លាំង​ប្រឆាំង​ប្រទេស​វ៉េណេស៊ុយអេឡា នៅ​មាន​នៅឡើយ​ ដោយ​លោក​បាន​ពណ៌នា​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​នោះ​ថា «មាន​ភាព​រញ៉េរញ៉ៃ​ប្រកបដោយ​គ្រោះថ្នាក់»។

លោក​ ដូណាល់ ត្រាំ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ឯ​កន្លែង​វាយ​កូន​ហ្គោល​លំហែ​កាយ​របស់​លោក​ក្នុង​រដ្ឋ New Jersey ​ថា៖

«យើង​មាន​ជម្រើស​ច្រើន​សម្រាប់​ប្រទេស​វ៉េណេស៊ុយអេឡា រួម​ទាំង​ជម្រើស​យោធា​ផង ប្រសិន​បើ​ចាំបាច់»។

​លោក​ ដូណាល់ ត្រាំ និយាយ​ថា លោក​ «នឹង​មិន​ទាត់ចោល»​ ជម្រើស​យោធា​ទេ។ លោក​និយាយ​បន្ថែម​ថា «ប្រាកដ​ណាស់ នោះ​គឺ​ជា​ជម្រើស​ដែល​យើង​អាច​យក​មក​ប្រើ​បាន»។

លោក ត្រាំ និយាយ​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេសវ៉េណេស៊ុយអេឡា «កំពុង​រង​ទុក្ខ​វេទនា និង​ជិត​ស្លាប់»។

លោក​ថ្លែង​ទៀត​ថា «យើង​មាន​កងទ័ព​នៅ​ជុំវិញ​ពិភពលោក​រួម​ទាំង​កន្លែង​ដែល​នៅ​ឆ្ងាយៗ​ផង ហើយ​ប្រទេស​វ៉េណេស៊ុយអេឡា មិន​នៅ​ឆ្ងាយ​ប៉ុន្មាន​ទេ»។

ក្រសួង​ការ​ពារ​ជាតិ​អាមេរិក និយាយ​ថា យោធា​អាមេរិក បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​គាំពារ​កិច្ច​ប្រឹងប្រែង​ទាំង​ឡាយ​ណា ដើម្បី​ការពារ​ពលរដ្ឋ​អាមេរិកាំង និង​ផល​ប្រយោជន៍​ជាតិ​អាមេរិក​នៅ​បរទេស។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក គឺ​លោក Mark Wright​ បាន​និយាយ​ថា ក្រសួង​ការ​ពារ​ជាតិ​អាមេរិក មាន​កាតព្វកិច្ច​ រៀបចំ​ផែនការ​បម្រុង​ទុក​ជា​មុន​ សម្រាប់​វិធានការ​យោធា​ដែល​អាច​ប្រើ​បាន​នៅ​ជុំវិញ​ពិភពលោក​ ហើយ​និង​មាន​កាតព្វកិច្ច​ផ្ដល់​ជម្រើស​ទាំង​នោះ​ដល់​ប្រធានាធិបតី។

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ ដែល​បាន​និយាយ​ដោយ​មាន​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ក្រសួង​ការពារ​ជាតិ​អាមេរិក មិន​បាន​ដឹង​អំពី​វិធានការ​យោធា​ណាមួយ ដែល​អាមេរិក​អាច​នឹង​ប្រើ​នៅ​ក្នុងប្រទេស​វ៉េណេស៊ុយអេឡា ​នោះ​ទេ។

​កាល​ពី​យប់​ថ្ងៃ​សុក្រ រដ្ឋមន្ត្រី​ការពារ​ជាតិវ៉េណេស៊ុយអេឡា​គឺ​លោក Vladimir Padrino បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​រដ្ឋ​នៃ​ប្រទេស​របស់​លោក​ថា អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​អាមេរិក គឺ​ជា​ «សកម្មភាព​ឆ្កួតលីលា»។

អាជ្ញាធរ​វ៉េណេស៊ុយអេឡា បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​តាំង​ពី​យូរ​មក​ហើយ​ ពី​បទ​រៀបចំ​ផែនការ​ឈ្លានពាន​ប្រទេស​វ៉េណេស៊ុយអេឡា។

ប៉ុន្តែ ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​និយាយ​ថា ពាក្យ​សម្ដី​បញ្ឆិតបញ្ឆៀង​របស់​រដ្ឋាភិបាល​ក្រុង​ការ៉ាកាស អំពី​ផែន​ការ​របស់​អាមេរិក​ក្នុង​ការ​ឈ្លានពាន​វ៉េណេស៊ុយអេឡា​នោះ​គឺ «មិន​សំអាង​លើអ្វី​ឡើយ»៕