កាលពីថ្ងៃអង្គារ លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋបានវាយប្រហារដោយពាក្យសម្តីលើមន្ត្រីជាន់ខ្ពស់របស់គណបក្សដែលជាប់ឆ្នោតនិងលើពួកសាធារណរដ្ឋឯទៀតៗថា ពួកគេបានបោះបង់ចោលយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក នៅពេលដែលលោកបានទទួលស្គាល់ថាជា «ការពិបាកធ្វើឱ្យមានការគាំទ្រច្រើន»នៅពេលពួកមន្ត្រីទាំងនោះមិនគាំទ្រលោក។
នៅក្នុងការផ្សព្វផ្សាយមួយចំនួនតាមគណនេយ្យ Twitter របស់លោក លោក Trump បានវាយប្រហារលោក Paul Ryan ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងថា ជាមេដឹកនាំម្នាក់ខ្សោយណាស់ និងគ្មានប្រសិទ្ធិភាពទេ នៅក្រោយពេលលោក Ryan បាននិយាយប្រាប់ពួកមន្ត្រីសាធារណរដ្ឋឯទៀតៗកាលពីថ្ងៃចន្ទថា លោកមិនធ្វើការឃោសនាបោះឆ្នោតឱ្យលោក Trump ទៀតទេ ឬការពារអត្ថាធិប្បាយរបស់លោកដែលបាននាំឱ្យមានការអាក់អន់ចិត្តដែលបាននាំឱ្យក្រុមអ្នកបោះឆ្នោតបែរមកប្រឆាំងនឹងមហាសេដ្ឋីអចលនទ្រព្យរូបនេះ។
ការផ្សព្វផ្សាយវីដេអូមួយថតកាលពីឆ្នាំ២០០៥ ដែលនៅក្នុងនោះគេឮលោក Trump ធ្វើអត្ថាធិប្បាយច្រឡោះបោះអំពីស្ត្រី បាននាំឱ្យលោក Ryan និងពួកសាធារណរដ្ឋខ្លះទៀតច្រានចោលបេក្ខភាពរបស់លោក។
ជាការឆ្លើយតប លោក Trump បានសរសេរលើ Twitter កាលពីថ្ងៃអង្គារថា «វាជាការល្អប្រសើរដែលខ្នោះច្រវ៉ាក់បានត្រូវដោះចេញពីខ្ញុំ ហើយនៅពេលនេះខ្ញុំអាចប្រយុទ្ធដើម្បីប្រទេសអាមេរិកតាមវិធីដែលខ្ញុំចង់ធ្វើ»។ លោកបាននិយាយទៀតថា ពួកប្រជាធិបតេយ្យតែងតែបង្ហាញថាពួកគេមានស្វាមីភ័ក្តិទៅវិញទៅមកជាងពួកសាធារណរដ្ឋ»។
លោក Ryan នៅតែយល់ព្រមដល់បេក្ខភាពលោក Trump ប៉ុន្តែបានទទួលស្គាល់ថា លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីអាមេរិកាំងខាងគណបក្សប្រជាធិបតេយ្យនឹងឈ្នះលោក Trump នៅក្នុងការបោះឆ្នោតនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខនេះ។
លោក Ryan បាននិយាយថា លោកធ្វើការឃោសនាបោះឆ្នោតឱ្យពួកសហសេវិករបស់លោកខាងគណបក្សសាធារណរដ្ឋដើម្បីខិតខំព្យាយាមឱ្យមានសមាជិកគណបក្សសាធារណរដ្ឋភាគច្រើននៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំងជាជាងឃើញជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងសភាស.រ.អា.ផ្តល់អំណាចខ្លាំងជូនលោកស្រី Clinton ក្នុងការចាត់វិធានការនីតិបញ្ញត្តិ៕