លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋបានចោទប្រកាន់បណ្តាញផ្សាយព័ត៌មានថាមានឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៨ ខែ វិច្ឆិកាដោយលម្អៀងទៅខាងលោកស្រី Hillary Clinton ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ នៅពេលដែលលោកនៅតែបដិសេធតទៅទៀតអំពីការចោទប្រកាន់ជាច្រើនស្តីពីអាកប្បកិរិយាមិនត្រឹមត្រូវរបស់លោកខាងស្នេហា។
លោក Trump បាននិយាយប្រាប់អ្នកគាំទ្រលោកកាលពីថ្ងៃសោរ៍នៅក្នុងការប្រជុំ ឃោសនាបោះឆ្នោតមួយនៅក្នុងក្រុង Prthmouth រដ្ឋ New Hampshire ថា"ការចោទប្រកាន់ទាំងនេះជាការចោទប្រកាន់ក្លែងបន្លំដោយគ្មានសាក្សីសោះ។ លោកបាននិយាយបន្ថែមថា «នេះជាការបោះឆ្នោតមួយមានការប្រើមធ្យោបាយមិនសុចរិតពីព្រោះពួកគេបានផ្សាយដំណឹងគ្មានភស្តុតាងទាំងនេះ គ្មានសាក្សី ហើយបោះពុម្ធផ្សាយក្នុងទំព័រទីមួយនៃសារព័ត៌មាននានា»។
កាលពីថ្ងៃសោរ៍ លោក Trump បានសរសេរក្នុងបណ្តាញសង្គម Twitter ថា «Hillary Clinton គួរត្រូវចោទប្រកាន់នៅចំពោះមុខតុលាការហើយគួរជាប់គុក។ផ្ទុយទៅវិញ Hillary កំពុងឈរឈ្មោះដើម្បីតំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតមួយមានការប្រើមធ្យោបាយទុច្ចរិត»។
លោក Trump បាននិយាយច្រើនដងថាលោកស្រី Clinton គួរជាប់ពន្ធនាគារដោយសារលោកស្រីបានប្រើសារអ៊ីមែលឯកជនរបស់លោកស្រីនៅពេលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស.រ.អា.។ នៅក្រោយការស៊ើបអង្កេតមួយ លោក James Comey នាយកការិយាល័យ FBI បានប្រកាសកាលពីខែកក្កដាថាការចោទប្រកាន់ប្រឆាំងនឹងលោកស្រី Clinton ជាការមិនសមរម្យទេ។
អត្ថាធិប្បាយថ្មីៗបំផុតទាំងនេះរបស់លោក Trump មានឡើងមួយថ្ងៃក្រោយពីមានស្ត្រីពីរនាក់ទៀតបានចោទប្រកាន់មហាសេដ្ឋីអចលនទ្រព្យនេះថាបានលូកលាន់ផ្លូវភេទទៅលើពួកគេ៕