ការអំពាវនាវឱ្យប្រទេសឡាវពិចារណាឡើងវិញពីគម្រោងវារីអគ្គិសនីដនសាហុងបានកើនឡើងយ៉ាងខ្លាំងនៅឯវេទិការពិភាក្សាពិគ្រោះយោបល់សាធារណៈដែលរៀបចំឡើងដោយគណៈកម្មការទន្លេមេគង្គនៅក្រុងប៉ាក់សេ ប្រទេសឡាវនៅថ្ងៃសុក្រនេះ។
បន្ទាប់ពីតំណាងក្រុមហ៊ុន Mega First របស់ម៉ាឡេស៊ីដែលទទួលបន្ទុកសាងសង់និងសិក្សាស្រាវជ្រាវលើទំនប់វារីអគ្គិសនីដនសាហុង បានបង្ហាញពីការសិក្សាលើផលប៉ះពាល់ខាងផ្នែកបរិស្ថាននិងសង្គមកិច្ចរបស់ទំនប់នេះ អ្នកចូលរួមដែលរួមមានតំណាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម និងថៃបានសម្តែងការមន្ទិលសង្ស័យចំពោះការរកឃើញនោះ ដែលបញ្ជាក់ថាមិនមានផលប៉ះពាល់និងការគំរាមកំហែងដល់ពូជត្រីនិងការបម្លាស់ទីនៃត្រីទាំងនោះទេ។
លោកសាយ មុន្នីអ្នករាយការណ៍ព័ត៌មានរបស់វីអូអេដែលបានចុះទៅទីនោះបានរាយការណ៍ថាការរកឃើញនោះមិនបានលើកឡើងពីផលប៉ះពាល់ឆ្លងកាត់ព្រំដែនទេ ដែលទាំងនេះជាក្តីកង្វល់ដែលបានលើកឡើងដោយអ្នកជំនាញខាងផ្នែកបរិស្ថាន។
តំណាងប្រទេសកម្ពុជា បានស្នើឱ្យគណៈកម្មការទន្លេមេគង្គ «អប់រំ» ដល់ក្រុមហ៊ុន Mega First អំពីក្របខណ្ឌច្បាប់ទាក់ទងនឹងគម្រោងដែលមានលក្ខណៈចម្រូងចម្រាសមួយនេះហើយបញ្ជាក់ថានៅមិនទាន់មានទិន្នន័យគោលពីចំនួនត្រីនិងការបម្លាស់ទី។
ទំបន់ដនសាហុងនឹងត្រូវសាងសង់នៅចម្ងាយពីរគីឡូម៉ែត្រពីព្រំដែនប្រទេសឡាវនិងកម្ពុជា។
ប្រទេសវៀតណាមដែលតែងតែបញ្ចេញការជំទាស់នឹងការសាងសង់នេះបានទទូចឱ្យមានការសិក្សាថែមទៀតពីផលប៉ះពាល់ដល់គុណភាពទឹកនិងផលប៉ះពាល់មកលើប្រទេសដែលនៅខ្សែក្រោមទឹក។
តំណាងអង្គការសង្គមស៊ីវិលដែលបានចូលរួមក្នុងកិច្ចពិគ្រោះយោបល់នោះបានទទូចឱ្យរដ្ឋាភិបាលស្តាប់នូវក្តីកង្វល់ដែលប្រជាពលរដ្ឋបានលើកឡើង។ ដោយឡែកអង្គការការពារបរិស្ថានដែលមានឈ្មោះថាSave the Mekong បានទទូចសុំឱ្យលប់ចោលគម្រោងសាងសង់ទំនប់នេះ។
ក្រុមឃ្លាំមើលបរិស្ថានទន្លេអន្តរជាតិ (International Rivers) បានចេញសេចក្តីថ្លែងការណ៍មួយចោទជាសំណួរលើការជួបពិភាក្សាពិគ្រោះយោបល់នេះដោយចោទថាវាគ្រាន់តែជាជួយឱ្យរដ្ឋាភិបាលឡាវទទួលបានភាពស្របច្បាប់ដើម្បីសាងសង់ទំបន់នោះតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយក្រុមហ៊ុនMega First បញ្ជាក់ថាខ្លួននៅក្នុងដំណាក់កាលចរចាជាមួយនឹងរដ្ឋាភិបាលឡាវដើម្បីសាងសង់នៅឡើយគឺមិនទាន់មានចុះហត្ថលេខាទេ។ ក្នុងខណៈពេលដែលប្រទេសឡាវនៅតែស្ងាត់ស្ងៀមនៅឡើយ៕