​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើន​ឡើង​​នៅជាង​១២​ទី​ក្រុង​ក្នុង​សហរដ្ឋ​អាមេរិក​ពេល​មាន​ជំងឺ​កូវីដ១៩​

ស្ត្រីដែល​រួចជិវិត​ពិអំពើហិង្សា​ក្នុងគ្រួសារ​នៅសហរដ្ឋអាមេរិក ដែល​សុំមិនបញ្ចេញ​ឈ្មោះ។

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បញ្ជាក់​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ក្នុង​ក្រុង​យ៉ាង​តិច​ចំនួន​១៤​ក្នុង​ស.រ.អា.​បាន​កើន​ឡើង​ច្រើន​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

«មនុស្ស​គ្រប់​គ្នា​និយាយ​ថា​ អូ​ហេតុ​ដូច​ម្តេច​ជន​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មិន​ចាក​ចេញ​ពី​ផ្ទះ?​ ពួក​គេ​ប្រហែល​'ចង់'​លាក់​ការ​ធ្វើបាប​ពួក​គេ​នេះ។​ ការ​ពិត​គឺ​ថា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ហេតុ​ការណ៍​កើតមាន​ឡើង​ដដែលៗ»។

ស្ត្រី​នេះ​រួច​ជីវិត​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ហើយ​ដែល​មិន​ចង់​ឱ្យ​បញ្ចេញ​ឈ្មោះ​ដោយសារ​ហេតុផល​សុវត្ថិ​ភាព​បាន​និយាយ​ថា​វា​ដូច​រស់​នៅ​ជា​មួយ​គ្រាប់បែក​មួយ​គ្រាប់​ដែល​ជិត​ផ្ទុះ។​

«ទីបំផុត​ខ្ញុំ​បាន​ទៅ​ដល់​ចំណុច​មួយ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថាប្រសិន​បើ​ខ្ញុំ​មិន​លែង​លះ​ប្តី​ខ្ញុំ​ទេ​ ខ្ញុំ​អាច​ស្លាប់​ក្នុង​ពេល​មួយ​ឆ្នាំ​ទៀតដោយសារ​គាត់​អាច​សម្លាប់​ខ្ញុំ​ឬ​ខ្ញុំ​ប្រហែល​ធ្វើ​អត្តឃាត​ឬ​មួយ​ភាព​តានតឹង​ដោយ​រស់​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​នាំ​ឱ្យ​ខ្ញុំ​មាន​ជំងឺ​មហារីក​ឬ​ជំងឺ​ធ្ងន់ធ្ងរ​ណា​មួយ»។

ស្ថានភាព​នេះ​កើត​មាន​មុន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​ការងារ​ពេញ​ម៉ោង​របស់​អ្នកស្រី​ក្នុង​ការិយាល័យ​និង​ការ​ទៅ​ជួប​មិត្ត​ភ័ក្តិ​និង​ញាតិ​សន្តាន​បាន​ជួយ​អ្នកស្រី​ឱ្យ​ចេញ​ពី​គ្រោះ​ថ្នាក់​បាន។​

នៅ​ពេល​នេះ​ពេលមាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ ​ជន​រង​គ្រោះ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ការ​ពិបាក​ជាង​មុន​ក្នុង​ការ​ចាក​ចេញ​ពី​ប្តី​ដោយ​សេរី។​ អ្នកស្រី​ Amanda Katz​ នៃ​អង្គការ​ក្រុម​ចម្រុះ​ជ្វីហ្វ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និយាយ​ថា៖​

«យើង​ឃើញ​មានអ្នក​រំលោភ​ច្រើន​ជាង​មុន​បាន​ប្រើ​ជំងឺ​កូវីដ​ជា​មធ្យោបាយ​ក្នុង​ការ​ក្តាប់​អំណាច​និង​គ្រប់គ្រងជន​រង​គ្រោះ។​ ដូច្នេះ​បុរស​ទាំង​នេះ​មិន​បើក​ឱ្យ​នរណា​ចាក​ចេញ​ពី​ផ្ទះ​ទេ​ហើយ​គំរាម​កំហែង​ពួក​គេ​ថា​'បើ​អ្នក​ឯង​ចាក​ចេញ​ពី​ផ្ទះ​អ្នក​ឯង​មិន​អាច​ត្រឡប់​មក​វិញ​បាន​ទេ​ពីព្រោះ​អ្នក​ឯង​នឹង​មាន​ជំងឺ​កូវីដ​ឬ​ពួក​គេ​មិន​អនុញាត​ឲ្យ​ស្ត្រី​រង​គ្រោះ​ចាក​ចេញ​ពី​ផ្ទះ​ដាច់ខាត»។​

លោក​ Thomas Manion ​ដែល​ជា​នាយក​នៃ​មជ្ឈមណ្ឌល​យុត្តិធ៌ម​ក្នុង​គ្រួសារ​នៃ​សង្កាត់​ Montgomery​ និយាយ​ថា៖​

«អ្វី​ដែល​យើង​បាន​កត់​សម្គាល់​គឺ​ថា​យើង​ផ្តល់សេវា​ឲ្យ​ចំនួន​មនុស្ស​ដដែល​តែ​ស្ថានភាព​មាន​គ្រោះ​ថ្នាក់​ច្រើន​ជាង​មុន។​មាន​ករណី​ទាក់​ទិននឹង​ការ​ច្របាច់​ក​ ករណី​ទាក់​ទិន​នឹង​កាំភ្លើង​ករណី​ទាក់​ទិន​ជា​មួយ​អាវុធ​ឯ​ទៀតៗ។​យើង​ឃើញ​មាន​ការ​កើន​ឡើង​នៃ​ករណី​បែប​នេះ»។​

បើ​តាម​អ្នក​សា្រវជ្រាវ​ថា​មាន​ទី​ក្រុង​យ៉ាង​តិច​ណាស់​១៤​មាន​កំណើន​របាយ​ការណ៍​អំពីហិង្សា​ក្នុង​គ្រួសារ។​អ្នកស្រី ​Emily Leslie​ ដែល​ជា​អ្នក​សេដ្ឋសាស្ត្រ​នៅ​ឯ​សាកល​វិទ្យាល័យ​ Brigham Young​ និយាយ​ថា៖​

«យើង​បាន​ហៅ​ទូរស័ព្ទ​ទៅ​ពួក​ប៉ូលិស​ក្នុង​ឆ្នាំ​២០២០ ​ហើយ​យើង​ប្រៀប​ធៀប​ជា​មួយ​ការ​ហៅ​ទូរស័ព្ទ​ក្នុង​ឆ្នាំ​២០១៩​ ​យើង​ឃើញ​ថា​មាន​កំណើន​ប្រមាណ​៧,៥%​កាលពី​ខែ​មីនា​ មេសា​និង​ខែ​ឧសភា។​ យើង​បាន​រក​ឃើញ​ថា​ តំបន់​ភាគ​ច្រើន​និង​ក្រុម​ជាតិ​សាសន៍​ភាគ​ច្រើន​និង​ក្រុម​មាន​ប្រាក់​ចំណូល​រង​ផល​ប៉ះពាល់​មាន​ទំហំ​ស្រដៀង​គ្នា។​ហើយ​យើង​បាន​រក​ឃើញ​ភស្តុតាង​នៃ​ការ​កើន​ច្រើន​ឡើង​នៃ​គ្រួសារ​ថ្មីៗ​ផង​ដែរ»។​

អ្វី​ដែល​ធ្វើ​ឱ្យ​រដ្ឋ​អាជ្ញា​បារម្ភ​ជាង​មុន​គឺ​ថាជន​រងគ្រោះ​ជា​ពិសេសយុវជន​អាយុ​តិច​ជាង​១៨​ឆ្នាំ​មិន​អាច​ស្វែង​រក​ជំនួយ​បាន​ទេ។​ អ្នកស្រី​ Debbie Feinstein​ នៃ​ផ្នែក​ពិសេស​ខាង​ជន​រងគ្រោះ​នៅ​ក្នុង​សង្កាត់ ​Montgomery​ រដ្ឋ ​Maryland​ និយាយ​ថា៖​

«បើគ្មាន​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណាពួក​កុមារ​អាច​ទៅ​សាលារៀនហើយ​ប្រហែល​ជាអាច​រាយ​ការណ៍​អំពី​អ្វី​ដែល​កើត​មាន​ក្នុង​ផ្ទះ​ពួក​គេ។​ប៉ុន្តែ​នៅ​ពេល​នេះ​ពួកគេ​រៀន​ពី​ផ្ទះ​តាម​បណ្តាញ​អ៊ីនធឺណិតដូច្នេះ​ពួកគេ​គ្មាន​ឱកាស​និយាយ​ទៅ​កាន់​មនុស្ស​ពេញវ័យ​ដែល​ពួក​គេ​ទុកចិត្ត​នៅ​ក្នុង​សាលារៀន​ពួក​គេ​ដើម្បី​ប្រាប់​ឱ្យមនុស្ស​ពេញវ័យ​ទាំង​នះ​ដឹង​អំពី​អ្វី​ដែល​កើត​មាន​ក្នុង​ផ្ទះ​ពួក​គេ​ទេ»។​

ក៏ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​រក​ជំនួយ​បាន​ក្នុង​ករណី​នេះ។​

​ជនរង​គ្រោះ​អាច​ហៅ​ទូរស័ព្ទ​គ្រា​មាន​អាសន្ន។​ ពួក​គេ​អាច​ស្វះស្វែង​រក​ការ​ការពារ​ពី​អាជ្ញាធរ។​ហើយអ្នក​រង​គ្រោះ​អាច​ទាក់​ទង​អ្នក​ព្យាបាល​តាម​បណ្តាញ​អ៊ីនធឺណិត​ផង​ដែរ។ ​អ្នកស្រី ​Natalie Wade ​នៃ​អង្គការ ​Doorway for Women and Families​ ថ្លែង​ថា៖​

«យើង​ធ្វើការ​បង្កើត​ផែនការ​សុវត្ថិភាព​ដើម្បី​សម្គាល់​អ្វី​ដែល​នាំ​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​លោក​អ្នក​ដឹង​ហើយ​គឺ​កន្លែង​មិន​មាន​សុវត្ថិភាព។​ ប្រសិន​បើ​ជន​រងគ្រោះ​ឃើញ​ប្តី​ពួក​គេ​បង្កើន​កំហឹង​ ពួក​គេ​ត្រូវ​ដើរ​ចេញ​ពី​ផ្ទះ​បាយពីព្រោះ​នៅ​ទី​នោះ​មាន​អាវុធ​ដែល​ជន​ហិង្សា​អាច​ប្រើ»។​

ស្ត្រី​ដែល​រួច​ជីវិត​ពី​អំពើហិង្សា​ក្នុង​គ្រួសារ​និយាយ​ថា​ការ​ផ្សះផ្សា​គ្នា​អាច​ធ្វើ​បាន​ តែ​ពួក​គេ​ត្រូវ​តែ​មាន​សេចក្តី​ក្លាហាន​និង​ការ​អត់​ធន់​ដើម្បី​ចេញ​ពី​ការកើត​មាន​ឡើង​ដដែល​នៃ​ការ​រំលោភ​បំពាន។​ស្ត្រី​ម្នាក់​ដែល​រួច​ជីវិត​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និយាយ​ថា៖​

«ស្ថាន​ភាព​ទាំង​នេះ​បំផ្លាញ​ព្រលឹង​អ្នក។​ បញ្ហា​នេះ​ធ្វើ​ឱ្យ​អ្នក​ចេះតែ​សង្ស័យ​គ្រប់បែប​យ៉ាង​អំពី​ខ្លួន​ឯង។​ ​ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ធ្វើ​ល្អ​សម្រាប់​ខ្លួន​ឯង។ ​ចូរ​កុំ​គិត​ថា​ខ្លួន​អ្នក​មាន​បញ្ហាបើ​អ្នក​បាន​ចាក​ចេញ​ពី​ផ្ទះ​កាលពី​បីខែ​មុន ហើយ​អ្នក​មិន​ត្រូវ​សប្បាយ​បែប​រវើរវាយ​ទេ។​ ​វា​ត្រូវ​ការ​ពេល​វេលា​ច្រើន​ណាស់​ដោះស្រាយ​បញ្ហា​នេះ។​ខ្ញុំ​កំពុង​តែ​សម្រួល​ចិត្ត​ដូច​យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ដែរ»៕​

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ