ក្រសួង​យុត្តិធម៌​អាមេរិក​ពិនិត្យ​មើល​ឯកសារ​ដែល​អាច​ជា​ឯកសារ​សម្ងាត់​ក្នុង​មជ្ឈមណ្ឌល Biden

រូបឯកសារ៖ អគារ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ដែល​មាន​ទីតាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថត​នៅ​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​កំពុង​ពិនិត្យ​មើល​ដុំ​ឯកសារ​ដែល​អាច​ចាត់ទុក​ថា​ជា​ឯកសារ​សម្ងាត់ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការិយា​ល័យ​ធ្វើការ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោននៃអតីត​វិទ្យាស្ថានរបស់​លោក​ប្រធានាធិបតី ​Joe Biden។ នេះ​បើតាម​ការ​បញ្ជាក់​របស់​សេតវិមាន​កាលពី​ថ្ងៃចន្ទ។

លោក ​Richard Sauber​ ទីប្រឹក្សា​ពិសេស​របស់​លោក​ប្រធានាធិបតី ​បាន​និយាយ​ថា «ឯកសារ​មួយ​ចំនួន​តូច ដែលមាន​សញ្ញា​សម្គាល់​ថា​ សម្ងាត់» ត្រូវ​បាន​រកឃើញ​នៅពេល​ដែល​មេធាវី​ផ្ទាល់ខ្លួន​របស់​ ​Biden ​កំពុង​បោសសម្អាត​ការិយាល័យ​ Penn Biden Center ​ជា​កន្លែង​ដែល​ប្រធានាធិបតី​រក្សា​ការិយាល័យ​មួយ​បន្ទាប់​ពី​លោកបាន​ចាកចេញ​ពីតំណែងជា​អនុប្រធានាធិបតី​នៅ​ឆ្នាំ​ ២០១៧ គឺ​រហូត​ដល់​មុន​ពេល​តែ​បន្តិច​ ដែល​លោក​ Biden ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​សម្រាប់​តំណែង​ប្រធានាធិបតី​ឆ្នាំ​ ២០២០ របស់​លោក​នៅ​ឆ្នាំ​២០១៩ ។ លោក​ Richard Sauber​ អះអាង​ថា ​ឯកសារ​ទាំង​នេះ​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​ក្នុង​ «ទូចាក់​សោ» នៅ​ក្នុង​ការិយាល័យ។

លោក​ Sauber ​បាន​និយាយ​ថា​ មេធាវី​បាន​ជូន​ដំណឹង​ភ្លាមៗ​ដល់​ការិយាល័យ​ទីប្រឹក្សា​ច្បាប់​របស់សេតវិមាន​ ដែល​បាន​ជូន​ដំណឹង​ដល់​រដ្ឋបាល​បណ្ណសារ ​និង​កំណត់​ត្រា​ជាតិ ​(National Archives and Records Administration) ដែលបាន​រក្សា​ទុក​ឯកសារ​ទាំងនោះ​នៅថ្ងៃ​បន្ទាប់។

លោក ​Sauber ​បាន​និយាយ​ថា៖ «ចាប់​តាំង​ពី​ការ​រកឃើញ​នោះ​ មេធាវី​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​បាន​សហការ​ជាមួយ​នឹង​ការិយាល័យ​បណ្ណសារ ​និង​ក្រសួង​យុត្តិធម៌​ក្នុង​ដំណើរការ​មួយ​ដើម្បី​ធានា​ថា ​រាល់​កំណត់​ត្រា​រដ្ឋបាល ​Obama-Biden ​គឺ​ត្រូវ​រក្សាទុក​ដោយ​បណ្ណសារ​ជាតិ​យ៉ាង​ត្រឹមត្រូវ»។

បុគ្គល​ម្នាក់​ដែល​ដឹង​អំពី​បញ្ហា​នេះ​ ប៉ុន្តែ​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​និយាយ​ចេញ​ជា​សាធារណៈ​បាន​និយាយ​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក ​Merrick Garland ​បាន​ស្នើសុំ​ឱ្យលោក​ John Lausch​ រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​សម្រាប់​សង្កាត់​ភាគ​ខាងជើង​នៃ​រដ្ឋ ​Illinois ​ពិនិត្យ​មើល​បញ្ហា​នេះ​ឡើងវិញ ​បន្ទាប់​ពី​បណ្ណសារ​ជាតិបាន​បញ្ជូន​បញ្ហា​នេះ​ ទៅ​ក្រសួង​យុត្តិធម៌។ លោក ​John Lausch ​ត្រូវ​បាន​តែងតាំង​ឱ្យ​កាន់​តំណែង​របស់លោក​ដោយ​អតីត​ប្រធានាធិបតី​ Donald Trump៕