រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោក Merrick Garland បានប្រកាសកាលពីថ្ងៃសុក្រថា លោកបានតែងតាំងរដ្ឋអាជ្ញាជើងចាស់មួយរូប គឺលោក Jack Smith ឱ្យធ្វើជារដ្ឋអាជ្ញាពិសេសសម្រាប់សំណុំរឿងស៊ើបអង្កេតសហព័ន្ធ២ករណីដែលកំពុងប្រព្រឹត្តទៅ ពាក់ព័ន្ធនឹងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump គឺប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Trump បានប្រកាសឈរឈ្មោះជាថ្មីសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤នោះ។
លោក Garland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ដែលត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ពីក្រសួងយុត្តិធម៌ថា៖ «ផ្អែកទៅលើការវិវត្តថ្មីៗនេះ ដែលក្នុងនោះរួមមានការប្រកាសរបស់លោក Trump ក្នុងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាការបញ្ជាក់ពីបំណងចង់ឈរឈ្មោះជាបេក្ខជនផងដែររបស់ប្រធានាធិបតីក្នុងតំណែងនាពេលបច្ចុប្បន្នគឺលោក Joe Biden នោះ ខ្ញុំបានសន្និដ្ឋានថា វាជាផលប្រយោជន៍សម្រាប់សាធារណជន ក្នុងការតែងតាំងរដ្ឋអាជ្ញាពិសេសមួយរូប»។
លោក Smith ដែលជាអតីតប្រធានផ្នែកសុចរិតភាពសាធារណៈរបស់ក្រសួងយុត្តិធម៌អាមេរិក និងក៏ធ្លាប់ធ្វើជាប្រធានរដ្ឋអាជ្ញានៅក្នុងតុលាការពិសេសនៃទីក្រុងឡាអេផងដែរនោះ បានត្រឡប់មកកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីទទួលចាត់ការការស៊ើបអង្កេតទៅលើសំណុំរឿងទាំងពីរនេះជាបន្ទាន់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិករូបនេះ។
លោក Garland និយាយថា សំណុំរឿងទី១គឺពាក់ព័ន្ធទៅនឹងរឿងដែលថា តើមានបុគ្គល ឬអង្គភាពណាខ្លះ បានចូលជ្រៀតជ្រែកដោយខុសច្បាប់ទៅលើការផ្ទេរអំណាចក្រោយការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ឬពាក់ព័ន្ធទៅនឹងការផ្តល់ការយល់ព្រមទៅលើអង្គបោះឆ្នោតតំណាង ឬ Electoral College ដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នោះ ដែរឬទេ ដែលជាការព្យាយាមរបស់លោក Trump និងគូកនរបស់លោក ដើម្បីប្រែក្រឡាស់លទ្ធផលបោះឆ្នោតប្រធានាធិបតីនៅពេលនោះ។
សំណុំរឿងស៊ើបអង្កេតទី២ គឺពាក់ព័ន្ធនឹងចំណាត់ការរបស់លោក Trump ក្នុងការរក្សាទុកនូវឯកសារសម្ងាត់ និងកំណត់ហេតុផ្សេងៗ ក៏ដូចជាការព្យាយាមណាមួយ ដើម្បីបន្ទុចបង្អាក់ដល់ការស៊ើបអង្កេតសហព័ន្ធ។ នៅក្នុងសំណុំរឿងរក្សាទុកឯកសារសម្ងាត់នេះ រដ្ឋអាជ្ញានានាកំពុងពិនិត្យមើលទៅលើចំណុចប្រព្រឹត្តបទឧក្រិដ្ឋនានា ដែលរួមមានការរំលោភទៅលើច្បាប់ចារកម្មជាដើម។
លោក Trump បានបដិសេធនូវការប្រព្រឹត្តកំហុសណាមួយ ហើយនៅមិនទាន់ទទួលរងនូវការចោទប្រកាន់ក្នុងករណីទាំងពីរនេះនៅឡើយនោះទេ។
នៅក្នុងសុន្ទរកថាទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកនៅឯភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋ Florida អតីតប្រធានាធិបតីអាមេរិករូបនេះ បានរិះគន់ទៅលើការតែងតាំងរដ្ឋអាជ្ញាពិសេសរូបនេះថា៖ «ជាការរំលោភអំណាចដ៏ធ្ងន់ធ្ងរជាច្រើនដងក្នុងបំណងតាមប្រមាញ់លោកនិងអ្នកជំនិត»។
ក្រសួងយុត្តិធម៌អាមេរិកមិនបានបញ្ជាក់ទេថា តើការស៊ើបអង្កេតនោះនឹងបិទបញ្ចប់នៅពេលណានោះឡើយ»៕
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកតែងតាំងរដ្ឋអាជ្ញាពិសេសសម្រាប់ការស៊ើបអង្កេតទៅលើលោក Trump
វ៉ាស៊ីនតោន —