លោកប្រធានាធិបតី Joe Biden បានជួបជាមួយក្រុមមេដឹកនាំកំពូលៗរបស់សភានៅក្នុងសេតវិមាន កាលពីថ្ងៃអង្គារដើម្បីពិភាក្សាគ្នាអំពីការបង្កើតច្បាប់ជាអាទិភាពនៅមុនដំណាច់ឆ្នាំនេះ ខណ:ដែលសមាជិកសភាបានវិលត្រឡប់មកកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញដើម្បីចូលរួមក្នុងកិច្ចប្រជុំ បញ្ចប់អាណត្តិចុងក្រោយ នៅមុនពេលសភាថ្មីចូលកាន់តំណែង។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CBS News។
មេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភាលោក Chuck Schumer និងមេដឹកនាំសំឡេងភាគតិចនៅព្រឹទ្ធសភាលោក Mitch McConnell និងប្រធានរដ្ឋសភាគឺលោកស្រី Nancy Pelosi ហើយនឹងលោក Kevin McCarthy មេដឹកនាំសំឡេងភាគតិចនៅរដ្ឋសភា ស្ថិតក្នុងចំណោម ឥស្សរជនដែលចូលរួមនៅឯកិច្ចប្រជុំក្នុងបន្ទប់ Roosevelt Room ជាមួយនឹងលោកស្រីអនុប្រធានាធិបតី Kamala Harris ផងដែរ។
កិច្ចប្រជុំជាក្រុមរបស់ឥស្សរជនកំពូលរបស់ប្រទេសនេះកើតឡើងជាលើកដំបូងចាប់តាំងពីមាន ការបោះឆ្នោតពាក់កណ្តាលអាណត្តិមក។ ដោយសារតែគណបក្សសាធារណរដ្ឋត្រៀមនឹងគ្រប់ គ្រងរដ្ឋសភានៅខែមករាខាងមុខ គណបក្សប្រជាធិបតេយ្យរំពឹងយ៉ាងខ្លាំង និងជាចាំបាច់ក្នុងការ បង្កើតសមិទ្ធផលនីតិកម្ម នៅប៉ុន្មានសប្តាហ៍ខាងមុខ នៅពេលដែលខ្លួនគ្រប់គ្រងសភាទាំងពីរថ្នាក់ក្នុងដំណាក់កាលចុងក្រោយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CBS News។
នៅពេលដែលអ្នកកាសែតត្រូវគេអនុញ្ញាតឲ្យចូលរួមផ្តិតយកព័ត៌មាន ពេលកិច្ចប្រជុំចាប់ផ្តើមនោះ លោកប្រធានាធិបតី បានថ្លែងថាសេដ្ឋកិច្ចអាមេរិកកំពុងជួបហានិភ័យដោយសារតែការគំរាមធ្វើ កូដកម្មរបស់បុគ្គលិករថភ្លើងដែលអាចកើតឡើងនៅពាសពេញប្រទេស។ កាលពីយប់ថ្ងៃចន្ទ លោកប្រធានាធិបតីបានស្នើដល់សភាឲ្យធ្វើអន្តរាគមន៍និងអនុម័តសេចក្តីសម្រេចរបស់សភា ដើម្បីបង្ខំឲ្យបុគ្គលិករថភ្លើងចូលធ្វើការនៅតាមស្ថានីយវិញ។ លោកប្រធានាធិបតី Biden បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា លោកជឿជាក់ថា សភានឹងអាចទប់ស្កាត់កូដកម្ម របស់ក្រុមបុគ្គលិករថភ្លើងបាន។
លោកប្រធានាធិបតី បានថ្លែងផងដែរថា សមាជិកសភាចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីផ្តល់ថវិកាដល់រដ្ឋាភិបាលនៅមុនពេលកំណត់ចុងក្រោយគឺថ្ងៃទី១៦ ខែធ្នូ ហើយក៏ត្រូវផ្តល់ថវិកាជាចាំបាច់សម្រាប់ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និង ផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែនផងដែរ៕