ផលិត​ករភាព​យន្ត​បកស្រាយ​អំពី​ផល​វិបាក​នៃ​ទំនប់​វារី​អគ្គិសនី​ដនសាហុង ​​(ភាគទី២​ ចប់)

ផែនទីទន្លេមេគង្គ

ភាពយន្ត​ឯកសារ​ថ្មី​មួយ​អំពី​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ក្នុង​ប្រទេស​លាវ​ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ទំនប់​វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស់​នោះ​ត្រូវ​គេ​គ្រោង​សាងសង់​នៅ​លើ​ច្រក​មួយ​នៃ​ទន្លេ​មេគង្គ​ ចម្ងាយ​ប្រមាណ​តែ​២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​ខ្មែរ។​

លោក​សាយ​ មុន្នី​នៃ​វីអូអេ​បាន​ជួប​សន្ទនា​ជាមួយ​ផលិត​ករ​ភាព​យន្ត​ឯកសារ​នេះ​គឺ​លោក​ Tom​ Fawthrop អំពី​ភាពយន្ត​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា៖​ «ល្បែង​ដ៏​អស្ចារ្យ​នៅលើ​ទន្លេមេគង្គ៖​ តើ​យើង​សម្លាប់​ទន្លេ​មេគង្គ​ដោយ​ទំនប់​ម្តង​មួយៗ​ឬ?»​

តទៅ​នេះ គឺ​ជាភាគ​ទី២​និង​ជា​ភាគ​បញ្ចប់នៃ​បទ​សម្ភាសន៍រវាង​លោក​សាយ មុន្នី​ និង​លោក​ Tom​ Fawthrop ​អំពី​ភាពយន្ត​ឯកសារ​របស់​លោក​ និង​បញ្ហា​ទំនប់​ដនសាហុង​របស់​ប្រទេស​លាវ។​

សំណួរ៖ ដូច​លោក​បាន​ដឹង​ហើយ​ថា ​រដ្ឋាភិបាល​លាវ​តែង​តែ​និយាយ​ថា​ ខ្លួន​ត្រូវ​ការ​ថាមពល​បន្ថែម​ទៀត​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​របស់​ខ្លួន ហើយ​ថា​ប្រទេស​លាវ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​សាងសង់​ទំនប់​វារីអគ្គិសនី​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថាម​ពល​របស់​ខ្លួន​នោះ​ទេ? ​តើ​លោក​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច​ចំពោះ​ការ​លើក​ឡើង​នេះ?​

ចម្លើយ៖​ អ្វី​ម្យ៉ាង​ដែល​ចាំបាច់​ត្រូវ​តែ​និយាយ​ឲ្យ​បាន​ច្បាស់​នោះ​គឺ​ថា ​មាន​វិធី​ជា​ច្រើន​ទៀត​ដែល​អាច​ជំនួស​បាន​ក្នុង​ការ​ផលិត​ថាមពល។​ អ្នក​មិនចាំ​បាច់​ត្រូវ​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ចំ​កណ្តាល​អ្វី​មួយ​ដែល​គួរ​តែ​ជា​តំបន់​ការពារ​នោះ​ទេ ពី​ព្រោះ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​អស្ចារ្យ​នៅ​ជុំវិញ​តំបន់​ស៊ីផាន់ដន​(Siphandon) ​កន្លែង​ដែល​គេ​គ្រោង​សាងសង់​ទំនប់​នោះ វា​មាន​សោភណ្ឌភាព​ស្រស់​ត្រកាល​ដែល​គួរ​តែ​ត្រូវ​បាន​ការពារ​ក្រោម​អនុសញ្ញា​រ៉ាមសារ​ដ៏​ពិសេស។ យើង​មាន​តំបន់​បេតិកភណ្ឌ​ពិភព​លោក​សម្រាប់​បុរាណ​វត្ថុ និង​តំបន់​ផ្សេង​ទៀត។​ យើង​មាន​សួន​អន្តរជាតិ​សម្រាប់​ការពារ​សត្វ​ និង​រុក្ខជាតិ​សមុទ្រ ​និង​តំបន់​ពិសេស​ដើម្បី​ការ​ពារ​ថ្ម​ប៉ប្រះ​ទឹក​ក្នុង​សមុទ្រ​ និង​នៅលើ​ដី​ដែល​គេ​ហៅ​តំបន់​ដី​សើម ដែល​ត្រូវ​បាន​ការពារ​ដោយ​អនុសញ្ញា​រ៉ាមសារ។​

សហ​ភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ និង​លាវ​ចុះ​ហត្ថលេខា​កំណត់​តំបន់​ពិសេស​ដែល​ជាប់​ព្រំដែន​ជាមួយ​គ្នា​នេះ​ដាក់​ក្នុង​អនុ​សញ្ញា​រ៉ាមសារ។​ រដ្ឋាភិបាល​កម្ពុជា​បាន​ហត្ថលេខា​លើអនុ​សញ្ញា​នេះ​នៅ​ឆ្នាំ​១៩៩៩ ​ប៉ុន្តែ​ជា​អកុសល ​រដ្ឋាភិបាល​លាវ​មិន​ដែល​បាន​ចុះ​ហត្ថលេខា​លើ​អនុ​សញ្ញា​រ៉ាមសារ​នេះ​ទេ ​ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​នេះ​មាន​សេរីភាព​ក្នុង​ការ​សាងសង់​ទំនប់​នៅ​ចំ​កណ្តាល​តំបន់​ដី​សើម​ដ៏​ស្រស់​បំព្រង​នេះ។​

សំណួរ៖ ​រហូត​មក​ដល់​ពេល​នេះ ​យើង​ដឹង​ហើយ​ឬ​នៅ​ថា​ តើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដនសាហុងនឹង​ចំណាយ​ថវិកា​អស់​ប៉ុន្មាន ​ហើយ​ថា​ តើ​អគ្គិសនី​បានពី​ទំនប់​នោះ​នឹង​ត្រូវ​យក​ទៅ​ណា?​

ចម្លើយ៖ ​អ្ហូ ក្រុមហ៊ុន​ម៉ាឡេស៊ី ​មេហ្គាហ្វើស (Mega First) ​នោះ​មិន​បាន​ប្រាប់​យើង​ទេ​អំពី​រឿង​នេះ។​ ពួកគេ​ពូកែ​និយាយ​ណាស់​ថា​ តើ​ទំនប់​របស់​ពួក​គេ​ល្អ​ប៉ុណ្ណា​នោះ ​ប៉ុន្តែ​នៅ​មាន​ចម្លោះ​ប្រហោង​ព័ត៌មាន​ដ៏​ធំ​សម្បើម​អំពី​បញ្ហា​ជលផល​ និង​ការ​សិក្សា​ពី​ឥរិយាបទ​ត្រី។​ ពួកគេ​មិន​បាន​ធ្វើ​រឿង​ទាំង​អស់​នេះ​ទេ ​ហើយ​ចំណែក​ឯ​គម្រោង​ផែនការ​លម្អិត​អំពី​របៀប​ដែល​ពួកគេ​នឹងប្រើប្រាស់​ថាមពល​អគ្គិសនី​នោះ​ក៏​ពុំ​ត្រូវ​បាន​បង្ហាញ​ឲ្យ​គេ​ដឹង​ជា​សាធារណៈ​ដែរ។​

ផែនទីទន្លេមេគង្គ

សំណួរ៖​ នៅក្នុង​ខ្សែ​ភាពយន្ត​ឯកសារថ្មីរបស់​លោក ​គេ​ឃើញ​មាន​ទិដ្ឋភាព​បាតុកម្ម​ជា​ច្រើន​ពី​សំណាក់​ប្រជា​សហគមន៍​ដែល​រស់នៅ​ដង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ​ កម្ពុជា​ និង​វៀតណាម​ប្រឆាំង​នឹង​ទំនប់​ដនសាហុងរបស់​ប្រទេស​លាវ។ ​ តើ​លោក​ចង់​បង្ហាញ​ថា នោះ​គឺ​ជា​របៀប​មួយ​ដែល​ប្រជា​ពលរដ្ឋ​ដែល​មិន​ពេញចិត្ត​នឹង​ទំនប់​នេះ ​គួរ​ធ្វើ​ដើម្បី​បញ្ឈប់គម្រោង​សាងសង់​ទំនប់​នេះ​ឬ?

ចម្លើយ៖​បាទ ​របៀប​ដូច​គ្នា​ទៅ​នឹង​គម្រោង​គ្រប់​ប្រភេទ​នៅ​ជុំវិញ​ពិភព​លោក​ ដែលប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ គឺ​នឹង​មាន​ការ​តវ៉ាដូច​ទឹក​បាក់​ទំនប់​ ដែល​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​ដក​ថយ។ ​យើង​មាន​រដ្ឋាភិបាល​កម្ពុជា​ដែល​ប្រឆាំង​នឹង​ទំនប់​នេះ ​ប្រជាជន​កម្ពុជា​ប្រឆាំង​នឹង​វា ​ហើយ​នៅ​ក្នុង​ប្រទេស​វៀតណាម​គឺ​ដូច​គ្នា។​ អ្នក​នេសាទ ​ប្រជា​សហគមន៍តំបន់​ដី​សណ្ត​ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​វៀតណាម ​និង​រដ្ឋាភិបាល​វៀតណាម​ទាំងអស់​គ្នានាំ​គ្នា​ប្រាប់​ប្រទេស​លាវ​ថា៖​ «សូម​បញ្ឈប់​ការ​សាងសង់​ទំនប់​នេះ​ទៅ។ នឹង​គ្មាន​ការ​សាងសង់​ទំនប់​ណា​ទាំង​អស់​នៅលើ​ទន្លេ​មេគង្គ​ ដរាបណា​ការ​ស្រាវជ្រាវ ​និង​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​មិន​ទាន់​បាន​បញ្ចប់​នោះ។​

តើ​ពួក​គេ​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លាវ​ពិចារណា​សារ​នេះ​យ៉ាង​ដូច​ម្តេច​បាន? ​ជា​បឋម​គឺ​តាម​រយៈ​ការ​បង្កើន​ទំហំ​នៃ​ការ​តវ៉ា​របស់​ពួក​គេ។​ ​នាយក​រដ្ឋមន្ត្រី​វៀតណាមចាំបាច់​ត្រូវ​តែ​និយាយ​ឲ្យ ឮ​និង​ច្បាស់​ជាង​មុន ​និង​គាត់​ត្រូវ​តែ​និយាយ​ជា​សាធារណៈ​នៅ​ក្នុង​វេទិកានានា​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ហើយ​បញ្ឈប់​ល្បែង​នៃ​ការ​ធ្វើ​ហាក់ដូច​ជា​មាន​សាមគ្គី​ភាព​នៃ​ស្មារតី​សហ​ប្រតិបត្តិ​អន្តរជាតិ​រវាង​ប្រជាជាតិ​ទាំង​បួន​តទៅ​ទៀត។ ​នៅ​ក្នុង​បញ្ហា​ទំនប់​នេះ​ គ្មាន​ទេ​ស្មារតី​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​នោះ។ ​គ្មាន​ឯកភាព​នៃ​ការ​សាង់សង់​ទំនប់​បន្ថែម​ទៀត​នោះ​ទេ។​

ផ្ទុយ​ទៅវិញ សមាជិក​ភាគច្រើន​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ប្រឆាំង​មិន​ឲ្យ​បន្ត​គម្រោង​ទំនប់​នេះទៅ​មុខ​ទៀត​ទេ​ក្នុង​ដំណាក់​កាល​នេះ។ ប្រតិភូ​វៀតណាម​ម្នាក់​បាន​និយាយ​ថា គួរ​តែ​មាន​ពេល​ពី​៥​ទៅ​១០​ឆ្នាំ​ក្នុង​ការ​សិក្សា​និង​ត្រួត​ពិនិត្យ​មើល​ឲ្យ​បាន​សមស្រប​នូវ​ដំណើរការ​ចរាចរ​ត្រី ​ពូជ​ត្រី​ផ្សេងៗ​និង​ឥរិយាបទ​របស់​ត្រី​ ហើយពិនិត្យ​មើល​ថា​ តើ​វា​អាច​មាន​បច្ចេក​វិទ្យា​ប្រភេទ​ណា​ខ្លះ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​នោះ។ ​ប៉ុន្តែពិត​ណាស់​ ​ភស្តុតាង​នៅ​ពេល​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ​វាគ្មាន​និរន្តរភាព​និង​មិន​អាច​កាត់បន្ថយ​ផល​ប៉ះពាល់​បាន​ទេ។ ​ហេតុដូច្នេះ​ហើយ បាន​ជា​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​លុបចោល​គម្រោង​ទំនប់​នេះ។​

សំណួរ៖ ក្នុង​ចំណោម​ប្រទេស​ទាំង​បួន​គឺ​ថៃ​ លាវ​ កម្ពុជា ​និង​វៀតណាម ដែល​ជា​សមាជិក​នៃ​គណៈ​កម្មការ​ទន្លេមេគង្គ​នោះ តើ​លោក​គិត​ថា ប្រទេសមួយ​ណា​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​ក្នុង​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្អាក​គម្រោង​សាងសង់​ទំនប់​ដនសាហុង​នេះ? ​ហេតុ​អ្វី?​

ចម្លើយ៖​ គឺ​ប្រទេស​វៀតណាម ពី​ព្រោះ​ហានិភ័យ​មាន​លក្ខណៈ​ធំធេង​ណាស់​សម្រាប់​ប្រទេស​វៀតណាម។ ​ប្រសិន​បើ​វៀតណាម​មិន​អាច​បញ្ឈប់​ទំនប់​នេះ​បាន​ទេ ​នោះ​ដែនដី​សណ្ត​របស់​ខ្លួន​នឹង​ត្រូវ​បំផ្លាញ​ជា​មិន​ខាន។ ​ការ​រួម​ផ្សំ​គ្នា​រវាង​បម្រែ​បម្រួល​អាកាសធាតុ ការ​ជ្រាបទឹក​ប្រៃ​ចូល​នៅ​ពេល​ដែល​កម្រិត​ទឹក​សមុទ្រ​កាន់​តែ​កើន​ឡើង គួបនឹងការ​សាងសង់​ទំនប់​ផង​នោះ ​ក្រុម​អ្នក​ជំនាញការ​វៀតណាម​សុទ្ធ​តែ​និយាយ​ថា ​នៅ​ក្នុង​រយៈ​ពេល​ពី​២០​ទៅ​៣០​ឆ្នាំ​ទៀត ​ប្រទេស​វៀតណាម​នឹង​លែង​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​ទី​២​ក្នុង​ពិភព​លោក​ទៀត​ហើយ។​

នេះ​មិន​មែន​គ្រាន់​តែ​ជា​ការ​ធាក់ថយ​ក្រោយ​ដ៏​មហន្តរាយ​សម្រាប់​សេដ្ឋកិច្ច​វៀតណាម​ប៉ុណ្ណោះ​ទេ ​តែ​វា​ក៏​ជា​ការ​ធ្លាក់​ដុនដាប​ដ៏​ធំ​ជា​សកល​ផង​ដែរ ពី​ព្រោះ​វា​មាន​ន័យ​ថា តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​ពិភព​លោក​នឹង​កើន​ឡើង។​ ដូច្នេះ​ក្នុង​រយៈ​ពេល​២០​ទៅ​៣០​ឆ្នាំ​នេះ​ នៅពេល​ដែល​ទី​ភ្នាក់ងារ​នានា​របស់អង្គការ​សហ​ប្រជាជាតិ​ព្យាយាម​ទិញ​អង្ករ​ដើម្បី​ចិញ្ចឹម​ពលរដ្ឋ​នៃ​ប្រទេស​ណា​មួយ​ដែល​កំពុង​ស្រេក​ឃ្លាន​នោះ វា​មាន​ន័យ​ថា ​អវត្ត​មាន​របស់​វៀតណាម​ក្នុង​ការ​ចូលរួម​ចំណែក​ផ្គត់ផ្គង់​អង្ករ​ដល់​ទីផ្សារ​អន្តរជាតិ និង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាសកល។ ​

ដូច្នេះ​អាច​មាន​របៀប​មួយ​ទៀត​ក្នុង​ការ​បញ្ឈប់​ទំនប់​នោះ​គឺធ្វើ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ឈ្វេង​យល់​ពី​ផលវិបាក​នៃ​ទំនប់​ចំនួន​១១​ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​សាងសង់​តាម​ដង​ទន្លេ​មេគង្គ។ ​ការ​បំផ្លាញ​ដែនដី​សណ្តទន្លេ​មេគង្គ​នឹង​មាន​ផល​ប៉ះពាល់​ជា​សកល។​ នៅ​ពេល​នេះ ​យើង​មិន​ទាន់​ឮ​សំឡេងព្រួយ​បារម្ភ​ឲ្យ​បាន​គ្រប់គ្រាន់​ចេញ​ពី​ទីភ្នាក់ងារ​អន្តរជាតិ​សំខាន់ៗ​នៅ​ឡើយ​ទេ។ ​ដូច្នេះ​នៅក្នុង​តំបន់ ​ប្រទេស​វៀតណាម​មាន​សំឡេង​ខ្លាំង​គេ​ក្នុង​ការ​ប្រឆាំង​នឹង​ទំនប់​នេះ ​ក្នុង​គណៈ​កម្មការ​ទន្លេ​មេគង្គ ​ដែល​មាន​រដ្ឋ​ជា​សមាជិ​ក​ទាំង​បួន ​ប៉ុន្តែ​ប្រទេស​នោះ​ត្រូវ​ការ​ការ​គាំទ្រ​ពី​អន្តរជាតិ​ច្រើន​ថែម​ទៀត ​ដើម្បី​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ប្រទេស​លាវ​ឲ្យ​គិត​គូរ​ឡើង​វិញ ​អំពី​ផល​ប្រយោជន៍​អន្តរជាតិ​ដ៏​ធំ​ទំលាយ​ជាង​នេះ។​

សំណួរ៖ ជា​ទី​បញ្ចប់ តើ​លោក​រំពឹង​ថា ភាពយន្ត​ឯកសារ​របស់​លោក​នេះ​នឹង​អាច​ជួយ​ផ្លាស់​ប្តូរ​ស្ថានភាព​នៃ​គម្រោង​សាងសង់​ទំនប់​ដនសាហុង​នេះ​បាន​យ៉ាង​ដូច​ម្តេច​ខ្លះ?​

ចម្លើយ៖ ​ខ្សែ​ភាពយន្ត​មួយ​នឹង​មិន​អាច​ផ្លាស់​ប្តូរ​ស្ថានភាព​នេះ​បាន​ទេ ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ​ភាពយន្ត​ឯក​សារ​របស់​ខ្លុំ​នេះ​នឹង​ចូលរួម​ចំណែក​ដល់​យុទ្ធនាការ​អប់រំ ​និង​លើក​កម្ពស់​ការ​យល់​ដឹង​នៅ​ក្នុង​តំបន់។ ​វា​ក៏រួម​ចំណែក​ដល់​អ្វី​មួយ​ដែល​ប្រជា​ពលរដ្ឋ​មិន​ទាន់​បាន​ដឹង​អំពី​អយុត្តិធម៌​នៃ​របៀប​ដែល​ទំនប់​ទាំង​នេះ​ត្រូវ​បាន​ដាក់​មក​លើ​ប្រជា​ជន​នៃ​តំបន់​នេះ និង​ការ​ឈឺចាប់​ ហើយ​នឹង​ការ​ខូចខាត​ដែល​ទំនប់​នឹង​បង្ក​ដល់​ជីវិត​របស់​ពួក​គេ។ តាម​រយៈ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​នេះ​នឹង​មាន​សម្ពាធ​កាន់​តែ​ច្រើន​ឡើង​ទៅ​លើ​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់ ​និង​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​អង្គការ​សហ​ប្រជាជាតិ​ព្រម​ទាំង​ទីភ្នាក់ងារ​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​នៅ​ក្រៅ​តំបន់។​

ដូច្នេះ​ ខ្ញុំ​សង្ឃឹម​ថា ខ្សែ​ភាព​យន្ត​របស់​ខ្ញុំ​នឹង​ចូល​រួម​ចំណែក​បន្តិច​បន្តូច​ក្នុង​ការ​បង្កើន​កម្លាំងអង្គការ​អន្តរជាតិ​ ឬ​ការ​តវ៉ា​ជា​លក្ខណៈ​អន្តរជាតិ​ ដែល​គេ​ត្រូវ​ការ​ ដើម្បី​ឲ្យ​មាន​ស្មារតី​ស្វាហាប់​ក្នុង​ការ​សម្រេច​ចិត្ត​ថា​ តើ​ទំនប់​នោះ​គួរ​ត្រូវ​បាន​សាងសង់​ ​ឬ​អត់ និង​ការ​ទទួល​បាន​ឯកភាព​ជា​អន្តរជាតិ​គឺ​ថា ​គ្មាន​ការ​សាងសង់​ទំនប់​ណា​មួយ​ឡើយ​ លុះណាតែ​មាន​ភស្តុតាង​តាម​បែប​វិទ្យាសាស្ត្រ​ដ៏​រឹងមាំ​ថា វា​អាច​ត្រូវ​បាន​គេធ្វើ​តាម​របៀប​មួយ​ដែល​នឹងមិនបំផ្លាញ​ជលផល។ ប៉ុន្តែ​បើ​គ្មាន​វិទ្យាសាស្ត្រ និង​គ្មាន​គោល​បំណងច្បាស់​លាស់​ទេ​នោះ គេ​មិន​ត្រូវ​សាងសង់​ទំនប់​នេះ​ឡើយ។​

សំណួរ៖ បាទ​ សូម​អរគុណ​សម្រាប់​ពេល​វេលា​របស់​លោក។​

ចម្លើយ៖ បាទ​មិន​អី​ទេ។ ​សូមអរគុណ៕