ក្រុម​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​នួន ជា ​និង​ខៀវ​ សំផន​មាន​សុខភាព​ល្អ​អាច​ឡើង​សវនាការ​បាន

ជន​ជាប់​ចោទ​ទាំងពីរ​កំពុង​រង់ចាំ​ចូលរួម​ឆ្លើយ​បំភ្លឺ​និង​ការពារ​ខ្លួន​ក្នុង​សវនាការ​ជា​ច្រើន​ ក្រោយ​ពេល​សាលក្រម​ដាក់ទោស​អំពី​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​និង​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​សំណុំ​រឿង​០០២ ​វគ្គទី១​ដែល​ត្រូវ​ប្រកាស​ឆាប់ៗ​ខាង​មុខ។

ក្រុម​វេជ្ជ​បណ្ឌិត​ក្នុង​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.បាន​រក​ឃើញ​ថា​ ជនជាប់​ចោទ​នួន ជា វ័យ​៨៦​ឆ្នាំ​ និង​ខៀវ សំផន​វ័យ​៨៣​ឆ្នាំ​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ការ​កាត់​ទោស​នៅ​ពេល​ខាង​មុខ។ ​នេះ​បើតាម​របាយ​ការណ៍​សម្ងាត់របស់​ក្រុម​គ្រូពេទ្យ​បី​រូប​ជា​ភាសា​អង់គ្លេសដែល បាន​រៀប​ចំ​ដាក់​ជូន​ចៅក្រម​សាលា​ដំបូង​កាលពី​ថ្ងៃទី​២៦​មីនា​ ហើយ​ដែល​វីអូអេ​ ទទួល​បាន​ពី​ប្រភព​ស្និទ្ធ​នឹង​តុលាការ។​

ជន​ជាប់​ចោទ​ទាំងពីរ​កំពុង​រង់ចាំ​ចូលរួម​ឆ្លើយ​បំភ្លឺ​និង​ការពារ​ខ្លួន​ក្នុង​សវនាការ​ជា​ច្រើន​ ក្រោយ​ពេល​សាលក្រម​ដាក់ទោស​អំពី​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​និង​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​សំណុំ​រឿង​០០២ ​វគ្គទី១​ដែល​ត្រូវ​ប្រកាស​ឆាប់ៗ​ខាង​មុខ។ ​ជនជាប់​ចោទ​ទាំង​ពីរ​ក៏​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ ដែល​ជាប់ទាក់​ទង​នឹង​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០ ​ឬ​ក្នុង​សំណុំ​រឿង​០០២​វគ្គទី២​ផង​ដែរ។​

ក្រុម​អ្នក​វិភាគ ​និង​មន្ត្រី​តុលាការ​មាន​ក្តី​បារម្ភ​ដូច​គ្នា​ខ្លាច​ជន​ជាប់​ចោទ​ទាំង​ពីរ​នេះ​ មិន​មាន​សុខភាព​គ្រប់គ្រាន់​អាច​ចូលរួម​សវនាការ​ទាំង​នោះ​បាន។​ ក៏​ប៉ុន្តែរបាយការណ៍​របស់​ក្រុម​គ្រូពេទ្យ​ទាំង​បី​គឺ​វេជ្ជបណ្ឌិត​ Kin​ Ming ​CHAN ​ វេជ្ជ​បណ្ឌិត​ ​Seena ​FAZEL ​និង​វេជ្ជបណ្ឌិត​ Lina ​HUOT ​បាន​បញ្ជាក់​ថា ​នួន ជា​មាន​សុខភាព​ល្អ។ ​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​របស់​គាត់​ ជំងឺ​រលាក​តម្រង​នោម​ និង​ជំងឺ​ឈឺ​កែងជើង​ស្តាំ​របស់​គាត់​មិន​ប៉ះពាល់​ដល់ការ​ចូលរួម​សវនាការ​កាត់​ទោស​ទេ។​

«តាម​យោបល់​របស់​យើង ​បច្ចុប្បន្ន​នេះ​នួន ជា​ពិតជា​មាន​សមត្ថភាព​ផ្តល់​សក្ខី​កម្ម។​ នួន ជា​បាន​ពន្យល់​ថា​ នៅ​ក្នុង​តុលាការ​ ព្រះរាជ​អាជ្ញា​ និង​មេធាវី​អាច​សួរ​សំណួរ​គាត់​បាន។​ គាត់​បង្ហាញ​ទស្សនៈ​ថា​ គាត់​អាច​មាន​វត្តមាន​ក្នុង​តុលាការ​ព្រោះ​គាត់​ចង់​ឃើញ​មនុស្ស​ម្នារ​ដោយ​ផ្ទាល់​ ហើយ​បាន​និយាយ​ថា​ គាត់​គ្មាន​បារម្ភ​ក្នុង​ការ​ចូលរួម​សវនាការ​ដោយ​ផ្ទាល់​ទេ»។​

របាយ​ការណ៍​វេជ្ជបណ្ឌិត​ដោយ​ឡែក​មួយ​ទៀត​ក៏​បាន​បញ្ជាក់​ពី​សុខភាព​ជន​ជាប់​ចោទ​ម្នាក់​ទៀតដែរគឺ​ខៀវ សំផន​ ដោយ​លើក​ឡើង​ថា​ គាត់​អាច​ចូលរួម​សវនាការ​បាន។​

«បច្ចុប្បន្ន​នេះ​មិនមាន​បញ្ហា​សុខភាព​រាងកាយ​ណា​ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាពចូលរួម​ការ​កាត់​ទោស​របស់​ខៀវ សំផន​នោះ​ទេ»។​

របាយ​ការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា៖

«ខៀវ សំផន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​សុខភាព​ល្អ​ ទោះបី​ជា​គាត់​មាន​បញ្ហា​សុខ ភាព​មួយ​ចំនួន​ក្តី»។​

ខៀវ សំផន​ធ្លាប់​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​កាលពី​ឆ្នាំ​២០០៨​ តែ​ក្រោយ​មក​បាន​ជា​វិញ។​

ទាំង​នួន ជា​ និង​ខៀវ សំផន​អាច​សរសេរ​ និយាយ​ ស្តាប់​ឮ ​គ្មាន​ជំងឺ​បាត់ការ​ចង ចាំ​ គ្មាន​បញ្ហា​ខួរក្បាល​ និងបញ្ហា​បារម្ភ​ដ​ទៃ​ទៀត​ទេ។​

ក្រុម​មេធាវី​ជនជាប់​ចោទ​ទាំង​ពីរ​ ជារឿយៗ​ បាន​តវ៉ា​ថា ​កូនក្តី​របស់​ខ្លួន​មាន​បញ្ហា​ សុខភាព​ច្រើន​ដែល​មិន​អាច​ចូលរួម​ការ​ជំរះ​ក្តី​បាន​យូរ​ និង​ញឹកញាប់​ទេ។ ​ក្រុម​មេធាវី​បាន​ដាក់​បញ្ហា​សុខភាព​ជនជាប់​ចោទ​នេះ​ជូន​ដល់​តុលាការ​នៅ​ក្នុង​អំឡុង​ មួយ​ខែ​មុន​នេះ​ដើម្បី​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​សុខភាព​ជន​ជាប់​ចោទ​ ដែល​ត្រូវ​ចូលរួម​ក្នុង​សវនាការ​នោះ។​

លោក​គង់ សំអុន​ មេធាវី​លោក​ខៀវ សំផន​ដែល​ជាជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ បាន​ថ្លែង​ថា​ ជា​ការ​ល្អ​ដែល​កូនក្តី​របស់​លោក​អាច​ចូល​រួម​សវនា ការ​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ​ឬ​ចូលរួម​៣​ដង​ក្នុង​១​សប្តាហ៍​ជា​ការ​ល្អ។​

«កន្លង​មកដូច​ក្នុង​សវនាការ​សំណុំ​រឿង​០០២​ វគ្គទី​១​ហ្នឹង​មាន​កាត់​ទោស​រហូត​ដល់​ពេល​ល្ងាច​ ហើយ​៤ថ្ងៃ​ក្នុង​១សប្តាហ៍។​ អញ្ចឹង​យើង​ឃើញ​ថា ​វាច្រើន​ពេក​ សម្រាប់​មនុស្ស​ចាស់​ ដូច​គាត់​ បើឲ្យ​គាត់​ធ្វើការ​អញ្ចឹង​ ពីព្រោះ​គាត់មិន​មែន​ត្រូវ​ ចំណាយ​ពេល​តែ​ក្នុង​សវនាការ​ទេ​ គាត់​ត្រូវ​មាន​ពេល​ជួប​ជា​មួយ​មេធាវី​ក្រុម​ ការងារ​ទៀត។​ អញ្ចឹង​ទៅការ​សម្រាក​របស់​គាត់​អត់សូវ​មាន​ទេ​ កាលណា​ធ្វើការ​ជាប់​ពេក»។

លោក​បាន​អះអាង​ថា​ សុខភាព​កូន​ក្តី​របស់លោក​មើល​ទៅ​ល្អ​តាម​របៀប​មនុស្ស​ចាស់ ​មិនមែន​មាន​កម្លាំង​ដូច​ក្មេង​នោះ​ទេ។​

លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​បញ្ជាក់​ថា​ ការ​វាយ​តម្លៃ​ពី​ក្រុម​គ្រូពេទ្យ​ដែល​ធ្វើ​នៅ​ថ្ងៃ​ទី២៤​ និង​ថ្ងៃទី​២៥​មិនា​នោះ​ បានធ្វើ​បញ្ចប់​ហើយ​ តែ​លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​ទេ​ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា៖​

«សុខភាព​ជនជាប់​ចោទ​មាន​សារៈ​សំខាន់​ណាស់ ​ហើយ​ក៏​ជា​ការ​ចាប់​អារម្មណ៍​ សម្រាប់​ភាគី​ពាក់ព័ន្ធ​នានា​ដែរ។​ ហើយ​យើង​សង្ឃឹម​ថា​ ពួកគាត់​នឹង​បាន​ចូល​រួម​ ក្នុង​ដំណើរការ​ប្រកាស​សាលក្រម​នៅ​ពេល​ខាង​មុខ​ក្នុង​សំណុំ​រឿង​០០២ ​វគ្គទី១​ ដែល​គេ​គ្រោង​នឹង​ប្រកាស​នៅ​ក្នុង​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០១៤​នេះ​ ក៏ដូច​ជា​ដំណើរ​ការ​នៃ​ការ​ជំនុំ​ជម្រះក្តី​លើ​សំណុំ​រឿង​បន្ទាប់​គឺ​សំណុំ​រឿង​០០២ ​វគ្គទី២​ ដែល​នឹង​ធ្វើឡើង​នៅក្នុង​ពេល​វេលា​សម​ស្រប»។​

លោក​បាន​បន្ថែម​ថា​ ការ​វាយ​តម្លៃ​បញ្ហា​សុខភាព​របស់​ជនជាប់​ចោទ​ជា​រឿង​ធម្មតា​ ដែល​តុលាការ​តែងតែ​ធ្វើ​ដូច្នោះ​មុន​ពេល​សវនាការ​កើត​ឡើង។​

លោក​នេត្រ ភក្រ្តា​បាន​អះអាង​ថា ​មកទល់​ពេល​នេះ​គ្មាន​ការ​ដាក់ពាក្យ​សុំ​មក​ តុលាការ​ដើម្បី​សួរ​ដេញ​ដោល​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​នៅថ្ងៃ​ទី២៨​ខែ​ មីនា​ទេ។​ សវនាការ​មួយ​នេះ​ត្រូវបាន​លុប​ចោល៕