ម៉ាស់ការពារមេរោគកូរ៉ូណាកកកុញនៅតាមឆ្នេរសមុទ្រនិងផ្លូវដើរតូចៗក្នុងក្រុងហុងកុង

រូបឯកសារ៖ ពលរដ្ឋពាក់ម៉ាសដើរតាមដងផ្លូវមួយនៅក្រុងហុងកុង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

ម៉ាស់ការពារមេរោគកូរ៉ូណាដែលបោះចោល កំពុងគរនៅតាមឆ្នេរសមុទ្រនិងផ្លូវដើរតូចៗរបស់ដែនដីហុងកុង ដោយបានធ្វើឲ្យមានការព្រមានពីក្រុមបរិស្ថានថា កាកសំរាមទាំងនេះកំពុងបណ្តាលឲ្យមានការគំរាមកំហែងយ៉ាងខ្លាំងដល់សត្វសមុទ្រនិងសត្វព្រៃ។

ប្រជាពលរដ្ឋ​ហុងកុង​ភាគច្រើន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ចំនួន៧លាន៤សែន​នាក់ បាន​ពាក់​ម៉ាស់​ដែល​ប្រើ​បាន​តែ​មួយ​ដង​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូរ៉ូណា។ កន្លង​មក វីរុសកូរ៉ូណា​នេះ​បាន​ចម្លង​ដល់​មនុស្ស ១២៦ នាក់ និង​បាន​សម្លាប់​មនុស្ស ៣ នាក់ នៅ​ក្នុង​ទីក្រុង​ហុងកុង។

ក៏ប៉ុន្តែ​ម៉ាសយ៉ាងច្រើនបំផុត មិនត្រូវបានគេទុកដាក់ឲ្យបានត្រឹមត្រូវ ហើយផ្ទុយទៅវិញ បានត្រូវគេបោះចោលនៅតាមទីជនបទឬសមុទ្រ ដែលសត្វសមុទ្រអាចស៊ីម៉ាស់នោះជាចំណីអាហារ អណ្តែតតាមឆ្នេរសមុទ្រជាមួយថង់ប្លាស្ទិកនិងសំរាមផ្សេងៗទៀត។

ក្រុមបរិស្ថាន ដែលបានប្រមូលរួចហើយនូវកាកសំរាមអណ្តែតតាមសមុទ្រមកពីចិនដីគោកនិងកន្លែងផ្សេងៗទៀត និយាយថា ម៉ាស់ពាក់ការពារមេរោគកូរ៉ូណាដែលគេបោះចោល បានធ្វើឲ្យបញ្ហាយ៉ាងធ្ងន់ធ្ងរ ហើយក៏បានបង្កើនការព្រួយកង្វល់អំពីការរាលដាលនូវមេរោគនេះ។

លោក Gary Stokes អ្នកបង្កើតអង្គការបរិស្ថានមហាសមុទ្រអាស៊ី បាននិយាយថា «យើងមានម៉ាស់ក្នុងចំនួនយ៉ាងច្រើននៅរយៈពេលពី៦ទៅ៨សប្តាហ៍មកនេះ។ យើង ឥឡូវនេះកំពុងឃើញផលប៉ះពាល់ដល់បរិស្ថាន»។

លោក Stokes បានលើកឡើងឧទាហរណ៍នៅប្រជុំកោះសូកូដែលជាកោះដាច់ស្រយាលនិងគ្មានមនុស្សរស់នៅរបស់កោះហុងកុងដែលស្ថិតនៅផ្នែកខាងត្បូងចំណតយន្តហោះអន្តរជាតិ។

លោកនិយាយទៀតថា ឆ្នេរសមុទ្រផ្សេងទៀតនៅជុំវិញទីក្រុងក៏មានបញ្ហាដូចគ្នាដែរ។

ទីក្រុងហុងកុងដែលមានពលរដ្ឋរស់នៅដ៏ច្រើន បានខំដោះស្រាយបញ្ហាប្លាស្ទិក នេះជាច្រើនឆ្នាំមកហើយ។ វប្បធម៌នៃការបរិភោគនៅខាងក្រៅ ម្ហូបច្អិនស្រាប់ បានបង្កើនការប្រើស្បោងប្លាស្ទិក៕