កម្ពុជា​សោកស្តាយ​ដែល​ភាពយន្ត​«កង្វះ​រូបភាព»​មិន​បាន​រង្វាន់​អូស្ការ

Your browser doesn’t support HTML5

នៅ​មជ្ឈ​មណ្ឌល​បុប្ផាណា​ទីក្រុង​ភ្នំពេញ ​ការ​សោក​ស្តាយ​បាន​កើត​ឡើង​មួយ​រំពេច​ក្រោយ​ពីពាន​រង្វាន់​អូស្ការបាន​ធ្លាក់​ទៅ​លើ​ខ្សែ​ភាព​យន្ត​របស់​ប្រទេស​អ៊ីតាលី​ដែល​មាន​ចំណងជើង​ថា "The Great Beauty”។

ភាពយន្ត​កម្ពុជា​ដែ​ល​មាន​ចំណង​ជើង​ថា​«កង្វះ​រូបភាព» ឬ ​«The Missing Picture» ​ដែល​ផលិត​ដោយ​លោក​ប៉ាន់ ឫទ្ធី ​នាយក​មជ្ឈមណ្ឌល​បុប្ផាណា​មិន​បាន​ទទួលពាន​រង្វាន់សម្រាប់​ខ្សែ​ភាព​យន្ត​ល្អ​បំផុតជា​ភាសាបរទេស​នេះ​ទេ។​ ពិធី​ប្រកាស​ជ័យ​លាភី​នេះ​ធ្វើ​ឡើង​នៅ​ក្រុងLos Angeles រដ្ឋ​កាលីហ្វ័ញ៉ា​ សហរដ្ឋ​អាមេរិក​នៅ​រាត្រី​ថ្ងៃ​អាទិត្យ​ ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​៣​ខែ​មិនា​ នៅ​ប្រទេស​កម្ពុជា។ ​ហើយ​មជ្ឈ​មណ្ឌល​បុប្ផាណា ​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ទស្សនា​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍។​

លោក​ម៉ាង សារិទ្ធ ​គឺ​ជា​អ្នក​ឆ្លាក់​រូប​តួ​សម្តែង​អំពី​ដីឥដ្ឋ​នៅ​ក្នុង​រឿង​«កង្វះ​រូបភាព»​នេះ​បានសម្តែង​ការខក​ចិត្តក្រោយ​ពី​ភាព​យន្ត​កម្ពុជាមិនបាន​ទទួលជ័យ​ជម្នះ​នេះ។
លោក​បាន​បញ្ជាក់​ថា៖

«សោកស្តាយ​ដែរ​ដែល​អត់​បាន​ទទួល​ជោគ​ជ័យ​ពី​ព្រោះ​ក្នុង​ចំណោម​ហ្នឹង​គេ​មាន​សុទ្ធ​តែ​ជា​រឿង​ល្អៗ​ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ដែរ​ដែល​ភាព​យន្ត​ខ្មែរ​យើង​ឈាន​ដល់​វគ្គ​ចុង​ក្រោយ»។

នៅ​ជាន់​ផ្ទាល់​ដី​នៃ​មជ្ឈ​មណ្ឌល​បុប្ផាណាមនុស្ស​ប្រមាណ​៣០​នាក់ក្នុង​នោះ​មាន​និស្សិត ​មាន​អ្នក​យក​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ ​មាន​ភ្ញៀវ​បរទេស​និង​បុគ្គលិក​ក្រុម​ហ៊ុនឯក​ជន​និង​អង្គការ​ជាតិ​និង​អន្តរជាតិ​បានចូល​រួម​ទស្សនាការផ្សាយ​ផ្ទាល់នៃ​ពិធី​ប្រគល់​រង្វាន់​អូស្ការរ។

កញ្ញា​ផូ សុភ័ន ​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ផ្នែក​ប្រវត្តិសាស្ដ្រ​បាន​បញ្ជាក់​ថា៖
«មាន​អារម្មណ៍​ថា​សោក​ស្តាយ​ដែរ​ពីព្រោះ​ថា​អត់​ដែល​មាន​កុន​ខ្មែរ​ចូល​ប្រកួត​ជាមួយ​បរទេស​ដូច្នេះ។​ប៉ុន្តែ​(ខ្ញុំ)​មាន​អារម្មណ៍​រំភើប​ដែរ​នៅ​ពេល​ដែល​កុន​ខ្មែរបាន​ចូល​រួម​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​បែប​នេះ»។

ភាពយន្ត​The Great Beauty ​និយាយរៀប​រាប់​អំពី​សិល្បករ​មួយ​រូប​ដែលប្រឹង​ប្រវេប្រវា​ក្នុង​ភាព​ស្ពឹក​ស្រពន់​មិន​អាច​បង្កើត​អ្វី​មួយ​ឲ្យ​មាន​អត្ថន័យ​បាន។ ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​បញ្ញាជន​និង​អ្នក​សិល្បៈ​ដែល​វាយឫក​ តួអង្គ​សំខាន់​ក្នុង​រឿង​នេះ​មាន​អារម្មណ៍​បណ្តែត​បណ្តោយ​តាម​យថាកម្ម។​គាត់​បាន​ព្យាយាម​ក្នុង​វិស័យ​សិល្បៈ​និង​ទំនាក់​ទំនង​ជាច្រើន​នៅ​ទីក្រុង​រ៉ូម​ដើម្បី​ស្វែង​រក​អត្ថន័យ​ក្នុង​ជីវិត។​និយាយ​ជា​សរុបខ្សែ​ភាព​យន្ត​បាន​អធិប្បាយ​អំពី​លក្ខខណ្ឌ​នៃ​ភាព​ក្រី​ក្រ​ក្នុង​សង្គម។​

ដោយឡែក​ខ្សែ​ភាពយន្ត​«​កង្វះ​រូប​ភាព»ឬ ​“The Missing Picture” ​រៀបរាប់​ពី​ខែ្ស​ជីវិត​កុមារភាព​របស់​លោក​ប៉ាន់ ឫទ្ធី ​គឺ​កុមារភាព ​របស់​លោក​ដែល​រំលឹក​ពី​ការឈឺចាប់​ផ្ទាល់ខ្លួន​ក្នុង​របប​ខ្មែរក្រហម​និង​ទុក្ខ​វេទនា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។ ​របប​នេះ​ដែល​បាន​បង្កឲ្យ​ប្រជា​ពល​រដ្ឋ​ស្លាប់​យ៉ាង​តិច​ជិត​ពីរលាន​នាក់។

ខ្សែ​ភាព​យន្ត​«​កង្វះ​រូប​ភាព»គឺជា​ខ្សែភាព​យន្ត​ខ្មែរ​ដំបូងគេ​ដែល​បានជាប់​ចំណាត់​ថ្នាក់​ប្រកួត​ប្រជែង​ពាន​រង្វាន់​អូស្ការរ​នៅ​ទឹក​ចុង​ក្រោយ​ក្នុង​ចំណោម​ខ្សែ​ភាពយន្ត​បរទេស​ប្រមាណ​៦០​រឿង​ដែល​បានចូល​ប្រកួត​ប្រជែង។

ភាពយន្ត​The Missing Picture ​របស់​លោក​ប៉ាន់ ឫទ្ធី ​បាន​ប្រជែង​ជាមួយ​ភាពយន្តរឿង​The Broken Circle Breakdown ​របស់​ប្រទេស​បែលហ្ស៊ិក ​ភាពយន្ត​រឿង​The Great Beauty​ របស់​ប្រទេស​អ៊ីតាលី រឿង​The Hunt ​របស់​ប្រទេស​ដាណឺម៉ាក​និង​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា ​Omar ​របស់​ប្រទេស​ប៉ាឡេស្ទីន។

លោក​គ្រីស្តូហ្វូរ៉ូស ប៉ាវឡាគី​(Christoforos Pavlakis) ​ផ្នែក​ទំនាក់​ទំនង​និង​ព្រឹត្តិ​ការណ៍​វប្បធម៌​របស់មជ្ឈ​មណ្ឌល​បុប្ផាណា​ អធិប្បាយ​ថាភាព​យន្ត​កម្ពុជា​ទទួល​បាន​ភាព​អស្ចារ្យមួយ​រួច​ទៅ​ហើយ​នៅ​ពេល​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ភាព​យន្ត​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​ប្រជែង​ចុង​ក្រោយ​ហើយ​លទ្ធ​ផលនេះ​នៅ​តែ​ផ្តល់​មោទនភាព​ដល់​មជ្ឈមណ្ឌល​របស់​លោក។

«ទោះជា​លទ្ធផល​បែប​នេះ​ក្តី​យើង​មាន​មោទនភាព។​ក្រុម​បុគ្គលិក​នៃ​មជ្ឈមណ្ឌល​បុប្ផាណា​មាន​មោទ​ភាព​ជា​ខ្លាំង​ចំពោះ​ខ្សែ​ភាព​យន្ត​កង្វះ​រូបភាព​របស់​លោក ប៉ាន់ ឫទ្ធី​ ហើយ​យើង​កោត​សរសើរផលិត​ករ​ភាព​យន្ត​ដែល​បាន​ឈ្នះ​ពានរង្វាន់​អូស្ការរ»។

លោក​គ្រីស្តូហ្វូរ៉ូស ប៉ាវឡាគី ​បន្ថែម​ថាការ​ប្រកួត​ប្រជែង​សម្រាប់​ពាន​រង្វាន់​អូស្ការរ​នេះនឹង​ជះ​ឥទ្ធិ​ពល​ជា​វិជ្ជមាន​ដល់​ការ​ផលិត​ខ្សែ​ភាព​យន្ត​ប្រកប​ដោយ​គុណ​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា៕