នៅក្រោយការលាតត្រដាងនាំឱ្យមានការភ្ញាក់ផ្អើលថា លោកប្រធានាធិបតី Trump ប្រហែលបានសុំដល់លោកJames Comey ដែលពេលនោះកាន់តំណែងជានាយកការិយាល័យ FBI ឱ្យបញ្ឈប់ការស៊ើបអង្កេតរបស់ FBI អំពីលោក Michael Flynn អតីតទីប្រឹក្សាសន្តិសុខជាតិ ប្រធានខាងគណបក្សសាធារណរដ្ឋមានអំណាចម្នាក់របស់គណៈកម្មាធិការមួយនៃសភាស.រ.អា.បានសុំដល់ FBI ឱ្យប្រគល់កំណត់ហេតុរបស់លោក Comey អំពីឧប្បត្តិហេតុនេះ។
នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅឱ្យលោក Andrew McCabe នាយកស្តីទីនៃការិយាល័យ FBI លោក Jason Chaffetz ប្រធានគណៈកម្មាធិការត្រួតពិនិត្យការចាយវាយរបស់រដ្ឋាភិបាលនៃសភាតំណាងរាស្ត្រអាមេរិកាំងដែលជាអ្នកសាធារណរដ្ឋមកពីរដ្ឋ Utah បានទាមទារ «ឱ្យមានការប្រគល់អនុស្សារណៈ សេចក្តីសង្ខេប និងការថតសំឡេងដែលយោងដល់ ឬទាក់ទិនជាមួយការសន្ទនាទាំងឡាយរវាងលោក Comey និងលោកប្រធានាធិបតី «ឱ្យដល់គណៈកម្មាធិការនេះកុំឱ្យហួសពីថ្ងៃទី២៤ ខែឧសភា»។
កាសែត New York Times បានរាយការណ៍អំពីដំណឹងនេះកាលពីយប់ថ្ងៃអង្គារដោយចែងថាលោក Comey បានសរសេរអនុស្សារណៈមួយរៀបរាប់យ៉ាងក្បោះក្បាយអំពីការសន្ទនារបស់លោកជាមួយលោក Trump មួយថ្ងៃក្រោយពីលោក Flynn បានលាលែងចេញពីតំណែងដោយការបណ្តេញចេញកាលពីខែកុម្ភៈមុន។ អត្ថបទរបស់សារព័ត៌មាន New York Times បាននិយាយថាអនុស្សារណៈនេះជាផ្នែកមួយនៃការរៀបចំឯកសារដោយលោក Comey អំពីការយល់ឃើញរបស់លោកថាការស្នើសុំរបស់លោកប្រធានាធិបតីជាការមិនត្រឹមត្រូវទេ។
ពួកអ្នកវិភាគខាងច្បាប់មួយចំនួនបាននិយាយបង្ហាញហេតុផលថាការស្នើសុំមួយបែបនេះអាចត្រូវចាត់ទុកថាជាការរារាំងមិនឱ្យមានភាពយុត្តិធម៌ដែលជាបទល្មើសមួយនាំឱ្យមានការចោទប្រកាន់បាន។ លោក Adam Schiff សមាជិកសភាតំណាងរាស្ត្រប្រចាំរដ្ឋ California ដែលជាសមាជិកជាន់ខ្ពស់ម្នាក់ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការខាងការស៊ើបការណ៍របស់សភាតំណាងរាស្ត្រអាមេរិកាំងបានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា «ប្រសិនបើនេះជាការពិត នេះជាការចោទប្រកាន់មួយទៀតនាំឱ្យមានការរំខានដែលថាលោកប្រធានាធិបតីប្រហែលមានទាក់ទងជាមួយការជ្រៀតជ្រែកខ្លះ ឬជាមួយការរារាំងការស៊ើបអង្កេត»៕