ជនជាប់​ឃុំ ​តវ៉ា​នៅ​មន្ទីរ​ឃុំ​ឃាំង​របស់​អូស្រ្តាលី​នៅ​ដែន​សមុទ្រ

  • Phil Mercer

រូបភាព​នៃ​កោះ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ណូរូ (Nauru)។

ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា ​អ្នក​ស្វែងរក​ទី​លំនៅ​ដែល​នៅ​មន្ទីរ​ឃុំឃាំង​របស់​អូស្រ្តាលី លើ​កោះ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ណូរូ​កំពុងតែ​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គោល​នយោបាយ​ជនភៀសខ្លួន​នេះ។ សកម្មជន​និយាយ​ថា​អ្នក​ជាប់​ឃុំ​ខ្លះ​បាន​ដេរ​មាត់​របស់​ខ្លួន​ជាប់​គ្នា​ហើយ​បាន​ផឹកទឹក​សាប៊ូ​ខណៈ​ដែល​បុរស​ម្នាក់​ទៀត​បាន​កាត់​បំពង់ក​របស់​ខ្លួន​ក្នុង​ការប្រឆាំង​នឹង​គម្រោង​របស់​រដ្ឋាភិបាល​នៃ​រដ្ឋធានី​ Canberra ​ដើម្បី​ប្រឆាំង​នឹង​ទិដ្ឋាការ​ផ្លាស់​ទី​លំនៅ​របស់​ជនជាប់ឃុំ​នៅក្នុង​ប្រទេស​អូស្រ្តាលី។

ក្រុម​យុទ្ធនាការ​ជនភៀសខ្លួន​និយាយ​ថា​មាន​ការ​ខឹង​សម្បា​និង​ការស្រងាក​ចិត្ត​ក្នុង​ចំណោម​អ្នក​ស្វែងរក​ទីលំនៅ​ដែល​ត្រូវ​បាន​ជាប់ឃុំ​នៅ​លើ​កោះ​ណូរូ​បន្ទាប់​ពី​រដ្ឋាភិបាល​អូស្ត្រាលី​បាន​អះអាង​ថា​ជនជាប់​ឃុំ​ទាំងអស់​នេះ​នឹង​មិន​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ដាក់​សំណុំ​ឯកសារ​សុំ​ទិដ្ឋាការ​ការពារ​ជា​បណ្តោះ​អាសន្ន។

លិខិត​អនុញ្ញាត​នឹង​អនុវត្ត​ចំពោះ​អ្នក​ស្វែងរក​ទី​លំនៅ​ដែល​បច្ចុប្បន្ន​កំពុងតែ​ជាប់​ឃុំ​នៅ​ជំរំ​អន្តោប្រវេសន៍​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ​ឬ​អ្នកដែល​ត្រូវបាន​ដោះលែង​ដោយ​ផ្អែក​លើ​ទិដ្ឋាការ​បណ្តោះ​អាសន្ន​ឲ្យ​ចូល​ទៅ​រស់នៅ​ក្នុង​សហគមន៍​តែ​ប៉ុណ្ណោះ។ អ្នកជាប់ឃុំ​នៅ​មន្ទីរ​ឃុំឃាំង​កំពុង​ដំណើរការ​លើ​កោះ​ ណូរូ​ ឬ​កោះ​ប៉ាពួរ ញ៉ូហ្គីណេ​នឹង​មិន​ត្រូវ​ជាប់​លក្ខខណ្ឌ​នេះ​ឡើយ។

សកម្មជន​អះអាង​ថា​សេចក្តី​សម្រេច​នេះបាន​បង្ករ​ឲ្យ​មាន​បាតុកម្ម​នៅ​លើ​កោះ​ណូរូ​ដោយ​មាន​ជា​ករណី​ផ្សេងៗ​ដូចជា​ការ​បង្ករ​គ្រោះថ្នាក់​លើ​ខ្លួន​ឯង​ដូច​ដែល​បាន​រាយ​ ការណ៍ ​ក្នុង​នោះ​រួមមាន ​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​ផឹក​ទឹក​សាប៊ូ ​ហើយ​បុរស​ម្នាក់​បាន​កាត់​បំពង​ក​របស់​ខ្លួន​ជាដើម។ ចំណែក​ឯ​មនុស្ស​ដទៃ​ទៀត​បាន​ដេរ​ម៉ាត់​របស់​ខ្លួន​ជាប់​គ្នា។

លោក Ian Rintoul ​ពី​ក្រុម​សកម្មភាព​ចម្រុះ​របស់​ជនភៀសខ្លួន​នៅ​ប្រទេស​អូស្ត្រាលី និយាយ​ថា​មាន​ការ​តានតឹង​ខ្ពស់​នៅ​កោះ​ណូរូ​នេះ។

«មនុស្ស​មាន​អារម្មណ៍​មិន​ស្រួល​ទេ។ ខ្ញុំ​គិត​ថា​លោក​អ្នក​អាច​ពណ៌នា​បាន​ថា​មនុស្ស​មាន​សេចក្តី​អស់​សង្ឃឹម​យ៉ាង​ខ្លាំង។ មាន​បាតុកម្ម​នៅ​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​ចំនួន​៥ថ្ងៃ មក​ហើយ ​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវបាន​ដោះលែង​ក្នុង​ឋានៈ​ជា​ជនភៀស ខ្លួន»៕

លោក Scott Morrison រដ្ឋ​មន្ត្រី​អន្តោប្រវេសន៍​ប្រទេស​អូស្ត្រាលី ​នៅ​មិន​ទាន់​បាន​ឆ្លើយតប​ជា​សាធារណៈ​ចំពោះ​ករណី​បង្ករ​គ្រោះថ្នាក់​លើ​ខ្លួនឯង​ដែល​កើតមាន​ឡើង​នៅ​លើ​កោះ​ណូរូ​នៅ​ឡើយ​ទេ។ នេះ​គឺជា​គោល​នយោបាយ​ជាធម្មតា​របស់​រដ្ឋាភិបាល​ក្នុង​ការ​បដិសេធ​ផ្តល់​ព័ត៌មាន​ចំពោះ​ករណី​បែប​នេះ។

រដ្ឋាភិបាល​នៃ​រដ្ឋធានី​កង់​បែរ៉ា​កំពុង​តែ​ស្វះស្វែង​ធ្វើ​ការ​ណែនាំ​សារ​ជាថ្មី​មក​លើ​ទិដ្ឋា ការ​បណ្តោះ​អាសន្ន ​ហើយ​កំពុង​តែ​ស្វះស្វែង​រក​ការ​គាំទ្រ​គម្រោង​របស់ខ្លួន​នៅ​រដ្ឋ​សភា​អូស្ត្រាលី។
អ្នក​រិះ​គន់ ​និយាយ​ថា ​ទិដ្ឋាការ​ការពារ​បណ្តោះ​អាសន្ន TPV ​នឹង​ថ្កោល​ទោស​អ្នក​ស្វែងរក​ទី​លំនៅ​ដែល​មក​ពី​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​ត្បូង និង​តំបន់​មជ្ឈិម​បូព៌ា ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ជីវិត​មិន​ប្រាកដ​ប្រជា។

ប៉ុន្តែ ​លោក Morrison ​និយាយ​ថា ​ប្រព័ន្ធ​នេះ​នឹង​ផ្តល់​សន្តិសុខ​ដល់​ប្រជាជន​រាប់​ពាន់​នាក់។

«ទិដ្ឋាការ​បណ្តោះ​អាសន្ន ​TPV ​នឹង​ត្រូវ​ផ្តល់​ឲ្យ​ក្នុង​រយៈពេល​ច្រើន​បំផុត​ ៣ឆ្នាំ​ ដោយ​មាន​ជំនួយ​ខាង​ការ​ថែទាំ​សុខភាព ​ប្រាក់​ចូល​និវត្តន៍ ​និង​សិទ្ធិ​ធ្វើការ​នៅ​ក្រោម​រដ្ឋាភិបាល​លោក Howard ។ ទិដ្ឋាការ​ TPV ​នឹង​ផ្តល់​ស្ថិរភាព​និង​ឱកាស​ឲ្យ​ជនភៀស​ខ្លួន​អាច​កសាង​ជីវិត​ឡើងវិញ​បាន ​ហើយ​នៅ​ពេល​ដំណាល​គ្នា​នោះ ​នឹង​ជួយ​ធានា​មិន​ឲ្យ​អ្នក​រត់ពន្ធ​មនុស្ស​មាន​ការ​ការពារ​ជា​អចិន្ត្រយ៍​ខាង​ការ​ទទួល​បាន​ទិដ្ឋាការ​ដើម្បី​លក់​ទៅ​ឲ្យ​មនុស្ស​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី ​ដោយ​ខុស​ច្បាប់»។

៣ឆ្នាំ​កន្លង​មក​នេះ ​ជនភៀស​ខ្លួន​ត្រូវតែ​ដាក់​សំណុំ​ឯកសារ​សុំ​ទិដ្ឋាការ​បណ្តោះ​អាសន្ន​សារ​ជា​ថ្មី ​ដែល​នៅ​ពេល​នោះ ​មន្ត្រី​អន្តោ​ប្រវេសន៍​នឹង​ពិនិត្យ​មើល​សារ​ជា​ថ្មី​លើ​ស្ថានភាព​រស់នៅ​តាម​លំនៅ​ដ្ឋាន​ក្នុង​ប្រទេស​របស់​គេ​ មុន​នឹង​កំណត់​ថា​តើ​ជនភៀសខ្លួន​នោះ​មាន​លក្ខណៈ​សមស្រប​ទៅ​តាម​កម្មវិធី​ទិដ្ឋាការ​នោះ។

កាល​ពី​សប្តាហ៍​មុន​រដ្ឋាភិបាល​នៃ​រដ្ឋធានី​ Canberra ​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ដើម្បី​ផ្លាស់​ប្តូរ​ទី​លំនៅ​របស់​ជនភៀសខ្លួន​ទៅ​កាន់​ប្រទេស​ក្រីក្រ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ។ កិច្ច​ព្រម​ព្រៀង​ផ្សេងៗ​ទៀត​នឹង​ត្រូវ​បញ្ជូន​អ្នក​ស្វែងរក​ទី​លំនៅ​ដែល​បាន​មក​ដល់​ប្រទេស​អូស្ត្រាលី​តាម​ទូក​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ជំរំ​ដែល​កំពុង​ដំណើរការ​នៅ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង។ ក្រុម​រដ្ឋ​មន្ត្រី​និយាយ​ថា​គោល​នយោបាយ​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​ស្វែង​រក​ទី​លំនៅ​ញញើត​ ខណៈ​ដែល​កម្លាំង​យោធា​ក៏​ត្រូវ​បាន​ឲ្យ​ចូលរួមដើម្បី​បញ្ជូន​ជនភៀសខ្លួន​តាម​ទូក​ទាំងអស់​នេះ​ឲ្យ​ចាក​ចេញ​ពី​តំបន់​ផ្ទៃ​ទឹក​របស់​អូស្ត្រាលី។

ជា​រៀង​រាល់​ឆ្នាំ ប្រទេស​អូស្ត្រាលី​បាន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ជនភៀសខ្លួន​ចំនួន​ប្រមាណ ១ម៉ឺន ​៣ពាន់​នាក់ ​យោង​តាម​កំណត់​ត្រា​អន្តរជាតិ​ផ្សេងៗ៕

ប្រែសម្រួល​ដោយ ទែន សុខស្រីនិត