ការ​ឃុំ​ខ្លួន​បាតុករ​នៅ​ឆ្ងាយ​ផ្តល់​ការ​លំបាក​ដល់​គ្រួសារ​ទាល់​ក្រ​របស់​គេ

បាតុករ​រត់​ពី​ការ​បង្ក្រាប​នៅ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​៤​ មករា ២០១៤។

ក្រោយ​ពី​បាន​បាត់​ដំណឹង​អស់​រយៈ​ពេល​ជិត​មួយ​សប្តាហ៍​កន្លង​មក ជនជាប់​ចោទ​ទាំង​២៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​កាល​ពី​សប្តាហ៍​មុន ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​តែ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី៣ ឬ​ពន្ធនាគារ​ត្រពាំង​ថ្លុង​ក្នុង​ខេត្ត​កំពង់ចាម ព្រំដែន​កម្ពុជា​វៀតណាម ចម្ងាយ​ប្រមាណ​ជាង​២០០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ។

ក្រុម​គ្រួសារ​ជនជាប់​ចោទ​បាន​បា្រប់ ​VOA​ ថា ការ​ជម្លៀស​ជនជាប់​ចោទ​ដែល​បាន​ចាប់​ខ្លួន​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​កាល​ពី​សប្តាហ៍​មុន​ទៅ​ឃុំ​ខ្លួន​នៅ​កន្លែង​ឆ្ងាយ​ដាច់​ស្រយ៉ាល​បាន​បង្ក​ផល​វិបាក​ដល់​គ្រួសារ​ពួកគេ​ក្នុង​ការ​ទៅ​សួរ​សុខ​ទុក្ខ។

អ្នកស្រី​ ប្រាក់ សុវណ្ណារី អាយុ​៣០​ឆ្នាំ រស់​នៅ​ភ្នំពេញ និង​ជា​ប្រពន្ធ​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ជា​ជនជាប់​ចោទ​ម្នាក់។ អ្នកស្រី​ថ្លែង​ថា ការ​ឃុំ​ខ្លួន​ប្តី​អ្នកស្រី​នៅ​កន្លែង​ឆ្ងាយ​បែប​នេះ​បាន​បង្ក​ការ​លំបាក​ជា​ច្រើន​ដល់​ជីវភាព​គ្រួសារ​អ្នកស្រី។

«ពិបាក​មែន​ទែន​សម្រាប់​រូប​ខ្ញុំ ដោយ​សារ​ជីវភាព​របស់​ខ្ញុំ​មិន​ធូរធារ​ទេ។ ខ្ញុំ​រាង​ពិបាក​ដែរ។ ខ្ញុំ​ត្រូវ​ការ​ចិញ្ចឹម​កូន ចិញ្ចឹម​ម្តាយ​ឪពុក​ឈឺ។ សូម្បី​តែ​ម៉ូតូ​ខ្ញុំ​មិន​ទាន់​ទាំង​មាន​ជិះ​ផង ហើយ​មក​ពី​ភ្នំពេញ​មក​ទី​នេះ​គឺ​ឆ្ងាយ​មែន​ទែន គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន។ ពិបាក​ហ្នឹង​គ្មាន​លុយ យើង​ត្រូវ​ខ្ចី​គេ​ឬ​អំពាវនាវ​ដល់​អង្គការ​ផ្សេងៗ​ក្រែង​គេ​អាច​ជួយ​ឧបត្ថម្ភ​យើង​បាន»។

អ្នកស្រី ប្រាក់ សុវណ្ណារី បន្ថែម​ថា ប្តី​អ្នក​ស្រី​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ពន្ធនាគារ​ដ៏​ដាច់​ស្រយ៉ាល​មួយ​នេះ។

«យើង​ព្រួយ​បារម្ភ​ដោយសារ​វា​នៅ​ឆ្ងាយ​ពេក។ យើង​ពិបាក​នឹង​មក ហើយ​សុខភាព​របស់​គាត់​សូម្បី​តែ​នៅ​ទី​នេះ​ក៏​អត់​សូវ​មាន​ពេទ្យ​ដែរ។ ពេទ្យ​ត្រូវ​តែ​ឡើង​មក​ពី​ភ្នំពេញ​ហើយ​ពេទ្យ​គឺ​មិន​អាច​នៅ​មើល​យើង​ជាប់​បាន​ទេ។ ហើយ​មិន​មាន​ការ​ហូបចុក​គ្រប់គ្រាន់​អញ្ចឹង​ទៅ ពីព្រោះ​ថា នៅ​ខាង​ក្នុង​ហ្នឹង​យើង​មិន​ដឹង​ថា គេ​ឱ្យ​អ្វី​គាត់​ហូប​ខ្លះ»។

លោក វន់ ពៅ ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ និង​បទ​ញុះញុង់​ឲ្យ​មាន​បាតុកម្ម ដែល​នាំ​ឲ្យ​មាន​ការ​បង្ក្រាប​ដោយ​កម្លាំង​យោធា​លើ​បាតុករ​នៅ​តំបន់​សួន​ឧស្សាហកម្ម​ពិសេស​តាម​ផ្លូវ​ជាតិ​លេខ​៤​កាល​ពី​ថ្ងៃ​ទី២ ខែ​មករា ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​១០​នាក់។ មួយ​ថ្ងៃ​ក្រោយ​មក​មនុស្ស​១៣​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​បាញ់​បង្ក្រាប​ដោយ​ប្រើ​គ្រាប់​ពិត​ទៅ​លើ​ហ្វូង​បាតុករ​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ​កាណាឌីយ៉ា។

ជន​ជាប់​ចោទ​ទាំង​២៣​នាក់​មិន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ពី​អត្ត​សញ្ញាណ និង​កន្លែង​ឃុំ​ខ្លួន​ពួក​គេ​ដល់​ក្រុមគ្រួសារ​និង​មេធាវី​ពួកគេ​នោះ​ទេ រហូត​ទាល់​តែ​ដល់​ថ្ងៃ​ម្សិល​មិញ។
លោក សន ឌឿន នៅ​ខេត្ត​កំពង់ស្ពឺ ជា​ឪពុក​ជនជាប់​ចោទ​ម្នាក់​ទៀត​ឈ្មោះ​រ៉េត រដ្ឋា។ នៅ​ពេល​កំពុង​ជិះ​រថយន្ត​ក្រុង​ត្រឡប់​ទៅផ្ទះ​វិញ​បន្ទាប់​ពី​បាន​ជួប​កូន​លោក​នៅ​ពន្ធនាគារ លោក​ក៏​បាន​ត្អូញត្អែរ​ពី​ទីតាំង​នៃ​ពន្ធនាគារ​នេះ​ដែរ។ លោក​ត្រូវ​ជិះ​រថយន្ត​ឈ្នួល​ចម្ងាយ​ប្រមាណ​២៥០​គីឡូម៉ែត្រ​ដើម្បី​ទៅ​ជួប​កូន​គាត់។

«អត់​មាន​ទេ​បង​អើយ ជីវភាព​ខ្ញុំ​ទីទាល់​ក្រ​ណាស់។ មក​ម្តង​នេះ​ខ្ចី​លុយ​គេ​៣០​ម៉ឺន​មក មិន​ទាន់​បាន​ប៉ុន្មាន​ផង អស់​បាត់​ទៅ​ហើយ។ ខ្ញុំ​ចាំ​មើល​អាទិត្យ​ក្រោយ ដើរ​រកខ្ចី​លុយ​គេ​បាន ចាំ​ទៅ​ទៀត»។

លោក សន ឌឿន អះអាង​ថា កូន​ប្រុស​របស់​លោក​ទើប​តែ​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ប្រទេស​ថៃ គឺ​ពីរ​ថ្ងៃ​មុន​ពេល​ចាប់​ខ្លួន​ប៉ុណ្ណោះ ហើយ​អះអាង​ថា កូនប្រុស​លោក​មិន​មែន​ជា​បាតុករ​ទេ។

លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ថ្លែង​ថា មូលហេតុ​ដែល​អាជ្ញាធរ​ពន្ធនាគារ​សម្រេច​បញ្ជូន​ជនជាប់​ចោទ​ទាំង​នោះ​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំងថ្លុង​ដោយ​សារ​ពន្ធនាគារ​ព្រៃ​ស​នៅ​ភ្នំពេញ​មាន​ការ​ផ្ទុក​លើស​ចំណុះ​ខ្លាំង។

«កាល​ពី​សម័យ​បុរាណ ​អាណានិគម​ធ្លាប់​យក​អ្នក​ទោស​ទៅ​ដាក់​នៅ​កោះ​ត្រឡាច។ អត់​មាន​អ្នក​ណា​ថា​ឆ្ងាយ។ នៅ​នោះ​ [ពន្ធនាគារ​ត្រពាំងថ្លុង] ជាង​មួយ​ពាន់​នាក់​ដែរ។ នៅ​ភ្នំពេញ​ជាង​បី​ពាន់​នាក់»។

លោក គុយ ប៊ុនសន បញ្ជាក់​បន្ថែម​ថា នៅ​ប្រទេស​មួយ​ចំនួន​ក៏​មាន​ការ​ជម្លៀស​ជន​ជាប់​ចោទ​ទៅ​កន្លែង​អញ្ចឹង​ដែរ។

ប៉ុន្តែ​លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ថ្លែង​ថា ការ​អះអាង​នេះ​គឺ​ជា​ការ​ដោះសារ​ប៉ុណ្ណោះ ហើយ​ការ​បញ្ជូន​ខ្លួន​ជនជាប់​ចោទ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នេះ​ជា​រឿង​ដែល​មិន​ប្រក្រតី​មួយ។
«យើង​ឃើញ​ថា វា​ចម្លែក ព្រោះ​ថា ពន្ធនាគារ​ត្រពាំង​ថ្លុង​នេះ គេ​ទទួល​តែ​ទណ្ឌិត​ដែល​គេ​កាត់​ទោស​ហើយ ហើយ​មាន​កម្រិត​ធ្ងន់​ទៀត ហើយ​លើក​នេះ​សូម្បី​តែ​ជនជាប់​ចោទ សូម្បី​តែ​អនីតិជន​មួយ​ទៀត»។

លោក អំ សំអាត យល់​ថា មូលហេតុ​ពិត​ប្រាកដ​ដោយ​សារ​រដ្ឋាភិបាល​បារម្ភ​ខ្លាច​អង្គការ​សង្គម​ស៊ីវិល និង​កម្មករ​តវ៉ា​ឱ្យ​ដោះលែង​ជនជាប់​ចោទ​ទាំង​នោះ​វិញ។

«មូលហេតុ​ទី​១​ដោយសារ​រដ្ឋាភិបាល​ខ្លាច​ជ្រុល​ពេក។ ខ្លាច​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​និង​សង្គម​ស៊ីវិល​នានា​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទាំង​អស់​ហ្នឹង​ដោយ​សន្តិវិធី។ មូលហេតុ​ទី​២​ដោយសារ​រឿង​នេះ​កើត​ឡើង​ដោយ​អំពើ​ហិង្សា ហើយ​ក្រោម​ការ​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ​ពី​កង​កម្លាំង​រដ្ឋាភិបាល»។

នៅ​ថ្ងៃ​នេះ មាន​ទាហាន​ចំនួន​ប្រមាណ​១០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ខាង​មុខ​ពន្ធនាគារ​ត្រពាំង​ថ្លុង ដើម្បី​បង្ការ​ខ្លាច​មាន​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​ជនជាប់​ចោទ​ទាំង​នោះ។ នេះ​បើ​តាម​លោក អំ សំអាត៕