ក្រោយពីលោកបានហៅទីផ្សារសេដ្ឋកិច្ចពិភពលោកថាមិនមានភាពស្មើគ្នាជាច្រើនឆ្នាំមកនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំផ្សេងៗនៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា (APEC) នៅប្រទេសវៀតណាមថា បញ្ហាសេដ្ឋកិច្ចពីអតីតកាលទាំងនោះត្រូវតែបញ្ចប់។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា៖ «យើងលែងអត់ឱនចំពោះការរំលោភខាងពាណិជ្ជកម្មផ្សេងៗតទៅទៀតឡើយ ហើយយើងនឹងមិនអត់ឱនជាដាច់ខាត»។
ប៉ុន្តែ មេដឹកនាំជំនួញខ្លះ មានសុទិដ្ឋនិយមលើយុទ្ធសាស្ត្រខ្លាំងក្លារបស់លោកប្រធានាធិបតី ត្រាំ ដែលលោកមិនបានចាត់ទុក ចិន ជាប្រទេសដែលរំលោភខាងពាណិជ្ជម្មដ៏ធ្ងន់ធ្ងរទេ ហើយការណ៍នេះ អាចនាំឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសមហាអំណាទាំងពីរនេះ។
លោក Brian Peck នៃក្រុមប្រឹក្សាខាងនាំចេញក្នុងតំបន់ប្រចាំទីក្រុង Los Angeles បាននិយាយថា៖ «ចិន និងអាមេរិក នឹងត្រូវប្រកួតប្រជែងគ្នាក្នុងផ្នែកទីផ្សារសេដ្ឋកិច្ចផ្សេងៗ ប៉ុន្តែ ខ្ញុំគិតថា យើងអាចបង្កើតគំរូមួយ ដែលប្រទេសនីមួយៗទទួលស្គាល់ថា ប្រទេសរៀងៗខ្លួនមានអំណាចសេដ្ឋកិច្ច ហើយប្រទេសទាំងពីរអាចសហប្រតិបត្តិការគ្នាបាន ហើយក៏ប្រកួតប្រជែងគ្នាបាន»។
អ្នករិះគន់ថា វាមិនងាយស្រួលក្នុងការផ្សារភ្ជាប់គម្លាតគ្នារវាងអាមេរិក និងចិន ដែលបានអាមេរិកមានឱនភាពក្នុងទឹកប្រាក់ ៣៤៧ពាន់លានដុល្លារ។ ប៉ុន្តែ លោក Matt Goodman អតីតអ្នកប្រឹក្សាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឲ្យលោក អូបាម៉ា ថា ក្តីសង្ឃឹមគឺមាន។
លោក Matt Goodman បានលើកឡើងថា៖ «វាស្រួលទេក្នុងការមានមន្ទិលសង្ស័យអំពីរឿងទាំងនេះ។ លោកប្រធានាធិបតី បានធ្វើដំណើរទៅអង្គុយពិភាក្សាជាមួយមេដឹកនាំផ្សេងៗទៀតប៉ុន្មានថ្ងៃនេះ គ្រាន់តែសំណេះសំណាលធម្មតា តែខ្ញុំគិតថា ការធ្វើបែបនេះសំខាន់ ព្រោះនេះគឺជាឱកាសដ៏កម្រមួយ ដែលប្រធានាធិបតីអាមេរិកប្រាស្រ័យទាក់ទងនឹងដៃគូជាមេដឹកនាំដទៃទៀត»។
ទោះបីជាសេចក្តីសម្រេចចិត្តបោះបង់ចោលកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម TPP របស់លោក ត្រាំ ត្រូវបានរិះគន់ក៏ដោយ ក៏អ្នកខ្លះថា កិច្ចសហប្រតិបត្តិការរវាងប្រទេសមហាសេដ្ឋកិច្ចទាំងពីរ អាចនាំឲ្យមានការធ្វើពាណិជ្ជកម្មរវាងប្រទេសលោកខាងកើត និងប្រទេសលោកខាងលិច កាន់តែប្រសើរឡើងនាពេលអនាគត។
លោក Jim McLaughlin នៃសភាពាណិជ្ជកម្មអាមេរិក-ម៉ិកស៊ិក បាននិយាយថា៖ «សតវត្សរ៍ទី២០ ជាសតវត្សរ៍ដ៏លំបាកមួយ។ តែសតវត្សរ៍ទី២១ មានសន្តិភាពច្រើន។ ហើយភាពដឹកនាំវិជ្ជមានរវាងចិន និងអាមេរិក អាចនឹងជំរុញឲ្យទៅជាអំណោយផលដ៏វិជ្ជមានមួយ មិនត្រឹមតែសម្រាប់តំបន់ប៉ាស៊ីហ្វិកទេ គឺសម្រាប់ពិភពលោកទាំងមូល»។
ប្រទេសជាសមាជិក APEC ទាំង២១ រួមមានប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនជាងគេបង្អស់ក្នុងពិភពលោក។ ដោយរួមគ្នា ប្រទេសទាំងនេះមានផលិតផលក្នុងស្រុកសរុបជាងពាក់កណ្តាល់នៃផលិតសរុបក្នុងពិភពលោក និងរាប់រងជិតពាក់កណ្តាលនៃពាណិជ្ជកម្មពិភពលោក៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត