ទោះ​កម្ពុជា​បដិសេធ​ពី​មូលដ្ឋាន​យោធា​ចិន​ ឥទ្ធិពល​យោធា​អាមេរិក​ត្រូវ​ជំនួស​ដោយ​ចិន​ក្នុង​តំបន់

រូបភាពនៃសំណង់កំពង់ផែទឹកជ្រៅមួយដែលជាផ្នែកមួយនៃគម្រោង​អភិវឌ្ឍរបស់ចិនឈ្មោះ Pilot Zone នៅ​ខេត្តកោះកុង។ (រូបថតដោយ C4ADS)

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិកបាន​សម្តែង​ការ​​​បារម្ភ​​​ចំពោះ​វត្តមាន​យោធា​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​និយាយ​ថា​ «វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់​ និង​កម្ពុជា»​។

អ្នកវិភាគ​ខ្លះ​មើល​ឃើញ​ថា​ គ្មាន​អំណាច​យោធា​អាមេរិក​ក្នុង​តំបន់​ទៀត​ទេ​ ទោះបី​ជា​ព័ត៌មាន​ស្តី​ពី​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា​ ដែល​អាមេរិក​សង្ស័យ​នោះ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ពិត​ក្តី។​ ក្រុម​អ្នកវិភាគ​ខ្លះ​ជឿ​ថា​ ឥទ្ធិពល​ចិន​កំពុង​ដើរ​តួនាទី​ជំនួស​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​ រួម​ទាំង​នៅ​កម្ពុជា​ផង​ដែរ។​

ទោះបី​ជា​លោក​ ម៉ៃ ភេនស៍ស៍ (Mike Pence)​ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​និង​មន្រ្តី​ការពារ​ជាតិ​ បាន​យក​ចិត្ត​ទុក​ដាក់​លើ​របាយការណ៍​ស្តី​ពី​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ក៏ដោយ​ ក៏​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​ ឥទ្ធិពល​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​រួម​ទាំង​កម្ពុជាត្រូវ​ជំនួស​ដោយ​ចិន។

លោក​បណ្ឌិត​ ម៉ាវិន អត​ (Marvin Ott) ​សាស្រ្តាចារ្យ​មហាវិទ្យាល័យ​ Johns Hopkins និង​ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​មជ្ឈមណ្ឌល​ Woodrow Wilson ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ថ្លែង​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​កាលពី​សប្តាហ៍​កន្លងទៅ​ថា៖

«ប្រទេស​កម្ពុជា​និង​ឡាវ​គឺ​ជា​ប្រទេស​ពីរ​ដែល​ងាយ​ទទួល​ឥទ្ធិពល​ពី​ចិន។​ នៅ​ក្នុង​វិធី​ជាច្រើន​ដែល​ពួកគេ​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ប្រទេស​រណប​ឬ ​ប្រទេស​សឹង​តែ​រណប​របស់​ប្រទេស​ចិន។​ ប្រសិន​បើ​ប្រទេស​ចិន​បង្កើត​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៅ​ក្នុង​ប្រទេស​កម្ពុជា ​វា​នឹង​កត់​សម្គាល់​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំងក្លា​នៃ​អំណាច​ក្នុង​តំបន់ ​ដោយ​ផ្តល់​ឱ្យ​កងទ័ព​ជើងទឹក​ចិន​នូវ​ការ​ចូល​ប្រើប្រាស់​ដែនទឹក​អាស៊ីអាគ្នេយ៍​ជា​អចិន្ត្រៃយ៍។​ ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​សហរដ្ឋ​អាមេរិក​ដើម្បី​ទប់ស្កាត់​ការ​គ្របដណ្តប់​របស់​ចិន​ក្នុង​តំបន់​កាន់​តែ​លំបាក‍»។

លោក​បាន​បន្ថែម​ថា៖

«សហរដ្ឋ​អាមេរិក​និង​ចិន​គឺ​ជា​គូប្រជែង​ដែល​មាន​ឥទ្ធិពល​នៅ​អាស៊ី​អាគ្នេយ៍។​ គោល​បំណង​របស់​ប្រទេស​ចិន​គឺ​ដើម្បី​បង្កើត​សណ្តាប់​ធ្នាប់​ថ្នាក់​តំបន់​ដែល​ដឹកនាំ​ដោយ​ចិន ​ដែល​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​(អាស៊ាន)​នឹង​ដាក់​ផល​ប្រយោជន៍​របស់​ខ្លួន​នៅ​ក្រោម ​ផល​ប្រយោជន៍​ប្រទេស​ចិន។ ​វា​នឹង​ក្លាយ​ជា​ជំនាន់​ថ្មី​នៃ​ប្រព័ន្ធ​រណប​ប្រទេស​ដែល​មាន​តាំង​ពី​ច្រើន​សតវត្ស​មុន។​ ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​នេះ ​អំណាច​យោធា​របស់​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​គេ​ដក​ចេញ​ពី​តំបន់​ហើយ​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​ក្លាយ​ជា​តំបន់​ផ្តាច់​មុខ​របស់​ចិន​ផ្នែក​សន្តិសុខ។​ ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ គឺ​ការ​ថែរក្សា​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ក្រុម​រដ្ឋ​ មាន​បូរណភាព​ ឯករាជ្យភាព​ដែល​មិន​មាន​ឋានៈ​ទាប​ជាង​ប្រទេស​ណាមួយ។​ ហើយ​តំបន់​ប្រភេទ​នេះ​នឹង​អនុញ្ញាត​ឱ្យ​អាមេរិក​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​យោធា​នៅ​ក្នុង​តំបន់​នេះ​បាន‍»។

ប្រទេស​ចិន​កាន់​កាប់​បំណុល​បរទេស​ជិត​ពាក់​កណ្តាល​នៃ​ទឹកប្រាក់​ជាង​៧​ពាន់​លាន​ដុល្លារ​របស់​កម្ពុជា ​ហើយ​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា។​ ការ​វិនិយោគ​របស់​ចិន​កំពុង​ផ្លាស់ប្តូរ​ទីផ្សារ​អចលនទ្រព្យ​និង​ឧស្សាហកម្ម​ល្បែង​ស៊ីសង​នៅ​កម្ពុជា​ ជាពិសេស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស។​ ភាគ​ ច្រើន​នៃ​បញ្ហា​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន ​(BRI) ​ដែល​នឹង​សាងសង់​ដោយ​ចំនួន​ទឹកប្រាក់​ចំនួន​១​លាន​លាន​ដុល្លារ​ លើ​ផ្លូវ​ថ្នល់​ ស្ពាន ​ផ្លូវ រថភ្លើង ​កំពង់ផែ​និង​រោងចក្រ​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ជាង ​៧០ ​ដើម្បី​ដឹកនាំ​ពាណិជ្ជកម្ម​ពិភពលោក​តាម​វិធី​របស់​ខ្លួន។​ ដោយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ដំណើរការ​ឈ្នះ​ឈ្នះ​របស់​ប្រទេស​ចិន​សម្រាប់​ការ​បង្កើត​ឱកាស​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​និង​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​កំពង់​ផែ​ទឹក​ជ្រៅ ​ត្រូវ​រង​នូវ​ការ​សង្ស័យ ​កាន់តែ​ច្រើន​ឡើង‍។

គម្រោង ​BRI ​ដែន​សមុទ្រ​របស់​ចិន​ដែល​គេ​ហៅ​ថា​ "ខ្សែគុជ" ​នៅ​តាម​រដ្ឋ​ដែល​មាន​ឆ្នេរ​នៅ​តំបន់​សមុទ្រ​នៃ​ឥណ្ឌូ -​ ប៉ាស៊ីហ្វិក​ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​ជាច្រើន​ចាត់​ទុក​ថា​ ជា​ការ​ផ្លាស់ប្តូរ​មួយ​ដើម្បី​បង្កើត​មូលដ្ឋាន​យោធា​បរទេស​នៅ​ខាងជើង​សម្រាប់​កង​កម្លាំង​យោធា​របស់​ប្រទេស​ចិន។​ នេះ​បើ​តាម​របាយការណ៍​ថ្មីៗ​ចេញ​ផ្សាយ​ដោយ​អង្គការ​ ស្រាវជ្រាវ​ស្តី​ពី​កងទ័ព​ហៅ​ថា ​C4ADS ​ដែល​មាន​មូលដ្ឋាន​នៅ​ស.រ.អា ។

ផែនទី​នេះ​បង្ហាញ​ពី​គម្រោង​នានា​ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន ​(BRI)។ (Reuters)

លោក​ Marvin Ott ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា៖

«រដ្ឋាភិបាល​លោក​ហ៊ុន សែន​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ជាង​អាមេរិក​ទៅ​ទៀត។​ វា​នៅ​តែ​ត្រូវ​បាន​គេ​សម្លឹង​មើលតើ​សហរដ្ឋ​អាមេរិក​មាន​ឥទ្ធិពល​ឬ​ឥទ្ធិពល​ពិត​ប្រាកដ​ណា​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​នេះ។ ​សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ការ​នាំចេញ​របស់​ប្រទេស​កម្ពុជា​ច្រើន​ជាង​ប្រទេស​ចិន​ដែល​អាច​រាប់​បញ្ចូល​នូវ​អ្វី​មួយ។​ ម្យ៉ាងទៀត​រដ្ឋាភិបាល​កម្ពុជា​ប្រហែល​ជា​មិន​ចង់​ក្លាយ​ជា​ប្រទេស​រណប​ចិន​ជា​អចិន្ត្រៃយ៍​ទេ។​ ប៉ុន្តែ​នៅ​ទី​បំផុត​ការ​សម្រេច​ចិត្ត​ទាំង​នេះ​នឹង​ត្រូវ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ‍»។

លោក​ Marvin Ott ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា៖

«ចំពោះ​សហរដ្ឋ​អាមេរិក​ការ​ពិចារណា​យុទ្ធសាស្រ្ត​ទាំង​នេះ​មាន​ភាព​ស្មុគស្មាញ​ដោយ​ការ​ផ្លាស់ប្តូរ​នយោបាយ​កម្ពុជា​ក្នុង​ការ​ដឹកនាំ​ឆ្ពោះ​ទៅ​កាន់​របប​ផ្តាច់ការ ​– រួម​ទាំង​ការ​ដាក់​ពន្ធនាគារ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ពី​បទ​សមគំនិត​ជាមួយ​អាមេរិក។​ កាល​ពី​មុន​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ក្នុង​ទម្រង់​ជា​ឧបករណ៍​និង​ការ​បណ្តុះបណ្តាល​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា។​ ប៉ុន្តែ​នៅ​ក្រោម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ វា​ស្ទើរ​តែ​មិន​អាច​ទៅ​រួច​ទេ​ដែល​មាន​ទំនាក់ទំនង​ល្អ​រវាង​យោធា​និង​យោធា​នៅ​ពេល​មេដឹកនាំ​នយោបាយ​កំពុង​ជាប់គុក ‍»។

សាស្ត្រាចារ្យ​ច្បាប់​អាមេរិក​ម្នាក់​គឺ​លោក​ ភីធឺ ម៉ាកខ្វៃអ័រ​ (Peter Maguire)​ ជា​អ្នក​និពន្ធ​សៀវភៅ​ «ប្រឈម​មុខ​នឹង​ការ​ស្លាប់​នៅ​កម្ពុជា‍»​ ឬ «Faicing Death in Cambodia‍»​ ដែល​ជា​អ្នក​តាម​ដាន​កិច្ចការ​អាស៊ី​អាគ្នេយ៍​និង​កម្ពុជា​ផង​បាន​ថ្លែង​ប្រាប់​ VOA ​កាល​ពី​សប្តាហ៍​មុន​ដែរ​ថា៖

«ខ្ញុំ​ជឿ​ជាក់​ថា ​ប្រទេស​ចិន​បាន​សម្រេច​គោលដៅ​របស់​ខ្លួន​រួច​ទៅ​ហើយ ​ដើម្បី​ក្លាយ​ជា​មហា​អំណាច​នៅ​អាស៊ី​អាគ្នេយ៍។ ​ចិន​នឹង​ទទួល​បាន​អ្វី​ដែល​ចិន​ចង់​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​អនុប្រធានាធិបតី​អាមេរិក​លោក​ ម៉ៃ ភេនស៍ ​(Mike Pence) ​មិន​អាចប្រជែង​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​បាន​នោះ​ទេ។​ លោក​ហ៊ុន សែន បាន​រុញច្រាន​និង​បើកផ្លូវ​របស់​កម្ពុជា​នៅ​ជុំវិញ​រដ្ឋបុរស​អាមេរិក​មួយ​ចំនួន ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ ហើយ​បាន​ភ្លេច​រឿង​នយោបាយ​អន្តរជាតិ​ច្រើន​ជាង​លោក ​ភេនស៍ បាន​ចាំ​ទៅ​ទៀត‍»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖

«ទោះបី​ជា​ជំនួយ​ហិរញ្ញវត្ថុ​ចិន​ដ៏​ច្រើន​ផ្តល់​ឲ្យ​កម្ពុជា​ដោយ​គ្មាន​ភ្ជាប់​លក្ខខណ្ឌ​ផ្នែក​សិទ្ធិ​មនុស្ស​ក៏ដោយ​ ក៏​មាន​លក្ខខណ្ឌ​ផ្សេងទៀត​ដែល​នឹង​បង្ហាញ​ចេញ​នៅ​ពេល​ដែល​វិក្កយបត្រ​ទាំងអស់​នេះ​ដល់​ពេល​ត្រូវ​ចំណាយ​មក​ដល់។​ ខ្ញុំ​គិត​ថា​ មេដឹកនាំ​កម្ពុជា​បាន​ដឹង​ថា ​វា​មាន​តម្លៃ​ស្មើ​នឹង​អ្វីៗ​គ្រប់​យ៉ាង។​ នៅ​ពេល​ចុងក្រោយ​កម្ពុជា​បាន​ទទួល​ជំនួយ យ៉ាង​ច្រើន​ពី​ប្រទេស​ចិន​នៅ​ចន្លោះ​ឆ្នាំ​១៩៧០​ ដល់​ឆ្នាំ​១៩៧៥​ វា​បាន​បញ្ចប់​យ៉ាង អាក្រក់​ខ្លាំង​ណាស់។​ កម្ពុជា​(ពេលនោះ)​បាន​បង្កើត​កិច្ច​ព្រមព្រៀង​មួយ​ដែល​គិតតែ​ពី​បច្ចុប្បន្ន ​មិន​គិត​ពី​អនាគត​ ដោយ​នៅ​ទី​បំផុត​ខ្មែរក្រហម​បាន​ប្រសូត្រ​ជា​ទារក​របស់​ប្រទេស​ចិន ​ហើយ​ចិន​នៅ​តែ​បដិសេធ​មិន​ទទួល​ស្គាល់​ដដែល‍»។

លោក​ក៏​យល់​ស្រប​ថា ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​សូម្បី​តែ​វៀតណាម​កំពុង​បន្ទន់​ជំហរ​ឆ្ពោះ​ទៅ​រក​ប្រទេស​ចិន​មួយ​ផ្នែក​ដែរ ​ហើយ​លោក​បាន​បន្ទោស​រដ្ឋាភិបាល​អាមេរិក ក្រោម​រដ្ឋបាល​របស់​លោក​ត្រាំ ​(Trump )​មិន​សូវ​អើពើ​នឹង​តំបន់​អាស៊ី​អាគ្នេយ៍។

«វា​ងាយ​ស្រួល​ពេក​ ហើយ​ងាយ​ស្រួល​ខាង​នយោបាយ​ក្នុង​ការ​ស្តី​បន្ទោស​ពី​ការ​គ្មាន​អំណាច​បច្ចុប្បន្ន​របស់​វត្តមាន​អាមេរិក​នៅ​អាស៊ី​អាគ្នេយ៍​ទៅ​លើ​លោក​ Trump ។ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ៩ ​ខែ​វិច្ឆិកា​ មេដឹកនាំ​អាមេរិក​បាន​លេង​ល្បែង​ Checkers ​ខណៈ​ដែល​ចិន​លេង​អុក​ផ្សេង‍»។

លោក​បាន​បញ្ជាក់​ថា ​កម្ពុជា​បាន​រៀន​សូត្រ​ពី​បទពិសោធន៍​គោល​នយោបាយ​អាមេរិក​ជា​ច្រើន​ជំនាន់​ប្រធានាធិបតី ​តាំង​ពី​លោក ​ចច ដាប់ប៊ែលយូ ប៊ូស​ (George W. Bush) លោក​បារ៉ាក់ អូបាម៉ា​ (Barack Obama) ហើយ​ឥឡូវ​នេះ​លោក ​ដូណាល់ ត្រាំ (Donald Trump) ​ដែល​បាន​បង្ហាញ​ថា ​អាមេរិក​ជា​សម្ព័ន្ធមិត្ត​គ្មាន​សមត្ថភាព​និង​មិន​គួរ​ឱ្យ​ជឿ ​ដែល​គេ​អាច​សួរ​ជនជាតិ​ឃឺដ ​អ៊ីរ៉ាក់ ​និង​ជនជាតិ​អាហ្វហ្គានីស្ថាន។​ លោក​ក៏​បាន​បន្ថែម​ថា​ ប្រជាជន​កម្ពុជា​បាន​រៀនសូត្រ​ហើយ។ ​ប៉ុន្តែ​នៅ​ទីបំផុត​ពួកគេ​នឹង​ត្រូវ​បាន​រំឭក​ថា​ អ្វីៗ​គ្រប់យ៉ាង ​ត្រូវ​មាន​តម្លៃ។

លោក​ ភីធឺ ម៉ាកខ្វៃអ័រ​ (Peter Maguire) បញ្ជាក់​បន្ថែម​ប្រាប់ VOA ថា៖

‍«សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយបារម្ភ​ជា​ច្រើន​អំពី​ពេល​នេះ។ ​អាហ្វហ្គានីស្ថាន​និង​មជ្ឈិមបូព៌ា​ គឺ​ជា​បញ្ហា​លក់ដុំ។​ ប្រទេស​កម្ពុជា​គឺជា​បញ្ហា​លក់​រាយ។​ រដ្ឋបាល​ថ្នាក់​ក្រោម​ដែល​មាន​ចំណេះដឹង​ខ្ពស់​របស់​លោក​ត្រាំ ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ប្រឈមមុខ​នឹង​ភាព​ស្មុគស្មាញ ​ដោយសារ​តែ​ពួក​គេ​មិន​មាន​ការ​ចងចាំ​ពី​ប្រវត្តិសាស្រ្ត​ច្រើន​ ហើយ​មិន​ធ្វើឲ្យ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​នឹង​យុទ្ធសាស្រ្ត​យូរអង្វែង។​ យុទ្ធសាស្ត្រ​ងាក​បែរ​ទៅ​កាន់​អាស៊ី ​"Pivot to Asia" ​របស់​លោក​អូបាម៉ា ​បាន​ក្លាយ​ជា​យុទ្ធសាស្រ្ត "ឥណ្ឌូ-ប៉ាស៊ីហ្វិក" ​របស់​ Trump ​ហេតុអ្វី​បានជា​យើង​មិន​ហៅ​វា​ថា​ជា​ការ​ដក​ថយ​របស់​អាមេរិក​ពី​អាស៊ី​អាគ្នេយ៍‍​ទៅ»។

លោក​បាន​បន្ត​ទៀត​ថា ​សហរដ្ឋ​អាមេរិក​បាន​ចាញ់​ដៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ជាក់ស្តែង​នៅ​ពេល​ជំនួយការ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក ​Joseph Felter ​ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ធ្វើ​ទស្សនកិច្ច​កាល​ពី​ខែ​មករា​ក៏​ត្រូវ​រង​ភាព​អាម៉ាស់​នៅ​ពេល​លោក​ Felter ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក ​កឹម សុខា ​មេដឹកនាំ​គណបក្ស​ជំទាស់​និង​ការ​ស្ដារ​ឡើងវិញ​នូវ ​"សង្គម​ស៊ីវិល" ​ហើយ​ត្រូវ​បាន​មន្ត្រី​ការពារ​ជាតិ​កម្ពុជា​ រួម​ទាំង​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​បាន​បញ្ជាក់​តប​យ៉ាង​ច្បាស់លាស់​មិន​ឱ្យ​លោក​ជ្រៀតជ្រែក​នៅ​ក្នុង​នយោបាយ​កម្ពុជា។

ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ​ ប្រទេស​កម្ពុជា​ឥឡូវនេះ​បាន​ក្លាយ​ទៅ​ជា​ការ​គ្រប់គ្រង​បក្ស​តែមួយ​ដូច​ជា​ប្រទេស​ចិន​បន្ទាប់​ពី​ការ​បោះឆ្នោត​ដែល​គណបក្ស​កាន់​អំណាច​បាន​ឈ្នះ​អាសនៈ​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​ប្រទេស​លោក​ខាង​លិច​ដូច​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​រង​ការ​ចោទ​ប្រកាន់​ថា គ្មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ត្រឹមត្រូវ ​ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស្ដារ​ឡើងវិញ​នូវ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ពេល​ប្រទេស​ចិន​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត។

លោក ​Joseph H. Felter ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍​និង​អាស៊ី​អាគ្នេយ៍​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​ខែ​មុន​ដោយ​បាន​ព្រមាន​ពី​វត្តមាន​យោធា​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​អំពាវនាវ​ឱ្យ​មាន​កំណែ​ទម្រង់​ប្រជាធិបតេយ្យ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA ​ខ្មែរ​កាល​ពី​ខែ​មុន​លោក ​Felter ​បាន​និយាយ​ថា ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ​នឹង​មិន​មាន​ភាព​ប្រសើរ​ឡើង​ទេ​លុះ​ត្រា​តែ​កម្ពុជា​មាន ​«ការ​បង្រួប​បង្រួម​ជាតិ» រួម​ទាំង​ការ​ដោះលែង​លោក​កឹម សុខា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ជាប់គុក​ពី​បទ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ។ ​ក្រោយ​ពី​គណបក្ស​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​នៅ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ ​២០១៧។​ លោក​កឹម សុខា​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ហើយ​ត្រូវ​រង់ចាំ​ការ​ជំនុំជម្រះ ​ដែល​ពេល​នេះ ​មន្ត្រី​យុត្តិធម៌​អះអាង​ថា ​លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​រួច​ទៅ​ហើយ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ទៅ​ដោយ​ប្រតិកម្ម​តប​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក រឿង​ឃុំខ្លួន​លោក​កឹម សុខា​ខុសច្បាប់ ​ហើយ​មិន​កាត់​ទោស ​ជាមួយ​នឹង​ការ​បញ្ជាក់​ថា​ លោក​កឹម សុខា​ជា ​មនុស្ស​ស្អាតស្អំ​ផង​នោះ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​អះអាង​ថា​ លោក​កឹម សុខា​បាន​រួម​គំនិត​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​លោក​ហ៊ុន សែន។​ គណបក្ស​សង្គ្រោះជាតិ​គឺ​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​របស់​ប្រទេស​និង​ជា​គណបក្ស​តែមួយ​គត់​ដែល​ទទួល​បាន​អាសនៈ​នៅ​ក្នុង​សភា​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ​២០១៣ ។

លោក ​Joseph H. Felter ​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បន្ថែម​ថា៖

«បាទ ​យើង​មាន​ការ​ព្រួយបារម្ភ។​ ការ​ចោទ​ប្រកាន់​ប្រឆាំង​លោក​កឹម សុខា​គឺ​ទាក់ទង ដោយ​ផ្ទាល់​ជាមួយ​ការ​រួម​គំនិត​ជាមួយ​សហរដ្ឋ​អាមេរិក។​ ហើយ​បទ​ចោទ​ទាំង​នោះ គ្រាន់តែ​ជា​បទ​ចោទ​មិន​ពិត​តែ​ប៉ុណ្ណោះ»។

លោក ​Joseph H. Felter បាន​អះអាង​ដែរ​ថា៖

«ហើយ​ខ្ញុំ​គិត​ថា ​វា​ជា​កាយវិការ​ដ៏​ល្អ​មួយ​ចំពោះ​ភាគី​ប្រទេស​កម្ពុជា​ដើម្បី​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំងនោះ​ហើយ​ខ្ញុំ​គិត​ថា ​នេះ​ជា​ឧទាហរណ៍​មួយ​នៃ​បញ្ហា​ដែល​អាច​ជួយ​យើង​ផ្លាស់ប្តូរ​ផ្លូវ​ដែល​ខ្ញុំ​ទើបតែ​បាន​ពណ៌នា​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​យោធា​របស់​យើង​និង​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​យោធា‍»។

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ លោក ​Felter​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​របស់​លោក​ចំពោះ​វត្តមាន​យោធា​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​និយាយ​ថា​ «វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់​ និង​កម្ពុជា ​ហើយ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ទៀត‍»​ ហើយ​លោក​បាន​ព្រមាន​ថា កម្ពុជា​អាច​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​ចិន។

«យើង​មានការ​ព្រួយ​បារម្ភ​ដោយ​ផ្អែក​លើ​គំរូ​នៅ​ទូទាំង​តំបន់​ដែល​ប្រទេស​កម្ពុជា​អាច​ធ្លាក់​ចូល​អន្ទាក់​ដូចគ្នា​ដែល​ប្រទេស​ដទៃ​ទៀត​បាន​រក​ឃើញ​និង​មាន​វត្តមាន​យោធា​ចិន ឬ​មាន​ច្រក​និង​ព្រលាន​យន្តហោះ​ដែល​ចិន​អាច​ប្រើ​ដើម្បី​ពង្រីក​អំណាច​យោធា។​ យើង​រក​ឃើញ​ថា ជា​ការ​បារម្ភ​ខ្លាំង​ណាស់»។

លោក ​Felter​ បាន​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គិត​គូរ​ឡើងវិញ៖

«ដូច្នេះ​យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ ដោយសារ​ថា ​លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​រឹងមាំ​ថា​ ដោយ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​យោធា​បរទេស​ឬ​មូលដ្ឋាន​យោធា​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។​ ប៉ុន្តែ​ប្រសិន​បើ​ប្រទេស​ចិន​អាច​បង្កើត​មូលដ្ឋាន​មួយ​ យើង​មាន​ការ​ព្រួយបារម្ភ​អំពី​របៀប​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់​និង​សន្តិសុខ​របស់​ប្រទេស​កម្ពុជា‍»។

នៅ​ក្នុង​ខែ​វិច្ឆិកា ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ដែល​បាន​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុង​ប៉េកាំង​បាន​បដិសេធ​សេចក្តី​រាយការណ៍​ថា ​កំពង់ផែ​ដែល​សាងសង់​ដោយ​ចិន​នៅ​ក្នុង​ខេត្ត​កោះកុង​ អាច​ត្រូវ​ប្រើ​ដើម្បី​មូលដ្ឋាន​សំចត​នាវា​ចិន។ ​ព័ត៌មាន​នេះ​បាន​ផ្សព្វផ្សាយ​ឡើង​បន្ទាប់ពី​មាន​របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន ​Asia Times​ ដែល​បាន​ដក​ស្រង់​សម្តី​ក្រុម​អ្នកវិភាគ​ដែល​និយាយ​ថា​កំពង់​ផែ​ទឹកជ្រៅ​ដែល​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​ Union ​Development​ Group​ (UDG) ​មាន​ទំហំ​ធំ​ល្មម​ ដើម្បី​ចត​នាវា​ចម្បាំង​និង​នាវា​ពិឃាត។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​បាន​បញ្ជាក់​ថា ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​ មិន​ថា​ឡើយ​កងកម្លាំង​ជើងទឹក​ កងកម្លាំង​ថ្មើរ​ជើង​ឬ​កង​កម្លាំង​អាកាស​នោះ​ទេ។

ថ្លែង​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​ពី​រាជធានី​ភ្នំពេញ​នៅ​សប្តាហ៍​ថ្មី​ដោយ​បន្ទរ​តាម​លោក​នាយករដ្ឋមន្ត្រី ​លោក​ ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​អះអាង​ថា​ បទពិសោធន៍​ពី​អតីតកាល​នៃ​ភាព​លម្អៀង​បាន​ធ្វើ​ឲ្យ​កម្ពុជា​យល់ដឹង​ផល​ប៉ះពាល់​ហើយ​ព័ត៌មាន​ពី​រឿង​ដាក់​កងទ័ព​ចិន​នោះ ​មិន​អាច​ទៅ​រួច​ទេ​ ដោយ​សារ​តែ​កម្ពុជា​មាន​ច្បាប់​រដ្ឋធម្មនុញ្ញ ​ហើយ​ប្រមុខ​ដឹកនាំ​អាស៊ាន​ទាំង​១០​រួម​ទាំង​កម្ពុជា ​មិន​អាច​អនុញ្ញាត​ឲ្យ​កើត​មាន​មូលដ្ឋាន​យោធា​ ឬ​ បណ្តោយ​ឲ្យ​អាស៊ាន​ស្ថិត​ក្រោម​ឥទ្ធិពល​បរទេស​ណាមួយ​ដែរ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា៖

«ខ្ញុំ​ថា​វា​ដូច​ជា​ការ​ព្រួយ​បារម្ភ​ហួស​ហេតុ​ពេក​របស់​ស.រ.អា​ ពីព្រោះ​ការ​ធ្វើ​ឲ្យ​មានមន្ទិល​សង្ស័យ​មាន​ពីរ​ចំណុច។​ ចំណុច​ទី១​ គឺ​អ្នក​នយោបាយ​ស.រ.អា​ ដែល​យក​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ​ដើម្បី​មក​ដាក់​ឥទ្ធិពល​លើ​កម្ពុជា​ក្នុង​ការ​លូកដៃ​ចូល​ជ្រៀត​ជ្រែក ក្នុង​កិច្ចការ​កម្ពុជា​ដែល​ជា​សិទ្ធិ​របស់​កម្ពុជា​ក្នុង​ការ​សម្រេច​របស់​ផង​ខ្លួន។ នេះ​ជា​ចំណុច​ទី១។ ​ហើយ​ចំណុច​ទី២​ អ្នក​ជំនាញ​ខាង​យោធា ​ដែលគេ​មាន​មន្ទិល​សង្ស័យ​ អាហ្នឹង​ជា​រឿង​ដទៃ​ទៀត ​ហើយ​ការ​លើក​ឡើង​ហ្នឹង​ក៏​វា​មិន​មាន​អ្វី​ជា​ការ​ពិត​ ដែល​កើត​ឡើង​នៅ​ក្នុង​កម្ពុជា​នោះ​ទេ។ ​យើង​មិន​រៀបចំ​ឲ្យ​មាន​ចំណុច​ខ្សោយ‍​ឡើយ»។

លោក​ថា ​កម្ពុជា​ចង់​បាន​សន្តិភាព ​ស្ថិរភាព​ ភាព​ស្មើគ្នា​រវាង​កម្ពុជា​និង​ប្រទេស​ដទៃ ​និង​ប្រទេស​ជិតខាង​ ហើយ​ក៏​មិន​ធ្លាប់​និយាយ​អំពី​មូលដ្ឋាន​សឹក​របស់​អាមេរិក​នៅ​ជប៉ុន នៅ​កោះ​ Guam ដែរ។​ តែ​កម្ពុជា​យក​បរទេស​ទាំងឡាយ​ជា​ដៃគូ​សន្ទនា​ ដៃគូ​អភិវឌ្ឍន៍ ​និង​តុល្យភាព​ ហើយ​រក​មធ្យោបាយ​កុំ​ឲ្យ​តំបន់​អាស៊ាន​ធ្លាក់​ទៅ​ក្នុង​ភូមិសាស្ត្រ​នយោបាយ នេះ​គឺ​ជា​ការ​ព្រួយបារម្ភ​របស់​អ្នក​សិក្សា​ស្រាវជ្រាវ ​និង ​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ពិភពលោក​នៅ​ពេល​ដែល​ឥទ្ធិពល​ចិន​កើន​ឡើង​ក្នុង​តំបន់។

លោក​បណ្ឌិត ​ឈាង វណ្ណារិទ្ធិ ​អ្នកវិភាគ​កិច្ចការ​តំបន់​បាន​ដាក់​ចម្ងល់​ដែរ​ពី​ការ​ប្រកាស​របស់​ស.រ.អា​ ព្រោះ​កម្ពុជា​គ្មាន​ហេតុផល​សន្តិសុខ​ នយោបាយ ​សេដ្ឋកិច្ច​ ដែល​តម្រូវ​ឲ្យ​កម្ពុជា​ដាក់​កងទ័ព​បរទេស។ លោក​សួរ​ថា៖

«វា​អត់​មាន​ការ​ចាំបាច់​ ឥឡូវ​យើង​ដាក់​កងទ័ព​ហ្នឹង​ដើម្បី​អី្វ? ​ដើម្បី​ទៅ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ថៃ? ឬ​ក៏​ជាមួយ​វៀតណាម? ឬក៏​ជាមួយ​ប្រទេស​ណា? ​ពីព្រោះ​ថា បើ​យើង​ដាក់​កងទ័ព​ហ្នឹង​ វា​ត្រូវតែ​មាន​គោលដៅ​របស់​យើង​ហើយ ​អ្នកណា​ជា​ការ​គំរាម​កំហែង​ដល់​កម្ពុជា។​ អី​ចឹង​ទេ​ វា​អត់​មាន​ហេតុផល​យោធា​ សន្តិសុខ​ឬ​ក៏​សេដ្ឋកិច្ច​ណា​មួយ​ដើម្បី​ឲ្យ​កម្ពុជា​មាន​កងទ័ព​បរទេស​ហ្នឹង​ទេ‍»។

លោក​បន្ថែម​ថា​ បើ​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​កងទ័ព​បរទេស​ដាក់​មូលដ្ឋាន​លើ​ទឹកដី​របស់​ខ្លួន​ មួយ​ផ្នែក​នឹង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ប្រទេស​នានា​ក្នុង​តំបន់​ដែរ។

«ពីព្រោះ​បញ្ហា​ហ្នឹង​មិនមែន​តូច​ទេ។ ​យើង​វាយ​តម្លៃ​ យើង​ចោទ​ថា ​ប្រទេស​មួយ​ឲ្យ​តំបន់​មួយ​ទៅ​ប្រទេស​ផ្សេង​ធ្វើ​ជា​មូលដ្ឋាន​យោធា​ (Military base)​ ហ្នឹង​មិនមែន​ជា​ការ​ចោទ​ប្រកាន់​ធម្មតា​ទេ​រឿង​ហ្នឹង​ធ្ងន់​ណាស់។​ វា​ប៉ះពាល់​ទៅ​ដល់​មុខមាត់​របស់​កម្ពុជា​នៅ​ក្នុង​អាស៊ាន​ វា​ប៉ះពាល់​ទៅ​ដល់​ភាព​ជឿ​ទុកចិត្ត​គ្នា​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ជិត​ខាង​ជាពិសេស​ប្រទេស​ថៃ​និង​វៀតណាម។​ និយាយ​ឲ្យ​ចំ​ទៅ​វា​នៅ​ជិត​ថៃ​ជាង​វៀតណាម​ទៀត ​កោះកុង​ហ្នឹង។​ អីចឹង​ពេល​ដែល​យើង​មាន​កងទ័ព​បរទេស​នៅ​ជិត​ខ្លួន​អីចឹង​ គ្មាន​ពីណា​គេ​សប្បាយ​ចិត្ត​ទេ‍»។

លោក​ វណ្ណារិទ្ធ ​បាន​អះអាង​បន្ត​ថា ​កន្លង​មក​ប្រទេស​ដែល​មាន​សម្ព័ន្ធមិត្ត​ជាមួយ​អាមេរិក​ក្នុង​តំបន់​អាស៊ាន​អាច​ឲ្យ​អាមេរិក​ដាក់​មូលដ្ឋាន​កងទ័ព​នៅ​ប្រទេស​ខ្លួន​បាន គឺ​វា​ជា​សិទ្ធិ​របស់​ប្រទេស​នោះ​ ដូច​ជា​ប្រទេស​ហ្វីលីពីន ​តែ​ក្រោយ​មក​ដោយ​សារ​នយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន​ ហ្វីលីពីន​ក៏​លែង​ឲ្យ​មាន​វត្តមាន​កងទ័ព​អាមេរិក​ទៅវិញ។ នៅ​ពេលនេះ​លោក​ថា ​តំបន់​អាស៊ាន​ដែល​មាន​ប្រទេស​១០​រួម​ទាំង​កម្ពុជា​ផង​នោះ​គ្មាន​កងទ័ព​បរទេស​ណា​មាន​មូលដ្ឋាន​ទ័ព​នោះ​ទេ។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​ ក្រុម​មន្ត្រី​ក៏​ដាក់​ចម្ងល់​អំពី​រឿង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ដែរ ​ដែល​ក្រុម​អ្នកវិភាគ​និង​មន្ត្រី​នានា ​បាន​និយាយ​ថា​ វិបត្តិ​ពន្ធ​លើ​ទំនិញ​ចិន​និង​អាមេរិក​ទំនង​ជា​រឿង​ដែល​មិន​អាច​បញ្ចៀស​អ្វី​ដែល​គេ​ហៅ​ថា​«សង្គ្រាម​ត្រជាក់»​រវាង​ចិន​និង​អាមេរិក​បាន​ទេ។

លោក​ Stapleton Roy ​អតីត​ឯកអគ្គរដ្ឋទូត​ស.រ.អា​ប្រចាំ​ប្រទេស​ចិន​ជំនាន់​លោក​ប្រធានាធិបតី​ George H.W. Bush ​និង​លោក​ប្រធានាធិបតី ​Bill Clinton ​បាន​ថ្លែង​ថា មូលដ្ឋាន​គ្រឹះ​នៃ​ការ​ស្ថាបនា​ទំនាក់ទំនង​អាមេរិក ​ចិន​នោះ ​មាន​លក្ខណៈ​ផុយ​ស្រួយ​ជាង​ពេល​ណាៗ​ទាំងអស់​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។

ដោយ​ឡែក​លោក Daniel Russel ​អតីត​អនុរដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងកើត​និង​តំបន់​ប៉ាស៊ីហ្វិក​ក្នុង​រដ្ឋបាល​លោក​អតីត​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​កត់​សម្គាល់​ពី​ទំនាក់ទំនង​ល្អក់​កករ ​រាប់​ទាំង​បញ្ហា​កូរ៉េ​ខាងជើង​ផង​ដែរ ហើយ​ថា ​ប្រទេស​នានា​ទំនង​ជា​ជ្រើស​រើស​យក​ភាគី​ណាមួយ​ក្នុង​សង្គ្រាម​ត្រជាក់ ថ្មី​មួយ។ ​លោក​ថា​ របួស​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ី​ទាំងឡាយ ​បាន​យល់​ដឹង​អំពី​ការ​ផ្លាស់ប្តូរ​គោល​នយោបាយ​ចាប់ពី​រដ្ឋបាល​ប្រធានាធិបតី ​អូបាម៉ា​ ទៅ​រដ្ឋបាល​លោក​ប្រធានាធិបតី ​ត្រាំ ​ហើយ​នឹង​ឆ្លង​ទៅ​ប្រធានាធិបតី​ខាង​មុខ​ទៀត​ គឺ​ធ្វើ​ឲ្យ​ខូចខាត​ជំនឿ​ទុកចិត្ត​នៃ​ជំហរ​ស្ថិតស្ថេរ ​និង​ការ​ពឹង​ផ្នែក​លើ​គោល​នយោបាយ​អាមេរិក ​ដែល ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ពហុ​ទំនាក់ទំនង​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្នែក​លើ​ស.រ.អា៕