លោក Derek Chauvin ប្រើ​វិសោធនកម្ម​ទី៥​នៃ​រដ្ឋធម្មនុញ្ញ​នៅឯ​​សវនាការ​កាត់ក្ដី​​លោក

នៅ​ក្នុង​រូប​ពី​វីដេអូ​នេះ​ អតីត​មន្ត្រី​ប៉ូលិស​ក្រុង Minneapolis លោក Derek Chauvin (ស្តាំ) ថ្លែង​​ទៅ​កាន់​ចៅក្រម កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មេសា ឆ្នាំ ២០២១ និង​មេធាវី​របស់​លោក គឺ​លោក Eric Nelson (ឆ្វេង)។

មេធាវី​ការពារក្តីរបស់​លោក Derek Chauvin អតីត​មន្រ្តី​ប៉ូលិស​ក្រុង Minneapolis បាន​បញ្ចប់សក្ខីកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់ពី​ការស្តាប់​សាក្សី​មកពី​ភាគី​ទាំង​សងខាង អស់​ពេល​៣សប្តាហ៍​មក។ គណៈវិនិច្ឆ័យបាន​ស្តាប់​ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​និង​មន្ត្រី​ប៉ូលិស​ផ្សេង​ទៀតនៅពេល​ដែល​លោក Chauvin ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​ដោយ​ចេតនា​ និង​មនុស្ស​ឃាត​ដោយ​អចេតនា​ ចំពោះ​ការប្រើ​ជង្គង់​សង្កត់​ក​លោក George Floyed អស់​រយៈពេល​ជាង​៩នាទី។

លោក Derek Chauvin អតីត​មន្ត្រី​ប៉ូលិសក្រុង Minneapolis បាន​ប្រើ​សិទ្ធិ​របស់​លោក​ក្នុងការ​អនុវត្ត​វិសោធកម្ម​ទី៥ នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ដោយ​មិន​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​ពេល​សវនាការ​កាត់ក្ដី​លោក​ពី​បទ​ឃាតកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក​ចៅក្រម Peter Cahill បាន​សួរ​ថា៖ «នេះ​ ជា​ការសម្រេច​របស់​លោក​មិន​ផ្តល់​សក្ខីកម្ម​នោះ​ឬ?»

លោក Derek Chauvin បាន​ឆ្លើយ​ថា៖ «បាទ! ត្រូវ​ហើយ។ លោក​ចៅក្រម»។

លោក​ចៅក្រម Peter Cahill សួរ​ថា៖ «តើ​លោក​មាន​សំណួរអ្វី​អំពី​សិទ្ធិ​របស់​លោក​នៅ​រក្សា​ការស្ងៀមស្ងាត់ ឬ​ផ្តល់​សក្ខីកម្ម​ដោយ​ខ្លួន​ឯង​ទេ?»។

លោក Derek Chauvin ឆ្លើយ​ថា៖ «អត់​មាន​ទេ​ នៅពេល​នេះ។ ខ្ញុំ​អត់​មាន​ទេ»។

លោក​ចៅក្រម Peter Cahill សួរ​ថា៖ «តើ​មាន​នរណា​ម្នាក់​បាន​សន្យា​អ្វី ឬ​គំរាម​កំហែង​លោក​នៅ​ក្នុង​របៀប​ណាមួយ ដើម្បី​កុំ​ឲ្យ​លោក​ផ្តល់​សក្ខីកម្ម​ឬ​ទេ?»។

លោក Derek Chauvin ឆ្លើយ​ថា៖ «លោក​ចៅក្រម​ជា​ទីគោរព! មិន​មាន​ការគំរាម​កំហែង ឬ​ការសន្យា​អ្វី​ទេ»។

លោក​ចៅក្រម Peter Cahill សួរ​ទៀត​ថា៖ «លោក​គិត​ថា ការសម្រេច​របស់​លោក​មិន​ផ្តល់​សក្ខីកម្ម ជា​ការស្ម័គ្រ​ចិត្ត​ដោយ​ខ្លួន​ឯង​ឬ?»

លោក Derek Chauvin ឆ្លើយ​ថា៖ «បាទ! វា ជា​ការស្ម័គ្រចិត្ត»។

មេធាវី​ការពារ​ក្តី​បាន​បញ្ឈប់​ការផ្តល់​សក្ខីកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក Eric Nelson មេធាវី​ការពារ​ក្តី​បាន​និយាយ​ថា៖ «លោក​ចៅក្រម​ជាទី​គោរព! នៅពេល​នេះ មេធាវី​ការពារ​ក្តី​ឈប់​ផ្តល់​សក្ខីកម្ម»។

ជាង​មួយ​សប្តាហ៍​កន្លង​មក​នេះ មេធាវី​ការពារ​ក្តី បាន​ជជែក​ឲ្យ​ហេតុផល​ថា ​សកម្មភាព​របស់​លោក Chauvin ចំពោះលោក George Floyd ជា​ការត្រឹម​ត្រូវ ដោយ​មាន​អតីត​មន្ត្រី​ប៉ូលិស​ម្នាក់​ បាន​តបត​នឹងអ្វីដែល​ពួក​សាក្សី​បាន​និយាយកាលពី​សប្តាហ៍​មុន។

លោក Barry Brood សាក្សី​របស់​ចុងចោទ​ថា៖ «ខ្ញុំ​គិត​ថា សកម្មភាព​របស់​លោក​មន្ត្រី​ប៉ូលិស​ Chauvin ចំពោះ​លោក Floyd បាន​ធ្វើ​ទៅតាម​ការហ្វឹកហាត់​របស់​លោក ធ្វើ​ទៅតាម​ការអនុវត្ត​នៅពេល​បច្ចុប្បន្ន​របស់​ប៉ូលិស​ ហើយ​ជា​ការសម​ហេតុ​សមផល​មួយ»។

មេធាវី​ចុងចោទ​ ក៏​បាន​ជជែក​ឲ្យ​ហេតុផល​ដែរ​ថា មូលហេតុ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​លោក Floyd ស្លាប់ រួម​ទាំង​សុខភាព​កាលពី​ពេល​មុន​របស់​លោក ការប្រើ​ថ្នាំ​ញៀន ​និង​អាច​មកពី​សារធាតុ​ពុល​កាបោន​ម៉ូណូ​អុកស៊ីដ​ចេញពី​ផ្សែង​រថយន្ត​ផងដែរ។

លោក David Fowler ជា​វេជ្ជបណ្ឌិត​ខាង​រោគសាស្ត្រ​ចូល​និវត្តន៍​និយាយ​ថា៖ «លោក​អ្នកដាក់​បញ្ហា​ទាំងអស់​នេះ​បញ្ចូល​គ្នា វា​ជា​ការលំបាក​បំផុត​ដើម្បី​និយាយ​ថា បញ្ហា​មួយ​ណា​មាន​សុក្រិត្យភាព​បំផុត​នោះ។ ដូច្នេះ ខ្ញុំ​មិន​អាច​ធ្វើការសម្រេច​បាន​ទេ»។

ក៏ប៉ុន្តែ ក្រុម​រដ្ឋអាជ្ញា បាន​បដិសេធ​ការជជែក​ឲ្យ​ហេតុផល​អំពី​កាបោន​ម៉ូណូ​អុកស៊ីដ ដោយ​បាន​ហៅ​ថា​ ជា​សាក្សី​ដោះសារ។

លោក Jerry Blackwell ជា​រដ្ឋអាជ្ញា​បាន​និយាយ​ថា៖ «សេចក្តី​ថ្លែងការណ៍ដែល​ថា សារធាតុ Carboxyhemoglobin របស់​លោក អាច​កើន​ឡើង​ពី​១០​ ទៅ១៨​ភាគរយ ការណ៍​នេះ មិន​អាចកើត​ឡើង​បាន​ទេ»។

វេជ្ជបណ្ឌិតលោក​ Martin Tobin ​អ្នក​ឯកទេស​ខាង​សួត ថ្លែងថា៖ «វា​មិនត្រឹមត្រូវ​នោះ​ទេ»។

រដ្ឋអាជ្ញា​និង​មេធាវី​ការពារ​ក្តី​នៅ​ក្នុង​សំណុំ​រឿងក្តី​របស់​លោក Chauvin ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​បិទ​បញ្ចប់​នៅ​ថ្ងៃ​ចន្ទ មុន​ពេល​សមាជិក​របស់​គណៈវិនិច្ឆ័យ​ចាប់ផ្តើម​ពិភាក្សា៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន