ជំងឺគ្រុនឈាមកើនឡើងនៅលើពិភពលោក ខណៈបម្រែបម្រួលអាកាសធាតុចាប់ផ្ដើមមានឥទ្ធិពល

  • Lisa Schlein

រូបឯកសារ៖ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ​ពិនិត្យមើល​សត្វមូស នៅមន្ទីរពិសោធន៍មួយ​ក្នុង​ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុនឈាម​កំពុង​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក ដោយសារ​តែ​បម្រែ​បម្រួល​អាកាសធាតុ​ រួម​ផ្សំ​ជាមួយ​នឹង​កត្តា​សង្គម​ បរិស្ថាន​ និង​កត្តា​ផ្សេង​ៗទៀត ដូចជា​ កំណើន​ប្រជាជន​ និង​សាកល​ភាវូបនីយកម្ម​នៃការ​ធ្វើ​ដំណើរ​ ដែល​សម្រួល​ដល់​ការ​រីករាល​ដាល​នៃ​ការ​ឆ្លង​ជំងឺ​បង្ក​ពី​មេរោគ​មួយ​នេះ។

អ្នកស្រី ​Diana Rojas Alvarez ប្រធាន​ក្រុម​ផ្នែក​ជំងឺឆ្លង​តាម​រយៈ​សត្វល្អិតនៃ​អង្គការ​សុខភាព​ពិភពលោក WHO ​បាន​ថ្លែង​ថា៖ «បម្រែ​បម្រួល​អាកាសធាតុ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ចម្លង​មេរោគ ដោយសារ​តែ​វា​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ សំណើម​ និង​កំណើន​សីតុណ្ហភាព»។

អ្នកស្រី​បន្ត​ថា៖ «សត្វ​មូស​ងាយ​នឹង​ប្រែប្រួល​ទៅ​តាម​សីតុណ្ហភាព ​ហើយ​សីតុណ្ហភាព​នេះ​កំណត់​ទៅ​លើ​រយៈពេល​ដែល​វា​លូតលាស់​ និង​រយៈ​ពេល​ដែល​ពង​របស់​វា​វិវត្ត​ក្នុង​ខ្លួន​របស់វា»។

ទិន្នន័យ​ផ្សព្វផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ WHO ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ បាន​កត់​ត្រាការ​កើន​ឡើង​នៃ​កំណើន​គ្រុនឈាម​ខ្ពស់​ជាង ១០ដង​ នៅ​ក្នុង​រយៈ​ពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ គឺ​កើន​ពី​ ៥សែនករណី​ នៅ​ឆ្នាំ​២០០០​ ទៅ​ដល់​ ៥លាន​ ២សែន​ករណី​ នៅ​ក្នុង​ឆ្នាំ​២០១៩។

ទីភ្នាក់ងារ​សុខាភិបាល​អង្គការ​សហប្រជាជាតិ​និយាយ​ថា ការ​បន្ត​ចម្លង​ជំងឺ​នេះ​គួប​ផ្សំ​ជាមួយ​នឹង​ការកើន​ឡើង​យ៉ាង​គំហុក​នៃ​ករណី​គ្រុន​ឈាម​នៅ​ក្នុង​ឆ្នាំ​នេះ​ផងនោះ «បាន​បណ្ដាល​ឲ្យ​ចំនួន​ករណី​ជំងឺ​នេះ​កើន​ជិត​ដល់​កម្រិត​កំណត់​ត្រា​ខ្ពស់​បំផុត ​ដែល​មាន​ជាង​ ៥លាន​ករណី​ និងមានអ្នក​ស្លាប់ពាក់​ព័ន្ធ​ទៅ​នឹង​ជំងឺ​គ្រុនឈាម​នេះជាង៥ពាន់​ករណី​ នៅ​ក្នុង​ប្រទេស​និង​ដែន​ដី​ជាង​៨០»។

អង្គការ ​WHO ​ព្រមាន​ថា​ ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ការ​ឆ្លង​ជំងឺ​គ្រុនឈាម​បង្ក​បញ្ហា​ប្រឈម​ជា​ចម្បង​ដល់​សុខភាព​សាធារណៈ​ ពីព្រោះ​ប្រជាជន​នៅ​លើ​ពិភពលោក​ជិត​ពាក់​កណ្ដាល​ ឬ​ប្រមាណ ៤ ពាន់​លាន​នាក់ ​មាន​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​នេះ។

ដោយ​ផ្អែក​លើ​កត្តា​ទាំង​នេះ​ហើយ​ ទើប​លោក​ស្រី Rojas Alvarez ថ្លែង​ថា៖ «អង្គការ​ WHO បាន​វាយ​តម្លៃ​ថា ជំងឺ​គ្រុនឈាម​មាន​ហានិភ័យ​ខ្ពស់​នៅ​លើ​ពិភពលោក​ ដែល​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ និង​ការ​ឆ្លើយ​តប​ក្នុង​កម្រិត​ខ្ពស់​បំផុត​ពី​គ្រប់​លំដាប់​ថ្នាក់​នៃ​អង្គការ​នេះ»។

រូបឯកសារ៖ អ្នកជំងឺរងចាំទទួលការ​ព្យាបាល អំឡុងការឆ្លងរាលដាល​នៃជំងឺ​គ្រុនឈាម នៅប្រទេសស៊ូដង់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

​គ្រុនឈាម​គឺជា​ជំងឺ​ឆ្លង​ដែល​ជា​ធម្មតា​បង្ក​ដោយ​មេរោគ​ចម្លង​ទៅ​មនុស្ស​តាម​រយៈ​មូស​ខាំ។ ជំងឺ​នេះ​គេ​តែង​ឃើញ​កើត​មាន​នៅ​តំបន់​ប្រជុំជន​ នៅ​ក្នុង​តំបន់​ដែល​មាន​អាកាសធាតុ​ត្រូវពិច​និង​អនុត្រូពិច។

មនុស្ស​ភាគ​ច្រើន​ដែល​ឆ្លង​ជំងឺ​គ្រុនឈាម​មិន​មាន​រោគ​សញ្ញា​អ្វី​ទេ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ឆ្លង​ហើយ​មាន​ចេញ​រោគ​សញ្ញា​ ជា​ទូទៅ​ពួក​គេ​មាន​អាការៈ​ក្ដៅខ្លួន​ខ្លាំង​ ឈឺក្បាល​ ឈឺ​ខ្លួន​ប្រាណ ​ចង់​ក្អួត​ និង​មាន​កន្តួល​លើ​ស្បែក​ជា​ដើម។

មនុស្ស​ភាគច្រើន​នឹង​ជា​សះស្បើយ​នៅ​ក្នុង​រយៈ​ពេល​មួយ​ទៅ​ពីរ​សប្ដាហ៍។ ដោយសារ​តែ​គ្មាន​វិធី​ព្យាបាល​ជាក់លាក់​ណាមួយ​សម្រាប់​ជំងឺ​គ្រុនឈាម​ អង្គការ​ WHO ​និយាយ​ថា​ ការ​រក​ឃើញ​ជំងឺ​នេះ​បាន​ឆាប់​រហ័ស​នៅ​ដំណាក់​កាល​ដំបូង​ និង​ការ​ទទួល​បាន​ការ​ថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​បាន​ត្រឹម​ត្រូវ​នោះ​ នឹង​ជួយ​ឲ្យ​ការវិវត្ត​នៃ​ជំងឺ​នេះ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ ឬការ​ស្លាប់មាន​កម្រិត​ទាប។

នៅ​ក្នុង​ឆ្នាំ​នេះ​អង្គការ​ WHO និយាយ​ថា​ ជំងឺ​គ្រុនឈាម​ ៨០ភាគរយ​ ឬ​ ប្រមាណ​ ៤លាន​ ១សែន​ករណី ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ បន្ទាប់​មក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ និង តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច​។ អ្នកស្រី Rojas Alvarez បាន​កត់​សម្គាល់​ថា ចំនួនសត្វ​មូស​បាន​ប្រែប្រួល​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​តែ​កត្តា​បរិស្ថាន​ បម្រែ​បម្រួល​អាកាសធាតុ ហើយ​នៅ​ឆ្នាំ​ ២០២៣​នេះ មាន​បាតុភូត​អែល​នីញ៉ូ (El Nino) បាន​កើត​ឡើង។

អ្នកស្រី​ថ្លែង​បន្ត​ទៀតថា៖ «ការ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​គ្រុន​ឈាម​កាន់​តែ​ច្រើន​ឡើង​ នៅ​ក្នុង​ប្រទេស​ដែល​ពីមុន​មិន​ធ្លាប់​មាន​ជំងឺ​គ្រុនឈាម​ ដូចជា​ប្រទេស​បារាំង​ អ៊ីតាលី​ និង អេស្ប៉ាញ»។ អ្នកស្រី​បន្ត​ទៀត​ថា​ ការ​ចម្លង​មេរោគ​ដែល​បង្ក​ជំងឺ​នេះ​តាម​រយៈ​ការ​ធ្វើដំណើរ​ក៏​កំពុង​តែ​បង្ក​ហានិភ័យ​ខ្ពស់ ​ទៅ​ដល់​ប្រជាជន​ដែល​មិនធ្លាប់​មាន​ជំងឺ​នេះ​ពីមុន​មក​ផង​ដែរ។

អ្នកស្រី​និយាយ​ថា៖ «អ្នក​ដែល​នាំ​មេរោគ​នេះ​ទៅ​កន្លែង​ផ្សេងៗ​គឺ​មនុស្ស​ ពីព្រោះ​សត្វ​មូស​មិន​អាច​ហើរ​លើស​ពី ២០០​ម៉ែត្រ​ នៅ​ជុំវិញ​ផ្ទះ​ ឬ​ឆ្ងាយ​ពី​កន្លែង​ដែល​វា​ញាស់​កូន​នោះ​ទេ»។

អ្នកស្រី​ថ្លែង​ថា​៖ «វា​ក៏ជា​ក្ដី​បារម្ភ​ផងដែរ​ ដែល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុនឈាម​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ដែល​ងាយ​បែក​បាក់​ និង​មាន​ជម្លោះ​នៅ​តំបន់​មេឌីទែរ៉ាណេ​ខាង​កើត​ ដូចជា​អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន​ ស៊ូដង់​ សូម៉ាលី​ និង​ប្រទេស​យេម៉ែន។ ប្រទេស​ទាំង​នេះ​កំពុង​ប្រឈម​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​មួយ​ចំនួន​ក្នុង​ពេល​តែ​មួយ ​ការ​បម្លាស់​ទី​របស់​ប្រជាជន​ក្នុង​ទ្រង់ទ្រាយ​ធំ​ ហេដ្ឋារចនា​សម្ព័ន្ធ​ទឹក​និង​អនាម័យ​ខ្សោយ​ និង​ការ​រង​គ្រោះ​ធម្មជាតិ​ជា​ច្រើន​លើក​ច្រើន​សា»។

អង្គការ​ WHO បាន​អះអាង​ថា​ ទ្វីប​អាហ្វ្រិក​គឺ​ជា​ទ្វីប​មួយ​ក្នុង​ចំណោម​តំបន់​ទាំង​បួន ​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ពី​ជំងឺ​ឆ្លង​បង្ក​ដោយ​មេរោគ​នានា​ រួម​មាន​ជំងឺ​គ្រុន​លឿង គ្រុនឈាម​ គ្រុន​ Rift Valley និង​ជំងឺ​ហ្សីកា។ នៅ​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ មាន​ករណី​ជំងឺ​គ្រុនឈាម​ជិត​ ១​សែន ៧ម៉ឺន​ ២ពាន់​ករណី​ និង​មាន​មនុស្ស​ស្លាប់​ចំនួន ៧៥៣​នាក់​ ត្រូវបាន​រាយការណ៍​នៅ​ទ្វីប​អាហ្វ្រិក ដែល​ទ្វីប​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ភ័ស្តុតាង​បង្ហាញ​ពី​ការ​រាលដាល​នៃ​ជំងឺ​គ្រុនឈាម ​នៅ​ក្នុង​ចំណោម​ប្រជាជន​មូលដ្ឋាន​ ហើយ​ជំងឺ​នេះ​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​អ្នក​ដំណើរ​មួយ​ចំនួន​ ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ចំនួន ៣០ នៅ​ទ្វីប​អាហ្វ្រិក​។

រូបឯកសារ៖ បុរសម្នាក់កំពុងពរកូន​ដែល​បានកើត​ជំងឺគ្រុនឈាម នៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកស្រី​ Rojas Alvarez ​បាន​ឲ្យ​ដឹង​ថា​ មាន​ប្រទេស​ចំនួន​ ១៥ នៅ​ទ្វីប​អាហ្វ្រិក​ដែល​ត្រូវ​បាន​រាយការណ៍​ថា​ មាន​ការ​ផ្ទុះ​ឡើង​ជំងឺ​គ្រុនឈាម​ រួម​មាន​ប្រទេស​បេណាំង​ ឆា​ត អេត្យូពី​ និង​ប្រទេស​ហ្គាណា​ ប៉ុន្តែ​ប្រទេស​ដែល​មាន​ការ​ផ្ទុះ​ឡើង​ខ្លាំង​ជាង​គេ​ គឺ​ប្រទេស​បួគីណាហ្វាសូ​ ដែល​មក​ទល់​នឹង​ពេល​នេះ​ មាន​ករណី​គ្រុនឈាម​ជិត​ ១សែន ​៥ម៉ឺន​ករណី​ហើយ។

ទោះបី​ជា​ទ្វីប​អាហ្វ្រិក​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្វ​មូស​ដែល​ចម្លង​ជំងឺ​គ្រុនចាញ់​ក៏​ដោយ​ ក៏​អ្នកស្រី​និយាយ​ថា​ សត្វ​មូស​ដែល​ចម្លង​ជំងឺ​គ្រុនឈាម​មាន​លក្ខណៈ​ផ្សេង​ពី​នោះ​។ ដូច្នេះ​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​ប្រើ​ដើម្បី​គ្រប់គ្រង​ការ​រាលដាល​នៃ​ជំងឺ​គ្រុនចាញ់ ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ជំងឺ​គ្រុនឈាម​នេះ​ទេ»។

មន្ត្រី​អង្គការ WHO រូប​នេះ​បញ្ជាក់​ថា​ កំណើន​ភ្លៀង​ធ្លាក់​ច្រើន​ និងសំណើម​បណ្ដាល​មក​ពី​បម្រែ​បម្រួល​អាកាសធាតុ បាន​ផ្តល់​អំណោយ​ផល​កាន់​តែល្អដល់សត្វ​មូស​ក្នុង​ការ​ចម្លង​ ​បង្កើត​កូន​ និងរាល​ដាល។

អ្នកស្រី​ថ្លែង​ថា៖ «អំណោយផលនេះ​ បានធ្វើ​ឲ្យ​សត្វ​មូស​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដែល​ពី​មុន​គ្មាន​វត្តមាន​វា​ទេ​ ដូចជា​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ភាគខាង​ត្បូង​នៃ​ទ្វីប​អាមេរិក​ខាងជើង​ និង​តំបន់​ភាគ​ខាង​ត្បូង​នៃ​អាមេរិក​ឡាទីន​ ដូចជា​ប្រទេស​អ៊ុយរូហ្គាយ​ និង​រដ្ឋធានី​ប៊ុយណូស៊ែរ​នៃ​ប្រទេស​អាហ្សង់ទីន​ជា​ដើម។​ ​

នៅ​ទ្វីប​អាមេរិក​ខាងជើង​ មូស​ប្រភេទ Aedes Aegypti កំពុង​រាតត្បាត​ឆ្ពោះ​ទៅ​កាន់​ដែនដីព័រតូរីកូ។ អ្នកស្រី​ Rojas Alvarez ​និយាយ​ថា មូស​ប្រភេទ​នេះ​ក៏​បង្ហាញ​វត្តមាន​នៅ​ក្នុង​រដ្ឋ​ភាគ​ខាង​ត្បូង​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ​ ដូចជា ​រដ្ឋ​តិចសាស់ និង​ហ្វ្លរីដា។

អ្នកស្រី​បន្ត​ថា៖ «ដូច្នេះ ហានិភ័យ​គឺនៅ​ត្រង់​នេះ។ បញ្ហា​នៃ​មេរោគ​នេះ​គឺ​ថា ​ការ​ឆ្លង​ភាគច្រើន​គឺ​ការការ​ឆ្លង​ដែល​គ្មាន​រោគ​សញ្ញា។ ដោយសារ​តែ​បញ្ហា​នេះ​ហើយ​ វា​អាច​មាន​ការ​ចម្លង​ក្នុង​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​មុន​ពេល​ដែល​យើង​ឃើញ​ករណី​ទី​មួយ​កើតឡើង»។

អ្នកស្រី​បន្ត​ថា​ វា​ជារឿង​ចាំបាច់​ដែល​រដ្ឋ​នានា​ត្រូវ​តែ​ចាត់​វិធានការ​កាត់​បន្ថយចំនួនមូស​ មុន​ពេល​ជំងឺ​នេះ​រីករាល​ដាល់​ដល់​កម្រិត​មួយ​ដែល​មិន​អាច​គ្រប់គ្រង​បាន​ និង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ប្រជាជន។

អង្គការ​សុខភាព​ពិភពលោក​ បាន​ណែនាំ​ឲ្យ​ប្រទេស​និង​សហគមន៍​នានា​មាន​ការ​ប្រុងប្រយ័ត្ន​ និង ត្រៀម​ខ្លួន​ដើម្បី​រក​ឲ្យ​ឃើញ​ការ​ចម្លង​នៃ​ជំងឺ​នេះ​នៅ​ក្នុង​តំបន់​ត្រូពិច​ និងនៅ​តំបន់អឌ្ឍគោល​ខាងត្បូង​ ដែល​នៅ​ទីនោះ​ រដូវ​ក្ដៅ​និង​រដូវ​គ្រុនឈាម​ជិត​ចាប់​ផ្ដើម​ហើយ។

ទី​ភ្នាក់ងារ​សុខាភិបាល​ពិភពលោក​នេះ​ក៏​បាន​ជំរុញ​ឲ្យ​មនុស្ស​ទូទៅ​ ធ្វើ​យ៉ាង​ណា​ឲ្យ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​នេះ​នៅ​ទា​ប​ តាម​រយៈ​ការ​បញ្ចៀស​កុំ​ឲ្យ​មូស​ខាំ។ អង្គការ​ WHO​ បាន​ស្នើ​ឲ្យ​ប្រើ​សារធាតុ​បណ្ដេញ​មូស​ និង​ការពារ​កុំ​ឲ្យ​មូស​ខាំ​នៅ​ពេល​ថ្ងៃ​ ជាពិសេស​ពីរ​ម៉ោង​ក្រោយ​ថ្ងៃរះ​ និង​មុន​ពេល​ថ្ងៃ​លិច ដែល​ជា​ពេល​ដែល​មូស​មាន​សកម្មភាព​ខ្លាំង​បំផុត៕