គណបក្ស​ប្រជាធិបតេយ្យ​ប្រកាស​ពី​បទ​ចោទ​ប្រឆាំង​នឹង​លោក Trump

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយជាមួយអ្នកសារព័ត៌មាននៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។

នៅ​ឯ​សន្និសីទ​កាសែត​នៅ​វិមាន​សភា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ សមាជិក​កំពូល​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​អំពី​បទ​ចោទ​ពីរ​ករណី​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង ដោយ​ចោទ​ប្រកាន់​លោក Trump ថា​បាន​រំលោភ​អំណាច​ដើម្បី​ប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន និង​បាន​រារាំង​ដំណើរការ​ស៊ើប​អង្កេត​របស់​សភា​អំពី​រឿង​នេះ។

នេះ​គឺ​ជា​លើក​ទី ៤ ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ២៤៣ ឆ្នាំ របស់​សហរដ្ឋ​អាមេរិក ដែល​បទ​ចោទ​ប្រកាន់​ត្រូវ​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ទោះបីជា​ការ​ទម្លាក់​លោក Trump ចេញ​ពី​តំណែង​នៅតែ​មិន​ទំនង​ជា​អាច​ទៅ​រួច​ក៏​ដោយ។

គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​គឺ​ជា​គណៈកម្មាធិការ​ដែល​ពិចារណា​អំពី​ការ​រៀបចំ​បទ​ចោទ​ទាំង​នេះ។ លោក Jerrold Nadler ដែល​ជា​ប្រធាន​គណៈកម្មាធិការ​នេះ បាន​អះអាង​ថា លោក Trump «ចាត់​ទុក​ខ្លួន​ឯង​ថា​ស្ថិត​នៅ​ពី​លើ​ច្បាប់»។

លោក Nadler បាន​ចោទ​ប្រកាន់​ថា លោក Trump បាន​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ដោយសារ​លោក Trump បាន​ផ្អឹប​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុចរិត​ភាព​នៃ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

លោក Nadler បាន​និយាយ​ដូច្នេះ​ថា៖ «លោក Trump ផ្ដោត​លើ​ប្រយោជន៍​ខ្លួន​ឯង​ធំ​ជាង​ប្រយោជន៍​ប្រទេស​ជាតិ​ម្ដង​ហើយ​ម្ដង​ទៀត»។

ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​លោក Adam Schiff ដែល​ជា​អ្នក​ដឹកនាំ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​នេះ អស់​រយៈពេល​រាប់​សប្ដាហ៍​កន្លង​មក បាន​ហៅ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក Trump នេះ​ថា «មាន​លក្ខណៈ​ខ្លាំងក្លា និង​មិន​អាច​ជំទាស់​តវ៉ា​បាន»។

ប៉ុន្តែ លោក Trump បាន​និយាយ​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ហើយ​មិន​មាន​អ្នក​គាំទ្រ​លោក​ខាង​គណបក្ស​សាធារណរដ្ឋ​ណា​ម្នាក់​នៅ​ក្នុង​សភា​បាន​អំពាវនាវ​ឲ្យ​មានការ​ចោទ​ប្រកាន់ និង​ដក​លោក​ចេញ​ពី​តំណែង​នោះ​ឡើយ។

មុន​ពេល​ដែល​បទ​ចោទ​ប្រកាន់​ពីរ​ករណី​នេះ​ត្រូវ​បាន​ប្រកាស លោក Trump បាន​សរសេរ​នៅ​លើ Twitter ចំអក​ដល់​ករណី​ប្រឆាំង​នឹង​លោក​នេះ។

លោក​បញ្ជាក់​នៅ​លើ Twitter ដូច្នេះ​ថា៖ «ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​ពី​តំណែង​នូវ​ប្រធានាធិបតី​មួយ​រូប​ដែល​ដឹកនាំ​ដោយ​មាន​លទ្ធផល​ជាក់​ស្ដែង ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រហែល​ជា​រីក​ចម្រើន​ខ្លាំង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​ផង​ដែរ និង​ប្រធានាធិបតី​មួយ​រូប​ដែល​ដឹកនាំ​ដោយ​ជោគជ័យ និង​ជា​ពិសេស​បំផុត​មិន​ដែល​ធ្វើ​អ្វី​ខុស​នោះ គឺ​ជា​រឿង​ឆ្កួត​លីលា​ផ្នែក​នយោបាយ​ទាំង​ស្រុង»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា