ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា គណបក្សប្រជាធិបតេយ្យកំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹមកាន់តែច្រើន ក្នុងការប្រកួតប្រជែងដណ្តើមអាសនៈព្រឹទ្ធសភាភាគច្រើនដើម្បីគ្រប់គ្រងនោះ។ គណបក្សសាធារណរដ្ឋ ទំនងបានយកជ័យជម្នះលើគូប្រជែងរបស់ខ្លួន ដើម្បីរក្សាសំឡេងភាគច្រើនរបស់ខ្លួនក្នុងស្ថាប័នព្រឹទ្ធសភាអាមេរិក។ ទោះជាយ៉ាងនេះក្តី នៅពេលនេះ មិនទាន់មានលទ្ធផលចុងក្រោយ ដែលអាចឲ្យគណបក្សសាធារណរដ្ឋ ប្រកាសពីជ័យជម្នះនៅឡើយទេ។
លទ្ធផលថ្មីៗបំផុតបង្ហាញថា ក្នុងរដ្ឋ Michigan គណបក្សប្រជាធិបតេយ្យ បានជៀសផុតពីការបាត់បង់អាសនៈព្រឹទ្ធសភារបស់ខ្លួន ដោយសមាជិកព្រឹទ្ធសភាលោក Gary Peters នៃគណបក្សប្រជាធិបតេយ្យ បានឈ្នះការប្រកួតដ៏ស្វិតស្វាញទៅលើគូប្រជែងខាងគណបក្សសាធារណរដ្ឋ គឺលោក John James។ ប៉ុន្តែក្នុងរដ្ឋ Maine វិញ គណបក្សសាធារណរដ្ឋ បានរក្សាអាសនៈព្រឹទ្ធសភារបស់ខ្លួន ដែលកាន់កាប់ដោយសមាជិកព្រឹទ្ធសភាលោកស្រី Susan Collins និងកាន់កាប់អាសនៈសំខាន់ផ្សេងៗទៀតក្នុងរដ្ឋជាច្រើនទូទំាងប្រទេស។
ប្រធានព្រឹទ្ធសភាអាមេរិកលោក Mitch McConnell ពីខាងគណបក្សសាធារណរដ្ឋ ដែលជាមេដឹកនាំសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាផងនោះ បានលើកឡើងថា យុទ្ធនាការឃោសនារបស់លោកប្រធានាធិបតី Donald Trump បានជួយដល់បេក្ខជនរបស់គណបក្សសាធារណរដ្ឋ ប៉ុន្តែលោកថា នៅពេលនេះ មន្ត្រីបោះឆ្នោតជាច្រើន កំពុងបន្តរាប់សន្លឹកឆ្នោតនៅឡើយ។ ការប្រកួតដណ្តើមអាសនៈព្រឹទ្ធសភាសំខាន់ៗក្នុងបណ្តារដ្ឋមួយចំនួនដូចជារដ្ឋ North Carolina រដ្ឋ Alaska និង Georgia នៅមិនទាន់ចប់នៅឡើយទេ។
ខណៈដែលគណបក្សប្រជាធិបតេយ្យដណ្តើមបានអាសនៈព្រឹទ្ធសភាប្រចាំរដ្ឋ Colorado និង Arizona ពួកគេទំនងបានចាញ់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ Alabama ហើយបេក្ខជនគណបក្សសាធារណដ្ឋ ទំនងជានឹងរក្សាអាសនៈរបស់ពួកគេនៅក្នុងរដ្ឋ South Carolina, Iowa, Texas, Kansas, Montana និង Maine៕