សេវាថែរក្សាសុខភាពនៅក្នុងសហរដ្ឋអាមេរិកជាថ្មីម្ដងទៀត ត្រូវគេរំពឹងថានឹងក្លាយជាបញ្ហាខ្វែងគំនិតគ្នាដ៏ខ្លាំងមួយ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ខាងមុខ ដោយគណបក្សប្រជាធិបតេយ្យជំរុញឲ្យមានការចូលរួមកាន់តែខ្លាំងជាងមុនពីរដ្ឋាភិបាលតាមរយៈទស្សនៈ «សេវាថែរក្សាសុខភាពសម្រាប់ពលរដ្ឋទាំងអស់គ្នា» ចំណែកឯគណបក្សសាធារណរដ្ឋវិញ បានព្រមានអំពីការដំឡើងពន្ធ និងលទ្ធិសង្គមនិយមដែលនឹងអាចកើតឡើង។
អ្នកតស៊ូមតិផ្នែកថែរក្សាសុខភាពជឿថា ការកើនឡើងនូវការគាំទ្ររបស់សាធារណជនលើការការពារ និងការពង្រីកបន្ថែមនូវកម្មវិធីថែរក្សាសុខភាពនឹងជួយគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ខាងមុខ គឺដូចទៅនឹងការផ្ដោតរបស់គណបក្សនេះលើបញ្ហានេះ បានជួយឲ្យគណបក្សនេះឈ្នះការគ្រប់គ្រងរដ្ឋសភានៅក្នុងឆ្នាំ ២០១៨ ដូច្នេះដែរ។
អ្នកស្រី Anne Shoup នៃអង្គការ Protect Our Care បាននិយាយថា៖ «សេវាថែរក្សាសុខភាពគឺជាបញ្ហាឈ្នះសម្រាប់គណបក្សប្រជាធិបតេយ្យ។ ដូច្នេះ ខ្ញុំគិតថា ការផ្ដោតរបស់ពួកគេលើការថែរក្សាសុខភាព និងដំណោះស្រាយនឹងជួយគណបក្សប្រជាធិបតេយ្យ»។
អ្នកដែលបានប្រកាសបេក្ខភាពចូលរួមនៅក្នុងការប្រកួតធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យទាំងអស់សុទ្ធតែគាំទ្ររឿងថែរក្សាសុខភាពនេះ និងគាំទ្រគម្រោងនានាដើម្បីសម្រេចឲ្យបាននូវការថែរក្សាសុខភាពសម្រាប់ពលរដ្ឋគ្រប់រូប និងការបញ្ចុះតម្លៃសេវាសុខាភិបាលផងដែរ។
ចំណែកឯលោកប្រធានាធិបតី Donald Trump វិញ លោកបានរិះគន់គោលនយោបាយថែរក្សាសុខភាពរបស់គណបក្សប្រជាធិបតេយ្យនេះថាជាទស្សនៈសង្គមនិយម ដែលនឹងរារាំងជម្រើសរបស់បុគ្គលម្នាក់ៗ និងរារាំងការប្រកួតប្រជែងរបស់សហគ្រាសឯកជន៕