ដោយមានរយៈពេលមិនដល់ ៤ ខែផង មុននឹងការបោះឆ្នោតចូលមកដល់ សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក កាន់តែមានជំនឿជឿជាក់ថា ពួកគេអាចឈ្នះអាសនៈមួយចំនួន ដែលត្រូវការចាំបាច់ដើម្បីដណ្ដើមគ្រប់គ្រងព្រឹទ្ធសភាមកវិញ។
លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលមិនទាន់ទទួលបានការតែងតាំងជាផ្លូវការនៅឡើយ បាននាំមុនលោកប្រធានាធិបតី Donald Trump នៅទូទាំងប្រទេស ដោយការស្ទង់មតិជាមធ្យមរបស់ក្រុមហ៊ុន RealClearPolitics ដែលបានធ្វើឡើងកាលពីចុងខែមិថុនាកន្លងទៅនេះ បានបង្ហាញថា លោក Biden បាននាំមុខលោក Trump ចំនួន ៨%។
នៅពេលបច្ចុប្បន្ននេះ គណបក្សសាធារណរដ្ឋគ្រប់គ្រងអាសនៈព្រឹទ្ធសភាចំនួន ២៣ ក្នុងចំណោមអាសនៈព្រឹទ្ធសភាចំនួន ៣៥ ដែលនឹងត្រូវប្រជែងនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ ប៉ុន្តែការបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗតែមួយចំនួនតូចប៉ុណ្ណោះ នឹងសម្រេចឲ្យឃើញអំពីតុល្យភាពអំណាច។
គណបក្សប្រជាធិបតេយ្យចាំបាច់ត្រូវឈ្នះឲ្យបានអាសនៈព្រឹទ្ធសភាចំនួនពី ៣ ទៅ ៤ អាសនៈ ដើម្បីឲ្យខ្លួនមានប្រៀបជាងគណបក្សសាធារណរដ្ឋ៕