សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ​បើក​ធ្វើ​ការ​ស៊ើបអង្កេត​ទូលំទូលាយ​លើ​លោក Trump

លោក Jerrold Nadler ប្រធាន​គណៈកម្មាធិការ​យុត្តិធម៌​ចូលរួម​ក្នុង​ពេល​ធ្វើ​សក្ខីកម្ម​របស់​លោក​រដ្ឋមន្ត្រី​យុត្តិធម៌​ស្តី​ទី Matthew Whitaker កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃ​ចន្ទ​ សមាជិក​សភានៃគណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​បើក​ធ្វើការ​ស៊ើបអង្កេត​ទូលំទូលាយមួយ ​អំពី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​ប្រធានាធិបតី Donald Trump កាល​ពី​ឆ្នាំ២០១៦ របរជំនួញ​របស់​លោក អន្តរកាលរបស់​លោក​ទៅកាន់​អំណាច​ និង​អំពី​ថា ​តើលោក​បាន​រារាំង​យុត្តិធម៌​ ឮឬ​ទេ​ដើម្បី​ធ្វើ​ឱ្យ​ខកខាន​ដល់​ការ​ស៊ើបអង្កេត​អំពី​រូបលោក។​

គណៈកម្មាធិការ​តុលាការ​នៃ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​ផ្ញើ​សំបុត្រ​ទៅ​កាន់​បុគ្គលនិង​អង្គភាព​៨១ ​ដែលទាក់ទង​ជាមួយ​លោក Trump ទាមទារ​ឯកសារក្នុង​រយៈពីរ​អាទិត្យ​អំពី​បញ្ជី​វែង​មួយ​នៃ​ហេតុការណ៍​មួយ​ចំនួន​ ទាក់ទិន​នឹង​ប្រធានាធិបតី​ទី​៤៥នៃ​សហរដ្ឋអាមេរិករូបនេះ។​

បន្ថែមពី​លើ​ការ​ផ្តោតការ​យក​ចិត្តទុក​ដាក់​លើ​ការ​ចោទប្រកាន់​អំពី​ការ​រារាំង​យុត្តិធម៌ គណៈកម្មាធិការ​នេះ​បាន​និយាយ​ថា​ ខ្លួន​កំពុង​ពិនិត្យ​មើល​អំពី​លទ្ធភាព​នៃ​ការ​មាន​អំពើ​ពុករលួយ​សាធារណៈនិងការ​រំលោភ​អំណាច​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដែលលោក​ Trump បាន​កាន់​តំណែង​ប្រធានាធិបតី។​

លោក Jerrold Nadler ប្រធាន​គណៈកម្មាធិការ​នេះ​នៃ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​មាន​ប្រសាសន៍ ​នៅ​ពេល​ប្រកាស​អំពី​ការ​ស៊ើបអង្កេត​នេះ​ថា៖ «ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​មុន​នេះ​ លោកប្រធានាធិបតី​ Trump បាន​គេចពី​ភាព​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​សឹង​តែ​រាល់ថ្ងៃ​របស់​លោក​ដល់​បទ​បញ្ញត្តិ និង​បទដ្ឋាន​ខាង​ផ្លូវ​ច្បាប់ជា​មូលដ្ឋាន​ ខាង​សីលធម៌ និង​ខាង​រដ្ឋធម្មនុញ្ញ​របស់យើង»។

លោក​បាន​មានប្រសាសន៍​ថា៖ «ការ​ស៊ើបអង្កេត​អំពី​ការ​គំរាមកំហែង​ទាំង​នេះ​ដល់​វិធាន​នៃ​ច្បាប់​ជា​កាតព្វកិច្ច​របស់​សភា​ហើយ​ជា​មុខងារ​ស្នូល​មួយ​នៃ​គណៈកម្មាធិការ​តុលាការ​របស់​សភា​តំណាង​រាស្ត្រអាមេរិកាំង។​

លោក​ Trump បាន​បដិសេធ​ថា​ លោក​មិន​បាន​ធ្វើ​ខុស​ទេ​ ទាក់ទិន​នឹង​ការ​ទាក់ទង​របស់ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​ឱ្យ​លោក​ជាមួយ​ប្រទេស​រុស្ស៊ី និង​នៅ​ពេល​លោក​កាន់​តំណែង​ប្រធានាធិបតី។

​នៅពេល​ត្រូវ​សួរអំពីការ​ស៊ើបអង្កត​របស់​លោក Nadler កាល​ពី​ថ្ងៃ​ចន្ទ លោក Trump បាន​ឆ្លើយ​ថា៖ «ខ្ញុំ​ធ្វើ​សហប្រតិបត្តិការ​ជា​មួយ​មនុស្ស​គ្រប់​គ្នា... លោក​អ្នក​ដឹង​ទេ​អ្វី​ដែល​ល្អ​នោះ​គឺ​គ្មាន​ការ​ឃុបឃិត​ទេ។​ ទាំង​អស់​នេះ​ជា​ការ​បញ្ឆោត»៕