មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បណ្តេញរដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ចេញ ចំពោះការបដិសេធមិនគាំទ្របទបញ្ជាប្រធានាធិបតីទៅលើបញ្ហាអន្តោប្រវេសន៍ សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃអង្គារ បានតវ៉ានឹងវិធានការរបស់លោកប្រធានាធិបតី តាមរយៈការពន្យារពេលបោះឆ្នោតរបស់គណៈកម្មាធិការមួយទៅលើបេក្ខភាពរបស់លោក Jeff Sessions។
លោក Sessions គឺជាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនៃរដ្ឋ Alabama ដែលលោក ត្រាំ បានតែងតាំងសម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ។
លោក Chuck Schumer មេដឹកនាំសំឡេងភាគតិចនៅក្នុងព្រឹទ្ធសភាបានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «ប្រជាពលរដ្ឋអាមេរិកាំងត្រូវការចម្លើយពីលោក Sessions ពាក់ព័ន្ធនឹងបទបញ្ជាប្រធានាធិបតី។ គណៈវិនិច្ឆ័យនឹងមិនត្រូវផ្តល់ចម្លើយនោះទេ រហូតដល់យើងទទួលបានចម្លើយ ដូច្នេះខ្ញុំនឹងស្នើបទបញ្ជាផ្ទៃក្នុងរយៈពេល២ម៉ោង»។
បទបញ្ជាផ្ទៃក្នុងរយៈពេល២ម៉ោង ដែលកម្រប្រើនេះហាមឃាត់គណៈកម្មាធិការមិនឲ្យប្រជុំលើស២ម៉ោងនោះទេ បន្ទាប់ពីព្រឹទ្ធសភាពេញអង្គបញ្ជាដោយប្រើញញួរឈើនៅក្នុងថ្ងៃកំណត់ជាក់លាក់ណាមួយ។ សមាជិកខាងគណបក្សសាធារណរដ្ឋប្រើប្រាស់វាម្តងម្កាលកាលពីប៉ុន្មានឆ្នាំមុន ដើម្បីពន្យារពេលអនុម័តទៅលើបេក្ខជនដែលអតីតប្រធានាធិបតី លោក អូបាម៉ា តែងតាំង៕