បេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យជជែកដេញដោលគ្នាលើបញ្ហាបញ្ហាជាច្រើននៅក្នុងការជជែកដេញដោលគ្នារបស់ពួកគេកាលពីថ្ងៃអង្គារ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលមិនដល់បីសប្ដាហ៍ផង មុនពេលដែលពលរដ្ឋនៅក្នុងរដ្ឋ Iowa បោះឆ្នោតបឋមនៅខែកុម្ភៈខាងមុខនេះ។ ការជជែកដេញដោលគ្នានេះបានធ្វើឡើងនៅក្នុងក្រុង Des Moines រដ្ឋ Iowa និងត្រូវបានរៀបចំឡើងដោយបណ្ដាញព័ត៌មាន CNN និងកាសែត The Des Moines Register។
បេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យចំនួន៦នាក់បានជជែកដេញដោលគ្នាលើបញ្ហាពាណិជ្ជកម្ម ការថែទាំសុខភាព និងគោលនយោបាយការបរទេស។
មានការរិះគន់យ៉ាងច្រើនទៅលើលោកប្រធានាធិបតី ដូណាល់ ត្រាំ និងភាពតានតឹងក្នុងពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។
បេក្ខជននាំមុខគេ លោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីក្នុងរដ្ឋបាលលោក អូបាម៉ា ថ្លែងថា៖ «យើងបានបាត់បង់ជំហររបស់យើងនៅក្នុងតំបន់នោះ។ យើងបានបាត់បង់ការគាំទ្រពីក្រុមសម្ព័ន្ធមិត្តរបស់យើង។ ប្រធានាធិបតីបន្ទាប់ត្រូវតែជាបុគ្គលម្នាក់ដែលអាចបង្រួបបង្រួមក្រុមសម្ព័ន្ធមិត្តទាំងនេះឡើងវិញបាន»។
លោក Biden ត្រូវបានលោក Bernie Sanders សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Vermont វាយប្រហារ ចំពោះការណ៍ដែលលោកគាំទ្រសង្គ្រាមនៅអ៊ីរ៉ាក់។ ហើយលោក Sanders បាននិយាយថា លោកព្រួយបារម្ភថា ការប្រឈមមុខជាមួយនឹងអ៊ីរ៉ង់អាចកាន់តែអាក្រក់ជាងនេះទៀត។
លោក Sanders ថ្លែងថា៖ «ឥឡូវនេះ អ្វីដែលខ្ញុំភ័យខ្លាចយ៉ាងខ្លាំងគឺថា យើងមានប្រធានាធិបតីម្នាក់ដែលកុហកម្ដងហើយម្ដងទៀត ហើយលោកអាចទាញយើងឲ្យធ្លាក់នៅក្នុងសង្គ្រាមមួយដែលកាន់តែអាក្រក់ជាងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ាក់ទៅទៀត»។
លោក Pete Buttigieg ដែលជាអតីតអភិបាលក្រុង South Bend រដ្ឋ Indiana និងជាអតីតយុទ្ធជនបានលើកឡើងពីការព្រួយបារម្ភដូចគ្នានេះ។
លោក Buttigieg និយាយថា៖ «យើងអាចបន្ដពាក់ព័ន្ធនៅក្នុងតំបន់នោះ ដោយមិនចាំបាច់ប្ដេជ្ញាថានឹងដាក់បញ្ឈរជើងកងកម្លាំងផ្លូវគោករបស់យើងនៅទីនោះជារៀងរហូត។ ប៉ុន្តែអ្វីដែលកំពុងតែកើតឡើងក្នុងពេលនេះគឺថា លោកប្រធានាធិបតីនឹងបញ្ជូនកងកម្លាំងទៅទីនោះបន្ថែមទៀត»។
បេក្ខជនមួយចំនួនចង់កាត់បន្ថយចំនួនកងកម្លាំងសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ អ្នកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Massachusetts ថ្លែងថា ដល់ពេលដែលត្រូវដកកងកម្លាំងរបស់សហរដ្ឋអាមេរិកចេញពីអាហ្វហ្កានីស្ថានហើយ។
អ្នកស្រី Warren និយាយថា៖ «គ្មាននរណាម្នាក់មានដំណោះស្រាយដើម្បីបញ្ចប់បញ្ហានេះទេ។ យើងត្រូវតែដកកងកម្លាំងប្រយុទ្ធរបស់យើងត្រឡប់មកវិញ។ ពួកគេមិនជួយឲ្យសហរដ្ឋអាមេរិកឬតំបន់នោះទាំងមូលមានសុវត្ថិភាពជាងមុននោះទេ»។
សម្រាប់លោក Tom Steyer ដែលជាមហាសេដ្ឋីប្រាក់រាប់ពាន់លានដុល្លារនិងជាអ្នកដែលទើបតែប្រឡូកក្នុងនយោបាយថ្មីៗថ្លែងថា ដល់ពេលដែលត្រូវអនុវត្តវិធីសាស្ត្រថ្មីមួយទៅលើសន្ដិសុខជាតិហើយ។
លោក Steyer ថ្លែងថា៖ «វាមិនស្ថិតលើបទពិសោធន៍ឡើយ។ វាស្ថិតលើការវិនិច្ឆ័យ។ ប្រសិនបើអ្នកបានស្ដាប់រឿងនេះរហូតមក អ្វីដែលយើងកំពុងឭនេះគឺជាកំហុសរយៈពេល២០ឆ្នាំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា»។
សមាជិកគណបក្សប្រជាធិបតេយ្យក៏បានជជែកដេញដោលគ្នាដែរទៅលើថាតើនរណាម្នាក់ក្នុងចំណោមពួកគេ មានលក្ខណៈសម្បត្តិល្អបំផុតដើម្បីអាចទៅប្រកួតយកជ័យជម្នះលើលោកប្រធានាធិបតី ត្រាំ នៅក្នុងការបោះឆ្នោតបាន។
អ្នកស្រី Warren ព្យាយាមលុបបំបាត់ការយល់ឃើញដែលថា បេក្ខជនជាស្ត្រីគឺជាគុណវិបត្តិមួយ។
អ្នកស្រី Warren ថ្លែងថា៖ «តើបេក្ខជនស្ត្រីអាចយកជ័យជម្នះលើលោក ដូណាល់ ត្រាំ បានដែរឬទេ? ក្រឡេកមើលទៅបេក្ខជនបុរសនៅលើឆាកនេះ។ ពួកគេទាំងអស់សរុបចូលគ្នាបានចាញ់ការបោះឆ្នោតចំនួន១០ដងរួចមកហើយ។ បេក្ខជននៅលើឆាកនេះដែលបានឈ្នះរាល់ការបោះឆ្នោតដែលពួកគេចូលរួមប្រកួតប្រជែងគឺជាស្ត្រី។ នោះគឺអ្នកស្រី Amy Klobuchar និងខ្លួនខ្ញុំផ្ទាល់»។
នេះគឺជាការជជែកដេញដោលគ្នាលើកចុងក្រោយបង្អស់ មុនពេលដែលអ្នកបោះឆ្នោតនៅក្នុងរដ្ឋ Iowa ចេញទៅបោះឆ្នោតបឋមនៅថ្ងៃទី៣ ខែកុម្ភៈខាងមុខនេះ ដើម្បីចាប់ផ្ដើមដំណើរការជ្រើសរើសបេក្ខជនម្នាក់ដែលតែងតាំងដោយគណបក្សប្រជាធិបតេយ្យសម្រាប់ទៅប្រកួតជាមួយនឹងលោកប្រធានាធិបតី ត្រាំ នៅខែវិច្ឆិកាខាងមុខនេះ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា