បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ស៊កសៀត​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក និង​និយាយ​វាយប្រហារ​លោកត្រាំ

បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Elizabeth Warren (ខាងឆ្វេង) លោក Joe Biden (កណ្តាល) និងលោក Bernie Sanders អំឡុងពេលជជែកដេញដោលកាលពីថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។

បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​៦​នាក់​បាន​និយាយ​ស៊កសៀត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ការ​ជជែកដេញដោល​គ្នា​យ៉ាង​ស្វិតស្វាញ​កាល​ពី​យប់​ថ្ងៃ​អង្គារ ដើម្បី​ព្យាយាម​ឲ្យ​លេចធ្លោ​ជាង​គេ​សម្រាប់​អ្នក​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Iowa។ រដ្ឋ Iowa ដែល​សម្បូរ​ទៅ​ដោយ​អ្នក​ធ្វើ​ស្រែចម្ការ​ មាន​ទំនោរ​គាំទ្រ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​ការ​បោះឆ្នោតជាតិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ជាមួយ​នឹង​ភាពតានតឹង​កាន់​តែ​ខ្លាំង​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក Bernie Sanders សមាជិព្រឹទ្ធសភា​តំណាងរដ្ឋ Vermont ដែល​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​សង្គមនិយម​ប្រជាធិបតេយ្យ បាន​និយាយ​វាយប្រហារ​ទៅ​លើ​គុណសម្បត្តិ​ខាង​គោលនយោបាយ​ការ​បរទេស​របស់​បេក្ខជន​នាំ​មុខ​គេ​នៅ​ក្នុង​ការ​វាស់ស្ទង់​មតិ​ថ្នាក់ជាតិ​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក Joe Biden ដែល​ជា​អតីត​អនុប្រធានាធិបតី។

លោក Sanders បាន​ចំអក​ឲ្យ​លោក Biden​ ចំពោះ​ការណ៍​ដែល​លោក​បោះឆ្នោត​ឆ្នាំ​២០០២ អនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក​ឈ្លានពាន​អ៊ីរ៉ាក់ ខណៈ​ដែល​លោក​ប្រឆាំង​នឹង​ការ​ឈ្លនពាន​កាល​ពី​ឆ្នាំ​២០០៣។ លោក Sanders និយាយ​ថា លោក Biden បាន​បោះឆ្នោត​ឲ្យ​អ្នក​ប្រព្រឹត្ត​ខុស​ទៅ​លើ​គោលនយោបាយ​ការបរទេស​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក។

លោកស្រី Amy Klobuchar សមាជិក​ព្រឹទ្ធសភា​តំណាងរដ្ឋ Minnesota និយាយ​ថា លោកស្រី​ក៏​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែរ ខណៈ​ដែល​លោកស្រី​បាន​ចោទប្រកាន់​លោកត្រាំថា​ កំពុង​តែ​បោះជំហាន​ឆ្ពោះ​ទៅ​កាន់​សង្គ្រាម​មួយ​ទៀត​ដែរ ដោយសារ​តែ​លោក​បាន​បញ្ជា​ឲ្យ​ប្រើ​ដ្រូន​សម្លាប់​មេដឹកនាំ​យោធា​កំពូលអ៊ីរ៉ង់ លោក Qassem Soleimani កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា កន្លង​ទៅ​នេះ៕​