អ្នកវិភាគ​៖ ​ក្តី​សង្ឃឹម​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​គឺ​ពឹង​លើ​ប្រទេសថៃ

រូបឯកសារ៖ ទាហានម្នាក់ចូលរួមបោះឆ្នោតនៅមណ្ឌលបោះឆ្នោតមួយ នៅក្រុងបាងកក​ ប្រទេសថៃ កាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩។ 

យោធា​សង្ឃឹម​ថា​ ការបោះឆ្នោត​មិន​ទាន់​ចេញ​ជា​លទ្ធផល​នេះ​ នឹង​ជួយ​លុបបំបាត់​ការ​រិះគន់​នានា។

អ្នកបោះឆ្នោត​នៅ​ប្រទេសថៃ​ កាល​ពី​ថ្ងៃអាទិត្យ​ បាន​ចេញ​ទៅ​បោះឆ្នោត​ជា​លើក​ទីមួយ​ក្នុង​រយៈពេល​ជិត ៥ ឆ្នាំ​មក​នេះ​ ហើយ​ក្រុម​អ្នកវិភាគ​និយាយ​ថា​ លទ្ធផល​បោះឆ្នោត​អាច​មាន​ឥទ្ធិពល​លើ​លទ្ធិប្រជាធិបតេយ្យ​នៅទូទាំង​តំបន់​អាស៊ីអាគ្នេយ៍។

យោធា​នៅ​ប្រទេសថៃ​បាន​ធ្វើ​រដ្ឋប្រហារ​ កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៤។ រដ្ឋប្រហារ​នោះ​ដឹកនាំ​ដោយ​មេបញ្ជាការ​កងទ័ព​លោក Prayuth Chan-ocha និង​បាន​ផ្តួលរំលំ​រដ្ឋាភិបាល។ ក្រុមអ្នកសង្កេតការណ៍​មើលឃើញ​ថា​ ការ​បោះឆ្នោត​នេះ​គឺ​ជា​ការប្រកួតប្រជែង​រវាង​លទ្ធិប្រជាធិបតេយ្យ​ និង​របប​យោធា។

លោក Prayut បាន​ថ្លែង​ថា​ ប្រសិនបើ​លោក​ឈ្នះឆ្នោត​ គឺ​ក្រុម​អ្នក​បោះឆ្នោត​នឹង​ប្រែ​ក្លាយ​ពី​ការគ្រប់គ្រង​ប្រទេស​របស់លោក​ ដោយ​សារ​រដ្ឋប្រហារ​ទៅ​ជា​លទ្ធិប្រជាធិបតេយ្យ។

ប្រទេសថៃ​ គឺ​ជាសមាជិក​នៃ​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថាអាស៊ាន ហើយ​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ នៅក្នុង​ប្លុក​ពាណិជ្ជកម្ម​នេះ​ កំពុង​យក​ចិត្តទុកដាក់​យ៉ាងខ្លាំង​ ទៅលើ​ការបោះឆ្នោត​នេះ​ បើទោះបី​ជា​សមាគមន៍​នេះ​មាន​គោលនយោបាយ​មិន​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​ណា​ផ្សេង​ទៀត​ និង​កម្រ​ធ្វើ​អាត្ថាធិប្បាយ​អំពី​កិច្ចការ​ផ្ទៃក្នុង​ទៅវិញទៅមក​ក៏ដោយ។

សារព័ត៌មាន The ASEAN Post បាន​គូស​បញ្ជាក់​ថា​ សេរីភាព​នៃ​ការបញ្ចេញមតិ​ ការជួបជុំ​ដោយ​សន្តិវិធី​ និង​សេរីភាព​នៃ​សារព័ត៌មាន​បាន​ធ្លាក់ចុះ​ ចាប់តាំង​ពី​រដ្ឋប្រហារ​យោធា​កាន់​អំណាច​កាលពី​ឆ្នាំ ២០១៤ មក ដែល​ជា​ការ​កាន់​អំណាច​ដោយ​របប​យោធា​យូរ​ជាងគេ​បំផុត ​នៅក្នុង​ប្រវត្តិសាស្រ្ត​ទំនើប​របស់​ប្រទេសថៃ។

សារព័ត៌មាន​នេះ​បាន​បញ្ជាក់​នៅក្នុង​បទវិចារណកថា ​នាពេល​ថ្មីៗ​នេះ​ថា «ក្រុមសកម្ម​ជន​និង​ក្រុមប្រឆាំង​រាប់រយនាក់​ ដែល​បាន​បញ្ចេញមតិ​របស់​ពួកគេ​ដោយ​សន្តិវិធី​ ត្រូវ​បាន​ចោទប្រកាន់​ថា ​បាន​គំរាមកំហែង​ដល់​សន្តិសុខជាតិ ​និង​បាន​ប្រឈមមុខ​នឹង​ការចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដូចជា​ការបះបោរ​ ប្រព្រឹត្តបទ​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​កុំព្យូទ័រ និង​ប្រមាថ​ព្រះមហាក្សត្រ​ថៃ​ជាដើម។

ការ​ធ្វើ​រដ្ឋប្រហារ​លើកនេះ ​គឺ​ជា​រដ្ឋប្រហារទី១៣​ ចាប់តាំង​ពីឆ្នាំ ១៩៣២ មក​ ដែល​បាន​បណ្តេញ​អតីត​នាយករដ្ឋ​មន្រី្ត​លោកស្រី Yingluck Shinawatra និង​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​អន្តរជាតិ។

ពួកយោធា​សង្ឃឹម​ថា​ ការបោះឆ្នោត​មិន​ទាន់​ចេញ​ជា​លទ្ធផល​នេះ​ នឹង​ជួយ​លុបបំបាត់​ការ​រិះគន់​នានា។ ការបោះឆ្នោត​នៅ​ប្រទេសថៃ​មាន​ទម្រង់​ដូច​ការ​បោះឆ្នោត​កាល​ពី ២០១៥ នៅ​ប្រទេសមីយ៉ាន់ម៉ា ​ដែល​ជា​ប្រទេស​ជិតខាង​ ដែល​ក្តីសង្ឃឹម​នៃ​សេរីភាព​តាម​បែប​លទ្ធិប្រជាធិបតេយ្ យ​ត្រូវ​បាន​គ្របដណ្តប់​ដោយ​របប​យោធា​ដែល​បាន​រក្សា​ឥទ្ធិពល​លើ​រដ្ឋបាល​ស៊ីវិល​ តាមរយៈ​ការកំណត់​យក​អាសនៈ​នៅក្នុង​រដ្ឋសភា​ឲ្យ​យោធា។

មាន​រឿងរ៉ាវ​ជាច្រើន​បាន​កើតឡើង​នៅ​ប្រទេស​នានា​ជាប់​ព្រំដែន​ភាគខាងកើត​ប្រទេសថៃ។

ប្រទេស​កម្ពុជា​បាន​ផ្លាស់ប្តូរ​ទៅ​ជា​រដ្ឋឯកបក្ស​កាល​ពី​ឆ្នាំមុន បន្ទាប់ពី​គណបក្ស​ប្រឆាំង​ដ៏សំខាន់​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ក្នុង​ការបោះឆ្នោត បណ្តាញ​ផ្សព្វផ្សាយ​ត្រូវ​បាន​បិទ​ ហើយ​ពួក​អ្នក​នយោបាយ​ប្រឆាំង​ត្រូវ​បាន​ជាប់ឃុំ។ រឿងរ៉ាវ​ទាំងអស់​នេះ​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ និង​សហគមន៍អឺរ៉ុប ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេសកម្ពុជា។

ប្រទេសឥណ្ឌូណេស៊ី​ក៏​នឹង​រៀបចំ​ការបោះឆ្នោត​នៅ​ខែ មេសា​ នេះ​ នៅ​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី​ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន​ នៅ​ខែក្រោយ​នេះ ​ដែល​នៅ​ទីនោះ​ការបែងចែក​អំណាច​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ គឺ​តុល្យភាព​អំណាច​ត្រូវ​បាន​ធ្លាក់​ចុះ​ ខណៈ​រដ្ឋាភិបាល​ធ្វើ​សង្គ្រាម​បង្ក្រាប​ថ្នាំញៀន។

ប្រទេស​សិង្ហបុរី​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណបក្ស​តែមួយ​ ចាប់តាំង​ពី​ទទួល​បាន​ឯករាជ្យ​កាល​ពីឆ្នាំ ១៩៦៥។

ប្រទេសកុម្មុយនិស្តវៀតណាម​ និង​ប្រទេសឡាវ​ បាន​ចាប់ផ្តើម​បង្ក្រាប​ពួកប្រឆាំង ​ខណៈ​ប្រទេសប្រ៊ុយណេ ​ដែល​កាន់​សាសនា​ឥស្លាម​ បាន​បង្កើត​ច្បាប់​ឥស្លាម​មួយ​ឈ្មោះ​ថា​ច្បាប់ sharia។

លោក David Welsh នាយក​ប្រចាំ​ប្រទេស​នៃ​មជ្ឈមណ្ឌល​សាមគ្គីភាព​នៅ​តំបន់​អាស៊ីអាគ្នេយ៍ Southeast Asia for the Solidarity Center បាន​ថ្លែង​ថា​ សិទ្ធិមនុស្ស​គឺ​ជា​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង ​នៅមុន​ការបោះឆ្នោត ​ហើយ​ថា​ យុទ្ធសាស្រ្ត​ដ៏​សំខាន់​មួយ​របស់​ពួកយោធា​ដែល​លម្អៀង​ទៅ​ខាង​អាជីវកម្ម​ធំៗ ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ។

លោក David Welsh​ បាន​និយាយ​ថា៖ «យុទ្ធសាស្រ្ត​នេះ​ប្រហែល​ជា​ល្អ​សម្រាប់​អាជីវកម្ម​និង​ពាណិជ្ជកម្ម​ ប៉ុន្តែ​មិនល្អ​សម្រាប់​ច្បាប់​ការងារ​និង​ការការពារ​កម្មករ​ទេ។ ទោះ​ណា​ជា​ខ្ញុំ​ពេញចិត្ត​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​នៅ​ប្រទេសម៉ាឡេស៊ី​ក៏ដោយ​ ក៏​យើង​នៅ​តែរង់​ចាំមើល​តទៅ​ទៀត​ដែរ»។

នៅ​ប្រទេសម៉ាឡេស៊ី​មាន​ការលេចចេញ​លទ្ធិប្រជាធិបតេយ្យ​ ពីរបីចំណុច​ក្នុ ង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០​ បន្ទាប់​ពី​តំណាង​ម្ចាស់​បោះឆ្នោត​ ដែល​ធុញទ្រាន់​នឹង​ការ​ចោទប្រកាន់​អំពើ​ពុករលួយ​ បាន​ធ្វើ​ឲ្យ​អ្នកស្ទង់មតិ​ភ្ញាក់ផ្អើល​ និង​បាន​បណ្តេញ​អតីត​នាយក​រដ្ឋមន្រ្តី​លោក Najib Razak ចេញ​ពី​តំណែង​ ហើយ​ឥឡូវនេះ​ លោក​កំពុង​ប្រឈម​នឹង​ការកាត់ទោស។

ក៏ប៉ុន្តែ​ ពួកអ្នកសង្កេតការណ៍​បាន​និយាយថា​ ឱកាស​នៃ​ការ​បាត់​អំណាច​របស់​របប​រដ្ឋប្រហារ​យោធា​ថៃ ​នៅក្នុង​ការបោះឆ្នោត​ ហាក់​ដូចជា​មិន​អាច​ទៅ​រួច​ទេ។ តាម​រដ្ឋធម្មនុញ្ញ​ថ្មី​ នាយក​រដ្ឋមន្រ្តី​ថ្មី​របស់​ប្រទេសថៃ​នឹង​ត្រូវ​ជ្រើសរើស​ដោយ​សភា​ដែល​មាន​អាសនៈ​ចម្រុះ។

សមាជិក​ព្រឹទ្ធសភា​ ២៥០ នាក់ ​នឹង​ត្រូវ​តែងតាំង​ដោយ​យោធា​ ហើយ​ការបោះឆ្នោត​កាល​ពី​ថ្ងៃអាទិត្យ​ គណបក្ស​នយោបាយ​ទាំងអស់​ប្រកួត​គ្នា​ដណ្តើម​យក​អាសនៈ​នៅក្នុង​សភា​តំណាងរាស្រ្ត​តែ​ ៥០០ ​អាសនៈ​តែ​ប៉ុណ្ណោះ។ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​បាន​ភាពលម្អៀង​ខ្លាំង​ទៅលើ​លោក Prayuth Chan-ocha អ្នក​ដែល​ដឹកនាំ​រដ្ឋប្រហារ​ ហើយ​លោក​សង្ឃឹម​ថា​ ការដឹកនាំ​របស់​លោក​នឹង​ក្លាយ​ជា​ស្របច្បាប់​ តាមរយៈ​ការ​ឈរឈ្មោះ​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី។

សម្ព័ន្ធ​សារព័ត៌មាន​អាស៊ីអាគ្នេយ៍​បាន​បង្ហាញ​ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​របស់​លោក ដោយ​បាន​លើកឡើង​អំពី​ការបង្ក្រាប​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ខណៈ​បណ្តាញ​អាស៊ី​សម្រាប់​ការបោះឆ្នោត​សេរី​ បាន​ព្រមាន​អំពី​ភាពមិនប្រក្រតី​នៅមុន​ការ​បោះឆ្នោត។​

ភាពមិនប្រក្រតី​នេះ​ក៏​ត្រូវ​បាន​គូរបញ្ជាក់​ដោយ​អ្នកស្រី Laddawan​ Tantiyitayapitak​ អនុប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​ប្រទេសថៃ​ផងដែរ។ អ្នកស្រី​បាន​និយាយ​ថា ​ការ​ទិញ​សន្លឹក​ឆ្នោត​នៅ​តាម​បណ្តា​ខេត្តក្រីក្រ​ បាន​បង្ក​ជា​បញ្ហា នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ប៉ុន្តែ​កន្លង​មក ​គណៈកម្មការ​បោះឆ្នោត​ថៃ​បានបរាជ័យ​ក្នុង​ការដោះស្រាយ​ពាក្យបណ្តឹង​ទាំងនោះ។

អ្នកស្រី Laddawan បាន​ថ្លែង​បន្ត​ថា៖ «មាន​ការ​ឲ្យ​ប្រាក់​ទៅ​អ្នកបោះឆ្នោត​ពី ១០០បាត ២០០បាត ៣០០បាត រហូត​ដល់ ៥០០បាត​ ហើយ​ឥឡូវ​រហូត​ដល់ ១០០០បាត​ ដើម្បី​ឲ្យ​គេ​បោះឆ្នោត​ឲ្យ»។

អ្នកស្រី Laddawan និយាយ​ទៀត​ថា​ អ្នកបោះឆ្នោត​ក៏ត្រូវ​បាន​រៀបចំ​ជា​ក្រុមធំៗ​ដឹក​តាម​រថយន្ត​ទៅ​បោះឆ្នោត​ នៅ​តាម​មណ្ឌល​បោះឆ្នោត​នានា ​ដែល​ពួកគេ​ត្រូវ​បាន​ណែនាំ​ឲ្យ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​តែមួយ​ដូចៗ​គ្នា ​បន្ទាប់​មក​គណបក្ស​នយោបាយ​បាន​រៀបចំ​ធ្វើ​ពីធី​ជប់លៀង​ឲ្យ​ពួក​អ្នកបោះឆ្នោត​ទាំងនោះ។

អ្នកស្រី Laddawan ថា៖ «ពួកអ្នក​នយោបាយ​មិន​បាន​ដឹងថា ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នេះ​ គឺ​ជា​ទង្វើរ​ខុសច្បាប់​ទេ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ ប្រជាពលរដ្ឋ​មាន​ការ​យល់ដឹង​ថា​ការទិញ​សន្លឹក​ឆ្នោតមិន​សុទ្ធ​តែ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ទាំងអស់​ទេ»។

អ្នកស្រី Laddawan មិន​បាន​ប្រាប់​ឈ្មោះ​គណបក្ស​នយោបាយ​ ដែល​អ្នកស្រី​បាន​និយាយ​ថា​ បាន​ផ្តល់​ប្រាក់​ប្តូរ​នឹង​សន្លឹក​ឆ្នោត​ទេ​ ប៉ុន្តែ​អ្នកស្រី​បាន​បន្ថែម​ថា​ មាន​គណបក្ស​ច្រើន​បាន​ធ្វើ​ដូចនេះ។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីណែនាំ​ដល់​ពលរដ្ឋអាមេរិកាំង​ ដោយ​ព្រមាន​អ្នក​ធ្វើ​ដំណើរ​មិន​ឲ្យ​ចូល​ទៅ​តំបន់​ណា ​ដែល​មាន​ការ​រឹតបន្តឹង​សន្តិសុខ​ និង​មាន​វត្តមាន​យោធា​នៅ​ទូទាំង​ប្រទេស​ ជា​ពិសេស​គឺ​មិន​ឲ្យ​ទៅ​ជិត​មណ្ឌលបោះឆ្នោត​នានា។

សហរដ្ឋអាមេរិក​កំពុង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​គោរព​ច្បាប់​ប្រទេសថៃ ​ដែល​ហាមឃាត់​មិន​ឲ្យ​រិះគន់​ព្រះមហាក្សត្រ​ និង​ជៀសវាងកុំ​ចូល​ទៅ​កន្លែង​ណា​ដែល​មាន​ការជួបជុំ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ និង​តាមដាន​បណ្តាញ​ផ្សព្វផ្សាយ​ថៃ​ និង​អន្តរជាតិ​ទាំង​នៅមុន​ អំឡុងពេល​ និង​ក្រោយ​ការ​បោះឆ្នោត៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា