ក្រុមអ្នកបោះឆ្នោតថៃទៅកាន់មណ្ឌលបោះឆ្នោតនៅថ្ងៃអាទិត្យស្អែកនេះជាលើកដំបូង ក្នុងរយៈពេលជិតប្រាំឆ្នាំ។ អ្នកវិភាគនិយាយថា លទ្ធផលនៃការបោះឆ្នោតនេះអាចមានផលប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍។
ក្រុមប្រឹក្សាយោធានៃប្រទេសថៃបានក្តាប់អំណាចកាលពីខែឧសភា ឆ្នាំ២០១៤ នៅពេលដែលលោក Prayuth Chan-Ocha ដែលនៅពេលនោះជាអគ្គមេបញ្ជាការកងទ័ពថៃ បានដឹកនាំរដ្ឋប្រហារមួយដែលបានទម្លាក់រដ្ឋាភិបាល។ អ្នកជំនាញយល់ឃើញថា ការបោះឆ្នោតក្នុងពេលខាងមុខនេះជាការប្រយុទ្ធមួយរវាងលទ្ធិប្រជាធិបតេយ្យនិងការគ្រប់គ្រងយោធា។
លោក Prayuth បាននិយាយថា ប្រសិនបើលោកឈ្នះឆ្នោត ក្រុមអ្នកបោះឆ្នោតនឹងធ្វើឱ្យប្រទេសលោកដឹកនាំដោយក្រុមប្រឹក្សាយោធាវិលត្រឡប់ទៅជាប្រទេសមួយកាន់«លទ្ធិប្រជាធិបតេយ្យ»។
ប្រទេសថៃជាសមាជិកមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាសមាគមអាស៊ាន ហើយពួកអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្លុកពាណិជ្ជកម្មនេះបានយកចិត្តទុកដាក់ខ្លាំងលើការបោះឆ្នោតនេះ ទោះណាជាសមាគមអាស៊ាន មានគោលនយោបាយមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសនីមួយៗ ហើយមិនសូវធ្វើអត្ថាធិប្បាយអំពីកិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិកឯទៀតៗក៏ដោយ។
កាលពីពេលថ្មីៗនេះ គេហទំព័រ The ASEAN Post បានកត់សម្គាល់ថា សេរីភាពខាងបញ្ចេញមតិ ការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសេរីភាពកាសែតបានចុះថមថយចាប់តាំងពីពេលដែលក្រុមប្រឹក្សាយោធាក្តាប់អំណាចកាលពីឆ្នាំ២០១៤មក ដែលជារយៈពេលយូរបំផុតនៃការគ្រប់គ្រងដោយពួកយោធានៅក្នុងប្រវត្តិសាស្ត្រទំនើបនៃប្រទេសថៃ។
គេហទំព័រ The ASEAN Post បានកត់សម្គាល់នៅក្នុងអត្ថបទបញ្ចេញមតិមួយកាលពីពេលថ្មីៗនេះថា «ចាប់តាំងពីពេលនោះមក សកម្មជននិងអ្នកប្រឆាំងរាប់រយនាក់បានត្រូវហៅថាជាការគំរាមកំហែងដល់សន្តិសុខជាតិ ហើយបានប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌធ្ងន់ធ្ងរ ដូចជាការនាំឲ្យមានបំបះបំបោរ ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការប្រមាថព្រះចេស្តាព្រះរាជា ដោយសារពួកគេបានសម្តែងទស្សនៈរបស់ពួកគេដោយសន្តិវិធី។
រដ្ឋប្រហារនោះដែលជារដ្ឋប្រហារលើកទី១៣ នៅក្នុងប្រទេសថៃចាប់តាំងពីឆ្នាំ១៩៣២មក បានទម្លាក់លោកស្រីនាយករដ្ឋមន្ត្រី Yingluck Shinawatra ពីតំណែង ហើយបានបណ្តាលឱ្យមានការខឹងសម្បាអន្តរជាតិផងដែរ។
ក្រុមយោធាថៃសង្ឃឹមថា ការបោះឆ្នោតនៅថ្ងៃអាទិត្យស្អែកនេះនឹងដោះស្រាយបញ្ហានេះ។ មានរឿងមួយធ្ងន់ធ្ងរជាងនេះបានកើតមានឡើងនៅខាងកើតប្រទេសថៃ។
ប្រទេសកម្ពុជាបានវិលត្រឡប់ជាថ្មីទៅជារដ្ឋមួយមានគណបក្សតែមួយកាលពីឆ្នាំទៅមិញនៅក្រោយគណបក្សប្រឆាំងធំជាងគេបានត្រូវហាមប្រាមមិនឱ្យប្រកួតក្នុងការបោះឆ្នោត បណ្តាញផ្សាយព័ត៌មានឯករាជ្យបានត្រូវបិទ ហើយពួកអ្នកប្រឆាំងខាងនយោបាយបានចាប់ឃុំឃាំងក្នុងពន្ធនាគារ ហើយការណ៍នេះបានបង្កើនលទ្ធភាពនៃការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបលើរបបគ្រប់គ្រងក្រុងភ្នំពេញ៕