លោក Prayut Chan-o-Cha ដែលជាអគ្គមេបញ្ជាការយោធាថៃ កំពុងប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធានាថា គ្មាននរណាម្នាក់អាចប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីរបស់លោកបាន នៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះ ដែលជាការបោះឆ្នោតលើកដំបូងបង្អស់តាំងពីឆ្នាំ ២០១១ មក។
លោក Prayuth និយាយថា ប្រសិនបើលោកឈ្នះ អ្នកបោះឆ្នោតនឹងអាចធ្វើឲ្យប្រទេសថៃ ដែលដឹកនាំដោយរដ្ឋាភិបាលយោធាសព្វថ្ងៃ វិលទៅរករបប «ប្រជាធិបតេយ្យ» វិញ។
ឧបសគ្គគំរាមកំហែងដ៏ធំបំផុតរបស់លោក Prayuth គឺនៅដដែល ដែលនោះគឺក្រុមគ្រួសារត្រកូល Shinawatra ដែលកំពុងនិរទេសខ្លួននៅបរទេស និងនៅលើថាតើលោកអាចគៀងគរការគាំទ្រពីគណបក្សនានាបានគ្រប់គ្រាន់ប៉ុណ្ណា ដើម្បីផ្ដល់ភាពស្របច្បាប់ដល់ការដឹកនាំរបស់លោក។
មនុស្សភាគច្រើនជឿថា លោក Prayuth នឹងអាចក្លាយជានាយករដ្ឋមន្ត្រីម្ដងទៀត។ រដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសថៃ ដែលផ្ដល់សិទ្ធិសម្រេចមិនធ្លាប់មានពីមុនមកដល់ពួកយោធានៅក្នុងការបង្កើតរដ្ឋាភិបាលស៊ីវិល រួមទាំងគណបក្សប្រឆាំងដែលត្រូវបានរារាំងដោយការគ្រប់គ្រងយោធាតឹងតែងរយៈពេល ៥ ឆ្នាំ កន្លងមកនេះ នឹងជួយគាំទ្រដល់ការរំពឹងទុកដូចនេះ។
ដូចដែលអង្គការក្រុមប្រឹក្សាទំនាក់ទំនងបរទេស (Council on Foreign Relations) ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះកត់សម្គាល់ដូច្នេះដែរថា៖ «ព្រះរាជាណាចក្រថៃមើលទៅទំនងជាមិនអាចដោះស្រាយភាពតានតឹងនយោបាយរបស់ខ្លួនបានទេ ទោះបីជាលទ្ធផលនៃការបោះឆ្នោតនេះទៅជាយ៉ាងណាក៏ដោយ។ ផ្ទុយមកវិញ ប្រទេសថៃទំនងជាឈានទៅរកអស្ថិរភាពនយោបាយដែលកំពុងបន្តសព្វថ្ងៃ ទោះបីជាអស្ថិរភាពនោះអាចកើតឡើងក្នុងទម្រង់ផ្សេងពីនេះ ដែលផ្អែកលើលទ្ធផលនៃការបោះឆ្នោតខាងមុខនេះក៏ដោយ»។
ពលរដ្ឋថៃប្រហែល ៥២ លាននាក់ នឹងចេញទៅបោះឆ្នោតជ្រើសរើសរដ្ឋសភាដែលមានអាសនៈចំនួន ៥០០។ សមាជិករដ្ឋសភាចំនួន ៣៥០ នាក់ នឹងត្រូវជ្រើសរើសដោយផ្ទាល់ ហើយសមាជិកចំនួន ១៥០ នាក់ទៀតនឹងត្រូវជ្រើសរើសផ្អែកលើប្រជាប្រិយភាពរបស់គណបក្ស។ ចំណែកឯសមាជិកទាំង ២៥០ នាក់នៃព្រឹទ្ធសភាវិញ នឹងត្រូវតែងតាំងដោយផ្ទាល់ដោយយោធាថៃ។
ករណីនេះផ្ដល់ប្រយោជន៍ដល់លោក Prayuth និងដល់គណបក្ស Phalang Pracharat របស់លោក។ នាយករដ្ឋមន្ត្រីថ្មីនឹងត្រូវជ្រើសរើសនៅក្នុងអង្គប្រជុំរួមរបស់រដ្ឋសភា និងព្រឹទ្ធសភា។ ហេតុដូច្នេះហើយ គណបក្សរបស់លោក Prayuth ត្រូវការឈ្នះអាសនៈតែ ១២៦ ប៉ុណ្ណោះ ដើម្បីឲ្យលោកអាចធ្វើជានាយករដ្ឋមន្ត្រីបាន។ ចំណែកឯគណបក្សនយោបាយដទៃទៀតត្រូវការអាសនៈយ៉ាងតិច ៣៧៦។
លោក Titipol Phakdeewanich ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Ubon Ratchathani បាននិយាយថា គណបក្សប្រឆាំងណាមួយក៏ដោយទំនងជាមិនអាចទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់ ដើម្បីជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួននោះទេ។
លោក Phakdeewanich បញ្ជាក់ដូច្នេះថា៖ «វាប្រាកដជាលំបាក ដោយសារតែរដ្ឋធម្មនុញ្ញបានជួយលោក Prayuth ឲ្យនៅកាន់អំណាចដដែល ដោយសារតែរដ្ឋធម្មនុញ្ញនេះបានផ្ដល់អំណាចដល់សមាជិកព្រឹទ្ធសភាឲ្យបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោត។ ដូច្នេះ តើនរណាជាអ្នកសម្រេចលើរឿងនេះ? យើងឃើញថា មិនត្រឹមតែរដ្ឋសភាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្រឹទ្ធសភាផងដែរ ដែលមានអំណាចនៅក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី»។
បេក្ខជនតំណាងរាស្ត្រជាង ២ ពាន់ ៧ រយនាក់ មកពីគណបក្សនយោបាយជិត ៨០ នឹងចូលរួមប្រកួតនៅក្នុងការបោះឆ្នោតនេះ។ គណបក្ស Phalang Pracharat អាចមានជម្រើសចងសម្ព័ន្ធភាពជាមួយនឹងគណបក្ស Ruam Palang Prachachat Thai និងគណបក្សកំណែទម្រង់របស់ប្រជាពលរដ្ឋ (People's Reform Party)។
ការប្រឈមដ៏ធំបំផុតរបស់លោក Prayuth នឹងកើតចេញពីគណបក្ស Pheu Thai ដែលគាំទ្រដោយគ្រួសារត្រកូល Shinawatra ដែលជាមានប្រជាប្រិយភាពនៅតំបន់ជនបទ និងកើតចេញពីគណបក្សអនាគតឆ្ពោះទៅមុខ (Future Forward Party) ដែលដឹកនាំដោយលោក Thanathorn Juangroongruangkit ដែលជាសហគ្រិនវ័យក្មេងម្នាក់ ដែលសង្ឃឹមថានឹងទទួលបានការគាំទ្រពីអ្នកបោះឆ្នោតដែលជាយុវជន។
ប៉ុន្តែលោក Titipol បាននិយាយថា ករណីនេះមិនប្រាកដថានឹងកើតឡើងដូចនេះទេ។
លោក Titipol និយាយដូច្នេះថា៖ «នៅពេលដែលយើងនិយាយអំពីអ្នកមានសិទ្ធិបោះឆ្នោតថ្មីចំនួនពី ៧ ទៅ ៨ លាននាក់នេះ គឺថា ពួកគេរួមចំណែកយ៉ាងពិតប្រាកដច្រើនណាស់ចំពោះអនាគតនៃលទ្ធិប្រជាធិបតេយ្យ ប្រសិនបើពួកគេចេញទៅបោះឆ្នោត។ ប៉ុន្តែ ករណីនេះមិនមែនមានន័យថា ពួកគេទាំងអស់នឹងបោះឆ្នោតឲ្យគណបក្សអនាគតឆ្ពោះទៅមុខនោះទេ។ យុវជនខ្លះក្នុងចំណោមនោះបានធំដឹងក្ដីនៅក្នុងសម័យដែលគណបក្ស Pheu Thai កាន់អំណាច»។
ការបោះឆ្នោតនេះត្រូវបានពន្យារពេលម្ដងហើយម្ដងទៀត តាំងពីលោក Prayuth ទម្លាក់អ្នកស្រី Yingluck Shinawatra ចេញពីតំណែងជានាយករដ្ឋមន្ត្រីនៅក្នុងការធ្វើរដ្ឋប្រហារឆ្នាំ ២០១៤ បន្ទាប់ពីមានភាពចលាចលនយោបាយអស់រយៈពេលជាច្រើនខែ និងការសម្រេចរបស់តុលាការធម្មនុញ្ញនៅក្នុងការដកអ្នកស្រី Yingluck ចេញពីតំណែងក្រោមហេតុផលថាអ្នកស្រីរំលោភអំណាចមក។
លោក Thaksin ដែលជាបងប្រុសរបស់អ្នកស្រី Yingluck ត្រូវបានពួកយោធាទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ ២០០៦ គឺ ៨ ឆ្នាំ មុនពេលអ្នកស្រី Yingluck ត្រូវបានទម្លាក់ពីតំណែង។
អ្នកទាំងពីរកំពុងរស់នៅនិរទេសខ្លួនឯបរទេស ស្របពេលដែលមានការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយ។ ទោះបីជាដូច្នេះក៏ដោយ គណបក្សដែលមានសម្ព័ន្ធភាពជាមួយនឹងគ្រួសារត្រកូល Shinawatra នេះ បានឈ្នះគ្រប់ការបោះឆ្នោតទាំងអស់តាំងពីឆ្នាំ ២០០១ មក។
អ្នកវិភាគនានានិយាយថា គណបក្ស Pheu Thai និងគណបក្សនានាដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវគេរំពឹងថាអាចឈ្នះបានអាសនៈច្រើនបំផុតចំនួន ១៦០ ដោយមានការកើនឡើងចំនួន ៧០ អាសនៈ តាមរយៈការចងសម្ព័ន្ធភាព។ ចំនួននេះគឺមិនគ្រប់គ្រាន់ដើម្បីអាចបង្កើតរដ្ឋាភិបាលបាននោះទេ។
ប៉ុន្តែ គណបក្សអ្នកប្រជាធិបតេយ្យ (Democrat Party) នៅតែចូលរួមដដែល។ លោក Abhisit Vejjajiva ដែលជាមេដឹកនាំរបស់គណបក្សនេះ និងជាអតីតនាយករដ្ឋមន្ត្រីថៃ បាននិយាយថា លោកនឹងមិនគាំទ្រឲ្យលោក Prayuth ធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ទេ។
សម្រាប់គណបក្សផ្សេងៗដែលប្រឆាំងនឹងពួកយោធា ដូចជាគណបក្ស Pheu Thai គណបក្សអ្នកប្រជាធិបតេយ្យ និងគណបក្សអនាគតឆ្ពោះទៅមុខជាដើម ដើម្បីឈ្នះលោក Prayuth ពួកគេត្រូវតែឈ្នះរួមគ្នាក្នុងសំឡេងភាគច្រើន។
អ្នកតាមដានស្ថានការណ៍នានាបញ្ជាក់ថា ករណីនេះគឺមិនអាចទៅរួចនោះទេ ហើយវាស្ទើរតែមិនអាចទៅរួចទៅទៀតសម្រាប់គណបក្សទាំងនោះនៅក្នុងការរួមគ្នាបង្កើតសម្ព័ន្ធភាពគណបក្សដ៏ធំមួយ។ អ្នកតាមដានស្ថានការណ៍ទាំងនោះបានកត់សម្គាល់ឃើញថា លោក Thaksin និងពួកប្រជាធិបតេយ្យគឺជាសត្រូវធម្មជាតិ ហើយគណបក្សអនាគតឆ្ពោះទៅមុខផ្ដល់នូវជម្រើសផ្សេងផ្ទុយពីនយោបាយផ្អែកលើលក្ខណៈសម្គាល់ជាពណ៌ដែលបានប្រើកាលពីមុខដូចជាពួកអាវក្រហម និងពួកអាវលឿងនេះជាដើម។
ពួកគេនិយាយថា លោក Abhisit អាចទទួលបានជ័យជម្នះតិចតួចដែលគ្រាន់តែធ្វើឲ្យលោកមិនបាក់មុខតែប៉ុណ្ណោះ ប្រសិនបើលោក Prayuth ស្ទាក់ស្ទើរ និងត្រូវការសំឡេងឆ្នោតដែលលោកទទួលបាន។ អ្នកប្រជាធិបតេយ្យដែលមានគំនិតកំណែទម្រង់អាចសម្រេចធ្វើសម្បទានដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដែលនេះគឺជាជម្រើសប្រសើរជាងនេះ។
លោក Chris Baker ដែលជាប្រវត្តិវិទូ និងជាអ្នកនិពន្ធម្នាក់នៃសៀវភៅដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រប្រទេសថៃ (A History of Thailand)» បាននិយាយថា ការស្ទង់មតិនានាបានបង្ហាញថា មនុស្សជាងពាក់កណ្ដាលដែលចូលរួមនៅក្នុងការស្ទង់មតិ មិនទាន់សម្រេចចិត្តអំពីថាតើពួកគេនឹងបោះឆ្នោតឲ្យនរណានៅឡើយទេ។
លោក Baker បានធ្វើការប្រៀបធៀបការបោះឆ្នោតនៅប្រទេសថៃនេះជាមួយនឹងការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក ការបោះឆ្នោតនៅក្នុងប្រទេសបារាំង និងដំណើរការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប។
លោកបានចោទជាសំណួរថា៖ «ចំណុចសំខាន់នៅក្នុងការស្វែងយល់អំពីការបោះឆ្នោតនេះគឺថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតផ្ដោតលើអារម្មណ៍ជាងលើភាពត្រឹមត្រូវ។ ករណីនេះគឺដូចយើងបានឃើញស្រាប់ហើយកន្លងមកអំពីការបោះឆ្នោតឲ្យប្រធានាធិបតីអាមេរិកលោក Donald Trump ការបោះឆ្នោតចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប និងការបោះឆ្នោតឲ្យប្រធានាធិបតីបារាំងលោក Emmanuel Macron។ លទ្ធផលនៃការបោះឆ្នោតទាំងនេះគឺកើតចេញពីអារម្មណ៍របស់អ្នកបោះឆ្នោត។ ដូច្នេះវាក៏អាចកើតឡើងនៅក្នុងការបោះឆ្នោតនៅប្រទេសថៃនេះផងដែរ»។
ស្ថានការណ៍ឈានដល់ការបោះឆ្នោតលើកនេះគឺមានភាពប្រទាំងប្រទើស។
គណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃបានសម្រេចមិនចាត់ទុកលោក Prayuth ថាជា «មន្ត្រីរដ្ឋ» ដែលកន្លងមក ការចាត់ទុកដូច្នេះអាចរារាំងលោក Prayuth មិនឲ្យចូលរួមប្រកួតនៅក្នុងការបោះឆ្នោត។ គណៈកម្មការនេះក៏បានសម្រេចផងដែរថា លោក Thanathorn នៃគណបក្សអនាគតឆ្ពោះទៅមុខ មិនរងការចោទប្រកាន់រឿងបង្ហោះព័ត៌មានមិនពិតលើអ៊ីនធឺណិតនោះទេ។
គណបក្ស Thai Raksa Chart ដែលជាគណបក្សមានទំនោរទៅរកគ្រួសារត្រកូល Shinawatra មិនមានសំណាងនោះទេ។ គណបក្សនេះត្រូវបានរំលាយ ហើយសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃគណបក្សនេះ ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល ១០ ឆ្នាំ បន្ទាប់ពីពួកគេព្យាយាមតែងតាំងព្រះអង្គម្ចាស់ក្សត្រី Ubolratana Mahidol ជាបេក្ខជននាយករដ្ឋមន្ត្រី។
តាំងពីឆ្នាំ ១៩៣២ មក ប្រទេសថៃបានឆ្លងកាត់ការធ្វើរដ្ឋប្រហារយោធាយ៉ាងតិច ១៣ លើក៕
ប្រែសម្រួលដោយ ភី សុភាដា