ការ​ធ្វើ​ឲ្យ​ជន​ស៊ី​វិល​ដាច់​ពោះ​ស្លាប់​នៅ​ក្នុង​ប្រទេស​ស៊ីរី​អាច​ជា​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម

រូបឯកសារ៖ ក្មេងៗ​កំពុង​លេង​នៅ​ជិត​អាគារ​បាក់​បែក​នៅ​​ក្រុង Ghouta ដែល​នៅ​ជិត​ក្រុង​ដាម៉ាស់ ប្រទេស​ស៊ីរី កាលពី​ខែ​កក្កដា។

លោក​ Zeid Ra’ad Al Hussein​ ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ស៊ីរី​ពីការ​បដិសេធ​មិន​ឲ្យផ្គត់​ផ្គង់​ម្ហូប​អាហារ​និង​គ្រឿង​បរិក្ខា​ពេទ្យ​បាន​ទៅ​ដល់​ជន​ស៊ីវិល​រាប់​សែន​នាក់​ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ​នៅ​ទីក្រុង​ Ghouta ភាគ​ខាង​កើត​ ដែល​ស្ថិត​នៅ​ខាង​ក្រៅ​រដ្ឋ​ធានី​ដាម៉ាស។

ទីក្រុង Ghouta ខាង​កើត​ បាន​ស្ថិត​នៅ​ក្នុង​ការ​ឡោមព័ទ្ធ​ដោយ​កងទ័ព​ស៊ីរី​អស់​រយៈ​ពេល​ជាង​៤​ឆ្នាំ ជន​ស៊ី​វិល​យ៉ាង​ហោច​ណាស់​ក៏​៣សែន​៥ម៉ឺន​នាក់​បាន​ជាប់​គាំង​នៅ​ទី​នោះ​ដោយ​គ្មាន​ជំនួយ​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត។

លោក​ Zeid Ra’ad Al Hussein​ ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​ស​ហប្រជាជាតិបាន​ហៅ​ការ​បដិសេធ​ពុំ​ព្រម​អនុញ្ញាត​ឲ្យផ្គត់​ផ្គង់​ម្ហូប​អាហារ​និង​គ្រឿង​បរិក្ខាពេទ្យ​ចូល​ក្នុង​តំបន់​នោះ​ជា​ការ​ខឹង​សម្បា​មួយ។ លោក​និយាយ​ទៀត​ថា ​រូបភាព​ដ៏​រន្ធត់ពី​កុមារ​ខ្វះ​អាហារ​រូបត្ថម្ភ​ដែល​បាន​លេច​ចេញ​ឡើង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បង្ហាញ​ថា ​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ Ghouta​ កំពុង​ប្រឈម​វិបត្តិ​មនុស្ស​ធម៌។

លោក Rupert Colville ​អ្នកនាំ​ពាក្យស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​ស​ហប្រជាជាតិ ​បាន​និយាយថា ​ក្រុម​ប្រដាប់​អាវុធ​ផ្សេងៗ​ដែល​ត្រួត​ត្រា​តំបន់​នោះ​ក៏កំពុង​ជ្រៀត​ជ្រែក​ការងារ​របស់​អង្គការ​មនុស្សធម៌​ដែរ។ លោក​និយាយ​ទៀត​ថា ​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ទាំង​នោះ​ក៏​បាន​កម្រិត​សមត្ថភាព​របស់​ជន​ស៊ី​វិល​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរដោយ​សេរី​នៅ​ក្នុង​តំបន់​នោះ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។

លោក​ Colville​ និយាយថា ​ជំនួយ​របស់អង្គការ​សហប្រជាជាតិ​បាន​ទៅ​ដល់​ទីក្រុង​ Ghouta ខាង​កើត​កាល​ពី​ចុង​ខែ​កញ្ញា។ ទោះ​ជាយ៉ាង​ណាក៏​ដោយ ​លោក​និយាយ​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​ស៊ីរីបាន​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ម្ហូបអាហារ​និង​ជំនួយ​សង្គ្រោះ​ផ្សេង​ទៀត​ដល់​មនុស្ស​២ម៉ឺន​៥​ពាន់​នាក់​នៅ​ក្នុង​ទីក្រុង​៣៕